កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករប្រកបអាជីពនៅថៃ ជួយម៉ាដាហ្គាស្កាបានកៅអីប្រជែងពានអាហ្វ្រិកលើកដំបូង
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាដាហ្គាស្កាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក African Cup of Nations ជាលើកដំបូងតាមរយៈការយកឈ្នះហ្គីណេអេក្វាទ័រ ១-០ នៃវគ្គជម្រុះតាមពូល ក្នុងក្រុង Vontovorona ថ្ងៃទី១៦ ខែតុលា។
ខ្សែបម្រើ Njiva Rakotoharimalala ដែលកំពុងលេងឲ្យក្លិប Sukhothai FC មានមូលដ្ឋាននៅលីកកំពូលថៃបានស៊ុតបាល់បញ្ចូលទី១គ្រាប់ជួយម៉ាដាហ្គាស្កាមានពិន្ទុនាំមុខដាច់ក្នុងវគ្គជម្រុះពូល A ដែលមាន សេណេហ្គាល់ ស៊ូដង់ និង ហ្គីណេអេក្វាទ័រ។
ម៉ាដាហ្គាស្ការួមជាមួយសេណេហ្គាល់ដែលមាន១០ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់ការប្រកួត៤លើកអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័ប្រវត្តិ ដ្បិតនាំមុខពិន្ទុក្រុមលេខ៣ ហ្គីណេអេក្វាទ័ររហូត៧ពិន្ទុ ខណៈការប្រកួតសល់តែ២លើកទៀតប៉ុណ្ណោះ។
African Cup of Nations ឆ្នាំ២០១៩ ដែលកាម៉េរូនធ្វើជាម្ចាស់ផ្ទះ បានបន្ថែមក្រុមពី១៦ ទៅ២៤ក្រុមជាលើកដំបូងផងដែរ។
ក្រៅពីម៉ាដាហ្គាស្កា និងសេណេហ្គាល់ ទុយនេស៊ីហើយនិងអេហ្ស៊ីបក៏បានកៅអីស្វ័យប្រវត្តិផងដែរបន្ទាប់ពីមានពិន្ទុដាច់គេនៃវគ្គសន្សំពិន្ទុរៀងខ្លួន៕
Tag:
បាល់ទាត់
African Cup of Nations
ម៉ាដាហ្គាស្កា
© រក្សាសិទ្ធិដោយ thmeythmey.com