ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​
17, Oct 2018 , 10:52 pm        
រូបភាព
ភ្នំពេញ​៖ បើ​សហភាព​អឺរ៉ុប ដក​ការអនុគ្រោះ​ពន្ធ​(Everything But Arms) ពី​កម្ពុជា​មែន​នោះ វា​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​អ្នកជំនួញ​អឺរ៉ុប​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​។​

 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham) បាន​សរសេរ​លិខិត​មួយ​ផ្ញើជូន​លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជ​កម្មគ​ណៈ​កម្ម​ការ​អឺរ៉ុប ដោយបាន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​គ្រប់មុខ​ទំនិញ​លើកលែង​អាវុធ (EBA) ។ EuroCham ក៏​បារម្ភ​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ខណៈដែល​ក្រុម​ហ៊ុនអឺរ៉ុប កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​បង្កើន​វត្ត​មាននៅ​កម្ពុជា​។​
 
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​ការលើកឡើង​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដែល​ហ៊ាន​បញ្ចេញ​ក្តីកង្វល់​ខ្លួន ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប​នេះ​។ មិន​ត្រឹមតែ​គាំទ្រ​ឡើយ អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏​ឆ្លៀត​ក្លែមសម្ដី​វាយប្រហារ​ទៅ​គណៈកម្មការ​អឺរ៉ុប ក្នុងន័យ​ថា បើសិន​ជាមាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្ពុជា​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​អ្នកជំនួញ​អឺរ៉ុប​នៅ​កម្ពុជា ខាតបង់​ផលប្រយោជន៍​ដែរ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៧ តុលា បាន​សរសេរ​ដូច្នេះ​ថា​៖«​ការព្យួរ​ភាពអនុគ្រោះ​(EBAs) នេះ គឺជា​ការប្រថុយប្រថាន​មួយ ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​យូរអង្វែង របស់​ពាណិជ្ជករ​អឺរ៉ុប មក​ធ្វើ​ធុរកិច្ច​កម្ពុជា​។ លើសពីនេះ ការព្យួរ​ភាពអនុគ្រោះ​EBAs វា​ពិតជា​នឹង​គំរាម​ដោយផ្ទាល់ ដល់​សម្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច​របស់​អឺរ៉ុប​នៅ​កម្ពុជា ព្រមទាំង​មានការ​ប៉ះពាល់​ដល់​ជំហរ របស់​សហភាព​អឺរ៉ុប​ក្នុងការ​លើកកម្ពស់​របៀប​វារៈ​ពាណិជ្ជកម្ម និង​ឧត្តមភាព​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ភាព​ប្រកួតប្រជែង​នៃ​ធុរកិច្ច​អឺរ៉ុប​ធ្លាក់ចុះ​»​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ ក្នុង​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ និង​លើ​ល​តម្កើង​ផលប្រយោជន៍​រួមគ្នា​ទៅវិញ​ទៅ​។​« ការព្យួរ ឬ​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា នៅក្នុង​យថាហេតុ​ណាមួយ គឺ​មិនមែនជា​ឧ​ត្ត​ម​គតិ ដូច​កិច្ចសហប្រតិបត្តិការ​នោះទេ​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
 
​នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា កំពុងដំណើរការ​ក្រោម​ការតាមដាន​និង​ពិភាក្សា​របស់​គណៈកម្មកា​រ​អឺរ៉ុប​។ ដំណើរការ​នីតិវិធី​នេះហើយ ដែល​សហភាព​អឹ​រ៉ុ​ប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​ពី​កម្ពុជា ដើម្បី​ទុកពេល​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដំណើការ​នីតិវិធី​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ​និង​ប្រមូល​ព័ត៌មាន​ជុំវិញ​ស្ថានការណ៍​ប្រទេស​កម្ពុជា មុននឹង​សម្រេច​ចុងក្រោយ​។ ដំណើរការ​នីតិវិធី​របស់​គណៈកម្មកា​រ​អឺរ៉ុប ត្រូវការ​រយៈពេល​១​ឆ្នាំ​។​
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕
 
 

Tag:
 Eurocham
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com