ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី គ្រោង​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ពី​កម្ពុជា​
17, Oct 2018 , 10:19 pm        
រូបភាព
​ប្រទេស​ឥណ្ឌូណេស៊ី កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា ក្នុងពេល​ខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ូ​ឌា​មេន ហា​សេង ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ក្នុងជំនួប​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨​។

 

 
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើកឡើងថា កម្ពុជា បាន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី នៅលើ​វិស័យ​អាទិភាព​ផ្សេងៗ រាប់​ចាប់តាំងពី​ពាណិជ្ជកម្ម វប្បធម៌ រហូតដល់​បច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំងពីរ​។ 
 
​លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ឥណ្ឌូណេស៊ី នូវ​សក្តានុពល​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​កំពុង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​
 
​កាលពី​ឆ្នាំ​២០១៦ ឥណ្ឌូណេស៊ី ក៏បាន​ពិចារណា​ទិញ​អង្ករ​ចំនួន ១​សែន​តោន ពី​កម្ពុជា​ផងដែរ ប៉ុន្តែ​គម្រោង​នោះ មិន​ទទួលបាន​ជោគជ័យ​ទេ ដោយសារ​បញ្ហា​តម្លៃ​។ 
​ក្នុង​ជំ​នួន​ទ្វេភាគី​នោះ​ផងដែរ លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ក៏ដូចជា​ការពង្រឹង​កិច្ចសហការ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការផ្លាស់ប្តូរ​បទពិសោធន៍​លើ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​នវានុវត្តន៍ (​គំនិត​ច្នៃប្រឌិត​) ដែលជា​គន្លឹះ​ក្នុងការ​លើកស្ទួយ​សហគ្រិន​ភាព សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​
 
​លោក​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បាន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី និង​បាន​គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងទៀត​ជាមួយ​កម្ពុជា​។  លោក បាន​បន្តថា​៖« នៅ​សប្តាហ៍​ក្រោយ ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នឹង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរជន​កម្ពុជា ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ទីក្រុង Bandung នៃ​ខេត្ត​ចា​វ៉ា​ខាងលិច​»​។
​លោក​ឯកអគ្គរដ្ឋទូត បន្ថែមថា ដើម្បី​ជំរុញ​កិច្ចសហការ និង កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឥណ្ឌូណេស៊ី​នឹងចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ភូមិ​១ ផលិតផល​១ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ​ខាងមុខនេះ​។​
 
​ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី សម្រេចបាន​ទឹកប្រាក់​សរុប​៥៣៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​បាន​កើនឡើង​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។  ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់ ២៦​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន ៥១៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ 
 
​ដោយឡែក នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី សម្រេចបាន​ទឹកប្រាក់ ៣១៨​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧៕

Tag:
 សេដ្ឋកិច្ច​
  ឥណ្ឌូណេស៊ី​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com