ជាតិ
កម្ពុជា-ជប៉ុន រៀបព្រឹត្តិការណ៍ចំនួន១៣រួមគ្នា ដើម្បីសាទរខួបទី៦៥នៃទំនាក់ទំនងការទូត
× ភ្នំពេញ៖ ខែមិត្តភាពកម្ពុជា-ជប៉ុន(Cambodia-Japan Friendship Month) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៩តុលា ដល់ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៨។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីចំនួន១៣កើតឡើង ដើម្បីចូលរួមអបអរខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។ នេះជាការលើកឡើងរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦តុលានេះ។
កម្មវិធីទាំង១៣ នៅក្នុងព្រឹត្តិការណ៍ដ៍ធំនោះ មាន៖
កម្មវិធីទី១ គឺជាសន្និសីទ ASCOJA ដោយជួបជុំអតីតនិស្សិតអាស៊ាន(អាស៊ាន+ជប៉ុន) ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ចំនួន៣ថ្ងៃ នៅខេត្តសៀមរាប។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដែលមាននិស្សិតអាស៊ានជាង៣០០នាក់ចូលរួម។
កម្មវិធីទី២ ពិព័រណ៍សិក្សានៅប្រទេសជប៉ុន ធ្វើឡើងនៅថ្ងៃទី២០តុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងថ្ងៃទី២១តុលា នៅផ្សារទំនើប អ៊ីអន២ នឹងមានមហោស្រព បុងអូដូរី (Bon Odori Festival)។ នេះជាកម្មវិធីទី៣។
កម្មវិធី៤ ជាប្រកួតជ្រើសរើសបេក្ខជន តាមរយៈបទបង្ហាញ«អនាគតកម្ពុជា៣០ឆ្នាំក្រោយ»។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៥តុលា នៅCJCC។ Let’s Cosplay លើកទី៥ នៅCKCC ជាកម្មវិធីទី៥ ធ្វើឡើងនៅថ្ងៃទី២៨តុលា។ ដោយឡែកនៅថ្ងៃទី៣១តុលា កម្មវិធីទី៦ ជាការប្រគល់កង់នៅវត្តឈូកវ៉ា ដោយរៀបចំដោយមូលនិធិគ្រប់គ្រងចំណត់កង់ជប៉ុន រួមជាមួយកម្មវិធីទី៧ ការប្រកួតបាល់ទាត់មិត្តភាពយុវជនកម្ពុជា-ជប៉ុននៅស្តាតអូឡាំពិក។
ចំពោះថ្ងៃទី៣វិច្ឆិកា ជាកម្មវិធី៨ ការប្រគំតន្ត្រីតូយ៉ូតាក្លាសិកឆ្នាំ២០១៨ នៅសាលចតុមុខ និងថ្ងៃទី៤វិច្ឆិកាមានពិធីរាំវង់អុដូរី នៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ជាកម្មវិធីទី៩។
ចាប់ពីថ្ងៃទី៨-១១វិច្ឆិកា មានកម្មវិធី មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន១ និងមានពិព័រណ៍ទេសចរណ៍ជប៉ុន នៅផ្សារទំនើបអ៊ីអន២។ ចាប់ពីថ្ងៃទី១៦-១៨វិច្ឆិកា កម្មវិធីមហោស្រពភាពយន្តជប៉ុនដដែល ធ្វើឡើងនៅខេត្តសៀមរាប។
ដោយឡែក គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន ដែលរៀបចំដោយអង្គការជប៉ុននានានៅកម្ពុជា ក៏ធ្វើឡើងនៅថ្ងៃចុងក្រោយ ទី១៨វិច្ឆិកាដែរ៕
Tag:
មិត្តភាព
ស្ថានទូតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com