នាជំនួបមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយសិង្ហបុរីកាលពីថ្ងៃទី១៦ ខែតុលា នៅពហុកីឡដ្ឋានជាតិ ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៣៨,០០០នាក់។ ក្នុងចំណោមកីឡាករល្អៗជាច្រើន គេសង្កេតឃើញខ្សែបម្រើពីររូបហាក់លេចធ្លោរខ្លាំងក្នុងជំនួបនេះ។ ទោះបីមិនទទួលបានលទ្ធផលល្អ តែកីឡាករកម្ពុជាទទួលបានការវាយតម្លៃខ្ពស់ពីគ្រូបង្វឹកថា មានការរីកចម្រើនទាំងបច្ចេកទេស និងទម្រង់លេង។
ខ្សែបម្រើពីររូបរួមមាន គួច ដានី និង ប្រាក់ ធីវ៉ា ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដែលបានទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយសិង្ហបុរី។ ការបំលាស់ឡើងចុះលឿនៗនៅតំបន់កណ្តាល និងការឆាបបាល់ពីគូប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមប្រកបដោយគុណភាព អាចជាកត្តាធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះពួកគេ។
ការគ្រប់គ្រងបាល់បានល្អរបស់អ្នកទាំងពីរ ក្រោយការបញ្ជូនពីមិត្តរួមក្រុម ក៏ដូចជាឆាបពីគូប្រកួត និងការសហការស៊ីសង្វាក់គ្នាជាមួយកីឡាករក្នុងក្រុមដទៃទៀត ក៏ជាកត្តារួមចំណែក ដែលធ្វើឲ្យពួកគេទទួលបានការចាប់អារម្មណ៍ផងដែរ។ ទោះបីមិនអាចរកគ្រាប់បាល់ដោយផ្ទាល់ តែពួកគេបានរួមចំណែកយ៉ាងច្រើនក្នុងគ្រាប់បាល់១គ្រាប់របស់កម្ពុជា ដែលបានកើតឡើងនៅនាទីទី១៨នៃតង់ទី១។ ហើយការចល័តឡើងចុះរបស់ពួកគេទាំងពីរ ក្រោមការសហការជាមួយមិត្តរួមក្រុមដទៃទៀត ធ្វើឲ្យកម្ពុជាគ្រប់គ្រងបាល់ស្ទើរទាំងស្រុងនៅតំបន់កណ្តាលក្នុងតង់ទី១។
ភាពលេចធ្លោរនេះ ធ្វើឲ្យពួកគេទទួលបានទំនុកចិត្តពីគ្រូបង្វឹកដាក់ឲ្យលេងនៅលើទីលានរហូតជិតដល់ចុងតង់ទី២។ ខ្សែបម្រើ គួច ដានី របស់ណាហ្គាវើល ដែលទទួលបានកៅអីជម្រើសជាតិជាថ្មី ត្រូវដូរចេញជំនួសដោយកីឡាករ ទិត្យ ឌីណា នៅនាទីទី៨០ ខណៈខ្សែបម្រើវ័យក្មេងរបស់ភ្នំពេញក្រោន ប្រាក់ ធីវ៉ា ដូរចេញជំនួសដោយកីឡាករ ស៊ិន កក្កដា នៅនាទីទី៨៣។
ក្រៅពីកីឡាករទាំងពីររូបនេះ កីឡាករ ឈិន ឈឿន ដែលគ្រូបង្វឹកកម្ពុជាលោក Felix Gonzalez Dalmas ដាក់ឲ្យលេងនៅតំបន់ប្រយុទ្ធ ហើយត្រូវបានប្តូរចេញជំនួសដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៥៧ និង ប៊ិន ចន្ថាធារី ដែលដូរចេញជំនួសដោយ អ៊ន ចាន់ប៉ូលីន នៅនាទី៦៩ ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនផងដែរ។
ចន្ថាធារី បានបង្ហាញពីភាពរឹងមាំក្នុងការប្រជែងដណ្តើមបាល់ពីគូប្រកួត និងការគ្រប់គ្រង និងបញ្ជូនបាល់ប្រកបដោយគុណភាព ខណៈ ឈិន ឈឿន បានប្រើល្បឿនលឿនៗក្នុងការចេញតាមដណ្តើមបាល់ពីគូប្រកួត និងបណ្តើរបាល់បង្កការអុកឡុកនៅតំបន់ប្រយុទ្ធរបស់សិង្ហបុរី។ បន្ថែមលើនេះ ក៏មានកីឡាករជាច្រើនទៀតផងដែរដូចជា សេត រ៉ស៊ីប, គួច សុគម្ភៈ, សឿយ វិសាល, រ៉ឹង ប៊ុនហៀង និង ចាន់ វឌ្ឍនាកា ជាដើម។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ដែលកម្ពុជាចាញ់សិង្ហបុរី ២-១ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ទទួលបានអ្នកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិចំនួន៣៨,០១៥នាក់។ ទោះបីកម្ពុជារងបរាជ័យក៏ដោយ តែលោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមកម្ពុជាវាយតម្លៃថា ក្រុមកីឡាករកម្ពុជាមានការរីកចម្រើនច្រើនទាំងសមត្ថភាព បច្ចេកទេស និងទម្រង់លេង។ លើសពីនេះ កម្ពុជាទទួលបានការសរសើរពីគ្រូបង្វឹកសិង្ហបុរីថា កម្ពុជាមានទម្រង់លេងល្អ និងមានសមត្ថភាពកើនឡើងគួរឲ្យកត់សម្គាល់៕