អន្តរជាតិ
ថៃ៖ មេទ័ពជើងគោកថ្មីប្រកាសរក្សាអព្យាក្រឹតភាពដោយមិនលូកដៃក្នុងរឿងនយោបាយ ឧត្តមសេនីយ៍ Apirat Kompongsom មេបញ្ជាការកងទ័ពជើងគោកថៃ (រូបភាព Reuters)
× មេទ័ពជើងគោកថ្មីរបស់ថៃនៅថ្ងៃទី១៧ ខែតុលា បានប្រកាសថា កងទ័ពថៃនឹងរក្សាអព្យាក្រឹតភាពឲ្យបានម៉ឹងម៉ា់ត់បំផុត និងមិនធ្វើអន្តរាគមន៍យោធាដាច់ខាត ប្រសិនបើមិនមានការផ្ទុះឡើងនៃជម្លោះនយោបាយ ក្រោយរដ្ឋាភិបាលស៊ីវិលចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំក្រោយទេនោះ។
ឧត្តមសេនីយ៍ Apirat Kongsompong ដែលទើបបានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកកាលពីដើមខែតុលានេះ បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងក្រុងបាំងកកថា យោធាត្រូវបានគេឃ្លាំមើលយ៉ាងល្អិតល្អន់ ហើយពួកគេនឹងខិតខំប្រឹងប្រែងរក្សាអព្យាក្រឹតភាពឲ្យបាន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ឧត្តមសេនីយ៍ Apirat បាននិយាយបែបនេះ៖ «យើងត្រូវតែធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នបំផុត… យើងមិនអាចបណ្តែតបណ្តាយឲ្យនយោបាយប្រើប្រាស់យើងបាននោះឡើយ»។
ប៉ុន្តែនៅពេលអ្នកសារព័ត៌មានម្នាក់បានចោទសួរថា តើលោកបានត្រៀមដឹកនាំរដ្ឋប្រហារផ្សេងទៀតឬយ៉ាងនោះ លោកឧត្តមសេនីយ៍ Apirat បានឆ្លើបតបវិញថា បើគ្មានជម្លោះនយោបាយកើតឡើងទេ ក្រុមយោធាគ្មានហេតុផលអ្វីត្រូវលូកលាន់ឡើយ។ លោកនិយាយបែបនេះ៖ «ប្រសិនបើបញ្ហានយោបាយមិនបង្កើតជម្លោះដូចនៅក្នុងអតីតកាលនោះទេ វាគ្មានការចាំបាច់អ្វីដែលកងទ័ពត្រូវចូលលូកដៃនោះឡើយ»។
បើពិតទៅ ថៃត្រូវបានស្ថិតក្រោមការដឹកនាំរបស់របបសឹក ចាប់តាំងពីខែឧសភា ឆ្នាំ២០១៤មកម្ល៉េះ។ រដ្ឋាភិបាលសឹកដែលដឹកនាំដោយអតីតមេទ័ពជើងគោកភូមិន្ទថៃ ប្រាយុទ្ធ ចន្ទអូចា សព្វថ្ងៃជានាយករដ្ឋមន្ត្រីថៃនោះ ម្តងជាពីរដងចេះតែពន្យារពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យ៉ាងណាមិញការកំណត់ចុងក្រោយបង្អស់នោះគឺត្រូវនឹងខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
គួរបញ្ជាក់ដែរថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានប្រវត្តិនៃការអន្តរាគមន៍ពីសំណាក់កងទ័ព ចាប់ផ្តើមពីឆ្នាំ១៩៣២មកម្ល៉េះ។ កាលនោះយោធាបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ (Absolute Monarchy) ដោយប្រើប្រាស់ការបដិវត្តន៍គ្មានថ្លុកឈាម។ ចំណែកឯក្នុងឆ្នាំ២០០៦ឯណោះវិញ យោធាបានទម្លាក់នាយករដ្ឋមន្ត្រីដែលកើតឡើងដោយការបោះឆ្នោត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាកំពូលមហាសេដ្ឋីវិស័យទូរគមនាគមន៍ និងជាបងប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
លោកស្រី យីងឡាក់ ត្រូវបានរដ្ឋប្រហារដែលដឹកនាំដោយយោធា ទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០១៤។ រដ្ឋប្រហារនេះដែរជាផ្នែកមួយនៃការចលនាតស៊ូដណ្តើមអំណាចយ៉ាងយូរអង្វែងមួយ រវាងក្រុមអ្នកគាំទ្រត្រកូល ស៊ីណាវ៉ាត្រា និងក្រុមឥស្សជនរាជានិយមដែលគាំទ្រដោយយោធា៕
Tag:
ថៃ
យោធា
រដ្ឋប្រហារ
Apirat Kongsompong
© រក្សាសិទ្ធិដោយ thmeythmey.com