ជាតិ
ស.ស.យ.ក៖ព្រឹត្តិការណ៍«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» នឹងធ្វើឲ្យយុវជនយល់ការលះបង់របស់អ្នកជំនាន់មុន
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី ១ ធ្នូ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាប់ផ្ដើមព្រឹត្តិការណ៍ថ្មីមួយ គឺព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីរម្លឹកខួប៤០ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជាថ្ងៃទី ២ ធ្នូ ១៩៧៨។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរថ្មើរជើងរួមគ្នា ក្នុងចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ឆ្ពោះទៅស្រុកស្នួល នៃខេត្តក្រចេះ។
«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ជាព្រឹត្តិការណ៍ថ្មីមួយ ដែលរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នា ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេសការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងលើចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដើម្បីរម្លឹកខួប៤០ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជាថ្ងៃទី ២ ធ្នូ ១៩៧៨។ ខួបនេះ នឹងរម្លឹកដល់ការតស៊ូរបស់យុវជនជំនាន់មុន ជាពិសេសការចងចាំនូវប្រវត្តិសាស្ត្ររបស់ខ្មែរ។ លោក ហ៊ុន ម៉ានី បន្ថែមថា ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យយុវជននឹកឃើញ និងស្រមើស្រមៃពីការតស៊ូរបស់យុវជនជំនាន់មុន ដែលបានលះបង់ដើម្បីប្រទេសជាតិ។
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃ ស.ស.យ.ក បានបញ្ជាក់ថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្រ្ត» នេះ នឹងបើកឱកាសដល់យុវជន និងមហាជនប្រមាណ ៥០០នាក់ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ។ ប្រធានក្រុមការងារប្រតិបត្តិរូបនេះ បន្តថា អ្នកចូលរួមត្រូវមានអាយុចន្លោះពី ១៨ ទៅ៤៥ឆ្នាំ មានកាយសម្បទារឹងមាំ មានសុខភាពផ្លូវចិត្តប្រក្រតី គោរពតាមបទបញ្ជាផ្ទៃក្នុងនៃព្រឹត្តិការណ៍ ដោយឆ្លងកាត់ការវិនិច្ឆ័យ និងការសម្ភាសផ្ទាល់មាត់ពីក្រុមការងាររៀបចំ។
ព្រឹត្តិការណ៍នេះ លើកទឹកចិត្តយុវជនទាំងអស់ ឲ្យមានសកម្មភាពកសាងក្រុម, ការដើររួមគ្នា, ការចំអិនអាហាររួមគ្នា, ការបោះជំរំ, ការដុតភ្លើងគប់ និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ក្នុងព្រឹត្តិការណ៍នេះ នឹងបែងចែកជាក្រុម ដោយធ្វើដំណើរនៅលើដងផ្លូវមួយដែលមានចម្ងាយ ៤០គីឡូម៉ែត្រ។ ការធ្វើដំណើរនេះ នឹងចំណាយពេលវេលាប្រមាណ ២ថ្ងៃ ១យប់ និង មួយថ្ងៃទៀតសម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍ ២ធ្នូ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ អ្នកចូលរួមត្រូវបង់វិភាគទានចូលរួមចំនួន ១០ដុល្លារ ដោយមានប្រាក់តម្កល់ចំនួន ៩០ដុល្លារបន្ថែម។ ប្រាក់តម្កល់ នឹងប្រគល់ជូនអ្នកចូលរួមវិញ ក្រោយចប់កម្មវិធីដរាបណាអ្នកចូលរួមទាំងអស់បានអនុវត្តពេញលេញនូវបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ព្រឹត្តិការណ៍តាមការព្រមព្រៀង។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះ តទៅ និងប្រកាសលទ្ធផលនៅសប្ដាហ៍ទី ១នៃខែវិច្ឆិកា៕
Tag:
ស.ស.យ.ក
ក្រចេះ
ប្រវត្តិសាស្ត្រ
២ធ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com