អន្តរជាតិ
អាមេរិក ចំណាយ​ជិត​៣៩០​លាន​ដុល្លារ​ដើម្បី​ជួយ​វៀតណាម​សម្អាត​ម្សៅ​លឿង​ក្នុងសម័យ​សង្គ្រាម​
17, Oct 2018 , 11:10 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស នៅអតីតមូលដ្ឋាន Bien Hoa (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស នៅអតីតមូលដ្ឋាន Bien Hoa (រូបភាព AFP)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស កំពុង​ស្ថិតនៅ​ទឹកដី​វៀតណាម​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៨ ។ អាច​ថា នេះ​ជា​រឿង​កម្រ​មួយ​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​ធ្វើដំណើរ​ទស្សនកិច្ច​ញឹកញាប់​នៅ​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​។ លោក ម៉ា​ធី​ស បានធ្វើ​ទស្សនកិច្ច​អតីត​មូលដ្ឋាន​យោធា​អាមេរិក​នៅ Bien Hoa ដែលជា​ឃ្លាំង​ស្តុក​ម្សៅ​លឿង​ប្រើ​ក្នុង​សង្គ្រាម​វៀតណាម​។ ចាប់ពី​ឆ្នាំក្រោយ អាមេរិក​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការសម្អាត​សា​ធាតុគីមី​នេះ និង​គ្រោង​ចំណាយ​ទឹកប្រាក់​៣៩០​លាន​ដុល្លារ​។​

 
​នៅ​ថ្ងៃទី​១៧ ខែតុលា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានធ្វើ​ដំណើរ​ទៅកាន់​ព្រលានយន្តហោះ Bien Hoa ដែលជា​អតីត​មូលដ្ឋាន​ទាហាន​អាមេរិក​ក្នុងសម័យ​សង្គ្រាម​វៀតណាម​។ មូលដ្ឋាន​នេះហើយ​ជាទី​ឃ្លាំង​ស្តុក​ម្សៅ​លឿង​ដ៏​ធំ​របស់​យោធា​អាមេរិក ដែល​សា​ធាតុគីមី​នេះ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​វៀតណាម​រាប់សិប​ឆ្នាំ​មកនេះ​ដូចជា​ជំងឺមហារីក និង​អវយវៈ​មិន​គ្រប់គ្រាន់​ពី​កំណើត​ជាដើម​។​
 
​កាលពី​សង្គ្រាម​វៀតណាម​ដែល​អាមេរិក​ដកទ័ព​នៅ​ឆ្នាំ​១៩៧៣ យោធា​អាមេរិក​បាន​យក​ទីតាំង​ព្រលានយន្តហោះ​នៅក្បែរ​ទីក្រុង​ហូជីមិញ ដើម្បី​ស្តុក និង​ប្រើប្រាស់​ម្សៅ​ពុល​មួយ​នេះ​។ សព្វថ្ងៃ​គេ​បារម្ភ​ថា សារធាតុ​នេះ​បាន​ជ្រាបចូល​ទៅក្នុង​ដី ទឹក ទន្លេ និង​សង្វាក់​ផលិតកម្ម​អាហារ​។ ឥទ្ធិពល​អាក្រក់​លាក់ខ្លួន​ក្នុង​ចំណីអាហារ​នេះ ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ជាច្រើន​ជំនាន់​រងគ្រោះ​។ មនុស្ស​វ័យក្មេង​ជាច្រើន​មាន​បញ្ហា​ពិការភាព​ផ្នែក​បញ្ញា និង​កាយសម្បទា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ឆ្នាំក្រោយ​អាមេរិក​នឹង​ចាប់ផ្ដើម​ដំណើរ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​អតីត​មូលដ្ឋាន Bien Hoa រយៈពេល​១០​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​។ មន្ត្រី​អាមេរិក​បាន​និយាយថា ការសន្យា​សម្អាត​ទីតាំង​ស្តុក​សារធាតុ​គីមី​ដែល​ផ្ដើមគំនិត​ដោយ​អតីត​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹងត្រូវ​ចំណាយ​ទឹក​ប្រមាណ​៣៩០​លាន​ដុល្លារ​ឯណោះ​។    
 
​លោក ម៉ា​ធី​ស ដែលមាន​បងប្រុស​ជា​កងទ័ព​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ដែរនោះ​និយាយថា អាមេរិក​បាន​សន្យា​ជួយ​វៀតណាម ដូចនេះ​អាមេរិក​នឹង​រក្សា​សម្ដី​របស់ខ្លួន​ក្នុង​ការជួយ​ធ្វើ​ឲ្យ​ប្រសើរ​រឿង​ពី​អតីតកាល​។ លោក​បន្តថា លោក​នឹង​រៀបរាប់​ប្រាប់​សភា​អាមេរិក​ពី​រឿងរ៉ាវ​ដែល​លោក​បានឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ Bien Hoa នៃ​អតីត​រដ្ឋធានី​វៀតណាម​ខាងត្បូង ដែល​អាមេរិក​ជួយ​គាំទ្រ​រហូត​ដួលរលំ​នៅ​ឆ្នាំ​១៩៧៥ ។​
 
​សូមបញ្ជាក់ថា យោធា​អាមេរិក​បាន​បាច​ម្សៅ​លឿង​នេះ​រហូតដល់​ទៅ​៨០​លាន​លីត្រ​ពីលើ​ទឹកដី​វៀតណាម​ខាងត្បូង​ចន្លោះ​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​១៩៧១ សំដៅ​ទប់ស្កាត់​ក្រុម​កុម្មុយនីស្ត​វៀត​កុង ដែល​ប៉ុន​ប៉ង​ដណ្ដើម​វៀតណាម​ខាងត្បូង​វិញ​។ ទាហាន​របស់​វៀតណាម​ខាងជើង​បាន​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាមឈ្លប ដោយ​លាក់ខ្លួន​ក្រោម​ស្លឹកឈើ​ដើម្បី​បាំង​ភ្នែក​ទាហាន​អាមេរិក​។ សារធាតុ​គីមី​នេះ​ធ្វើ​ឲ្យ​វៀត​កុង​ពិបាក​រក​កន្លែង​លាក់ខ្លួន តែ​ឥទ្ធិពល​របស់​វា​បន្ត​ដល់​សព្វថ្ងៃ​៕ 

Tag:
 ​អាមេរិក​
  វៀតណាម​
  ជេ​ម ម៉ា​ធី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com