អន្តរជាតិ
អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ UN បើកប្រជុំ​ស្តាប់​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​
17, Oct 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក និង​ប្រទេស​ចំនួន​ប្រាំបី​ផ្សេងទៀត​ជា​មិត្ត​បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជួបប្រជុំគ្នា​ដើម្បី​ស្តាប់​យោបល់​របស់​គណៈកម្មកា​រ​ស្វែងរក​ការពិត​ដែល​បាន​ចោទប្រកាន់​យោធា​មី​យ៉ាន់​ម៉ា​រឿង​បទឧក្រិដ្ឋ​ប្រឆាំង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ មហា​យក្ស​ចិន​ដែលជា​ខ្នងបង្អែក​របស់​របប​ដឹកនាំ​មី​យ៉ាន់​ម៉ា​ទំនងជា​ជំទាស់​ការស្នើសុំ​នេះ​។​

 
​ប្រទេស​ដែល​ចូលរួម​ជាមួយ​អាមេរិក​ដាក់សំណើរ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​មាន​កិច្ចប្រជុំ​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​នេះ​មានដូចជា អង់គ្លេស បារាំង ប៉េ​រូ ស៊ុយអែត កូត​ឌី​វ័រ ហូ​ឡង់ ប៉ូឡូញ និង​គុយ​វ៉ែត​។ ប្រទេស​ទាំងនេះ​ក៏​ស្នើ​ឲ្យ​មានការ​កិច្ចប្រជុំ​ត្រឹម​ខែតុលា​នេះដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សំណើរ​រួមគ្នា​នេះ ប្រទេស​ទាំង​ប្រំាបួន​បាន​និយាយថា ប្រធាន​គណៈ​កម្មការ​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​នេះ​គួរតែ​រៀបរាប់​លម្អិត​ប្រាប់​ក្រុមប្រឹក្សា​បន្ថែម​ពី​បញ្ហា​មី​យ៉ាន់​ម៉ា​នេះ​ដើម្បី​បានទទួល​ព័ត៌មាន​បន្ថែម​ពី​វិបត្តិ និង​ផលប៉ះពាល់​លើ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ផង​។​
 
​តាមពិតទៅ​គណៈកម្មការ​ស្វែងរក​ការពិត​មី​យ៉ាន់​ម៉ា បាន​បញ្ចេញ​របាយការណ៍​លម្អិត​របស់ខ្លួន​កាលពី​ខែកញ្ញា ដោយ​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​នៅ​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ក្រុងឡាអេ ឬ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បណ្តោះអាសន្ន​មួយ​ដើម្បី​ចាត់ការ​សំណុំ​រឿងនេះ​។​
 
​របាយការណ៍​ដដែល​នេះ​បាន​អះអាងថា មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា​រួមជាមួយ​អគ្គមេបញ្ជាការ​កងទ័ព Min Aung Hlaing ត្រូវ​ស្ថិតក្រោម​ការស៊ើបអង្កេត និង​កាត់ទោស​លើ​ករណី​ប្រល័យពូជសាសន៍​នៅ​រដ្ឋ​រ៉ា​ក់​ខាន (Rakhine) ដែល​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៧​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​បង់​ក្លេ​ស​ដែរ​។ ក្រុម​សិទ្ធិមនុស្ស​ក៏​អះអាង​ផងដែរ​ថា កងទ័ព​មី​យ៉ាន់​ម៉ា បាន​កាប់សម្លាប់​ប្រជាជន រំលោភបំពាន ដុត​ផ្ទះសម្បែង​ក្នុង​គោលដៅ​បំបាត់​ពូជ​ប្រជាជន​ភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាងនេះ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​តែងតែ​ទាត់ចោល​ការចោទប្រកាន់​ទាំងនេះ និង​អះអាងថា ខ្លួន​រក្សា​សន្តិសុខ និង​បង្ក្រាប​ក្រុម​ភេរវជន​ប៉ុណ្ណោះ​។  
 
​យ៉ាងណា​ក៏ដោយចុះ សំណើរ​ឲ្យ​មាន​កិច្ចប្រជុំ​ស្តាប់​គណៈកម្មការ​ស្វែងរក​ការពិត​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ទំនងជា​នឹងត្រូវ​ជំទាស់​ដោយ​មហាអំណាច​ចិន​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ដ៏​មាន​ឥទ្ធិពល​របស់​អង្គការសហប្រជាជាតិ​ដែរ​។ ចិន​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​មិត្ត​ជិតស្និទ្ធ​របស់​មី​យ៉ាន់​ម៉ា និង​ខ្នងបង្អែក​ការទូត​ដ៏​ចម្បង​ផងដែរ​។​
 
​ចំណែក​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ក៏បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​ដោយ​ជំទាស់​ដាច់ខាត​ចំពោះ​ការស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​ស្តាប់​របាយការណ៍​គណៈកម្មការ​ស្វែងរក​ការពិត​នេះ​ព្រោះ​វា​មិន​ឯករាជ្យ និង​មាន​ភាពលម្អៀង​។ 
 
​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ Hau Do Suan បានបញ្ជាក់​ដូច្នេះ​៖ របាយការណ៍​គណៈកម្មការ​អង្គការសហប្រជាជាតិ​លម្អៀង​ដែល​ផ្អែកលើ​តែ​រឿងរ៉ាវ​រៀបរាប់ និង​មិន​ផ្អែកលើ​ភស្តុតាង​ជាក់ស្តែង​ឡើយ​។ ការដាក់បន្ទុក​លើ​អ្នកដទៃ​ដោយ​គ្មាន​ការគិតគូរ​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​ជាការ​ប៉ុនប៉ង​ដ៏​គ្រោះថ្នាក់​ដែល​នាំមក​នូវ​បរាជ័យ​ដែរ​»៕
 

Tag:
 អាមេរិក​
  UN
  រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com