ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទៅដល់​អឺរ៉ុប សម្តេច ហ៊ុន សែន ឆ្លៀត​ឌឺ​ឲ្យ​អ្នកប្រឆាំង
17, Oct 2018 , 4:40 pm        
រូបភាព
 សម្តេច ហ៊ុន សែន ថតសែលហ្វីជាមួយប្រជាពលរដ្ឋ នៅទីក្រុងព្រុច​សែ​ល ប្រទេស​បែ​លហ្ស៊ិក។ រូបពីទំព័រហ្វេសប៊ុ​កសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ថតសែលហ្វីជាមួយប្រជាពលរដ្ឋ នៅទីក្រុងព្រុច​សែ​ល ប្រទេស​បែ​លហ្ស៊ិក។ រូបពីទំព័រហ្វេសប៊ុ​កសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​អតីត​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស បានត្រឹមតែ​ធ្វើជា​តំណាង​នៅតាម​ចិញ្ចើមថ្នល់​ប៉ុណ្ណោះ​។ ពេល​ដល់​ប្រទេស​បែលហ្ស៊ិក នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រើ​សម្តី​បែបនេះ ដើម្បី​ចំអក​ឲ្យ​ក្រុមប្រឆាំង​។​

  
 
​ពេល​ចុះ​ពីលើ​យន្តហោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន ដែល​រស់នៅក្នុង​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​លហ្ស៊ិក នាំគ្នា​ទៅ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រាក់ទាក់​។ ក្នុងចំណោម អ្នកគាំទ្រ​ទាំងនោះ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ពោល​សរសើរ​នៅ​ចំពោះមុខ​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេច​ជា​វីរបុរស ដែល​តំណាង​ឲ្យ​ប្រជាជន​យើងទាំងអស់គ្នា​។ អ៊ីចឹង យើង នាំគ្នា​លះបង់ ដើម្បី​ប្រទេសជាតិ​យើង​»​។ 
 
​ភ្លាមនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ឆ្លើយ​ទៅវិញ​ថា​៖«​មាន​តំណាង​មួយ​ទៀត នៅតាម​ចិញ្ចើមថ្នល់ ហើយ​គេ នាំគ្នា​ស្រែក​»​។ និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង ស្រាប់តែ​បុរស​ជា​អ្នកគាំទ្រ​ដដែល បន្ថែមថា​៖«​នុ៎ង ជា​ពួក​តំណាង​ក្រៅច្បាប់​»​។ 
 
​ក្រោយមក មេ​ដឹ​កនាំ​កម្ពុជា ក៏​ឆ្លៀត​បន្ថែម​ឃ្លា​ចុងក្រោយ​ថា​៖«​យើង អង្គុយ​ប្រជុំ​ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា តែ​តំណាង​មួយទៀត ជា​តំណាង​នៅតាម​ចិញ្ចើមថ្នល់​។ វា គឺជា​សិទ្ធិ​របស់គេ​»​។ 
 
​ការ​ចំអក​ដោយ​ប្រយោល​របស់​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច គឺ​ចង់​សំដៅទៅ​កាន់​អតីត​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស ដែលមាន​លោក សម រង្ស៊ី ជា​បង្គោល​។ យ៉ាងណាក៏ដោយ ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​គណៈប្រតិភូ​កម្ពុជា ពុំមាន​ក្រុម​អ្នកប្រឆាំង​ឡើយ​។ 
 
​យន្តហោះ​របស់​គណៈប្រតិភូ​កម្ពុជា បាន​ទៅដល់​ទីក្រុង​ព្រុចសែ​ល នៅ​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ដែល​ត្រូវជា​ម៉ោង​ប្រមាណ​ជា​១​រសៀល នៅ​កម្ពុជា​។ បើតាម​ការផ្សាយ​ផ្ទាល់ (Live ) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Fresh News ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ទីក្រុង​ព្រុច​សែ​ល បាននាំគ្នា​ចាប់ដៃ​ផង ឱប​ផង និង​សុំ​ថត​ជាមួយ ដោយ​ទឹកមុខ​ញញឹម​ញញែម​។  
 
​គណៈប្រតិភូ​កម្ពុជា ទៅ​ប្រទេស​បែលហ្ស៊ិក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២​។ បន្ទាប់មក គណៈប្រតិភូ​កម្ពុជា នឹង​បន្តទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ២២ ខែតុលា​។  
 
​ក្រោយ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួក​គី​រួចហើយ គណៈប្រតិភូ​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម​។ តាម​ការគ្រោងទុក គណៈប្រតិភូ​កម្ពុជា នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៥ ខែតុលា​។ 
 
​ក្រុម​អ្នកប្រឆាំង តែង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម ឲ្យ​តែ​សម្តេច ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ប្រជុំ​នៅតាម​បណ្តា​ប្រទេស​នានា​។ ថ្មីៗ​នេះ ក្រុម​អ្នកប្រឆាំង បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​មេដឹកនាំ​កម្ពុជា​រួចហើយ ពេលដែល​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​នៅ​ជប៉ុន ជាដើម​។
 
​លើសពីនេះ មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ប្រកាសប្រាប់​សហគមន៍​អន្តរជាតិ​ថា ខ្លួន​នៅតែ​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕  
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com