ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ដោះស្រាយ​ការតវ៉ា​មុខ​ភូមិគ្រឹះ​សម្តេច ហ៊ុន សែន នៅ​ភ្នំពេញ និង​តាខ្មៅ​
18, Oct 2018 , 9:31 am        
រូបភាព
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារចម្រុះ
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារចម្រុះ
ដោយ: រួបរួម
​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែតុលា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​ចម្រុះ ទទួល និង​ដោះស្រាយ​បណ្តឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី​។​

 
​ក្រុមការងារ​ដែលមាន​សមាសភាព​២២​រូប ដឹកនាំ​ដោយ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន​។ លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល និង​លោក ចៅ តុល នាយករង​ខុទ្ទកាល័យ​សម្តេច ហ៊ុន និង​មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស ទទួលបន្ទុក​ជា​អនុប្រធាន​។​
 
​សមាជិក​រួមមាន លោក ស ថេត អគ្គ​ស្នងការរង ស្នងការ​រាជធានី​ភ្នំពេញ លោក អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល លោក រ័ត្ន ស្រ៊ាង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កង​រាជ​អា​វុ​ត្ថ​ហត្ថ​រាជធានី​ភ្នំពេញ លោក អ៊ុង សារិទ្ធ មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋាន​កង​អង្គរក្ស លោក ឌៀង សារុន មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស​។​
 
​លោក យ៉ា​ត ទូច ក្រុម​លេខា​សម្តេច​តេ​ជោ មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស មាន​តួនាទី​ជា​សមាជិក​អចិន្ត្រៃយ៍ ហើយ​សមាជិក​ដែលមាន​សមាសភាព​ពី​ក្រុម​លេខា មាន លោក ណុប រ័ត្ន​និមល លោក គង់ ចំរើន លោក នៅ រ៉ា​។​
 
​ក្រៅ​នេះ​សមាជិក​ផ្សេងទៀត​មាន លោក យិន ចាន់​ធួន មេបញ្ជាការ កង​អន្តរាគមន៍​៥៩៤​ប្រចាំការ​ភ្នំពេញ លោក អ៊ិន សារិន មេបញ្ជាការរង​កង​អន្តរាគមន៍​ទី​៨ ប្រចាំការ​តាខ្មៅ លោក ស៊ុយ ឈុន​ហាក់ មេធាវី​ប្រចាំ​បញ្ជាការដ្ឋាន​អង្គរក្ស រួមទាំង​តំណាង​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
 
​តាម​ប្រការ​២​នៃ​សេចក្តីសម្រេច ក្រុមការងារ​មាន​ភារកិច្ច ទទួល​បណ្តឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ​សម្តេច ហ៊ុន សែន នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល រួច​បញ្ជូនទៅ​ជំនាញ​ពាក់ព័ន្ធ​។​
 
​ក្រុមការងារ ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ព្យាយាម​ពន្យល់​អំពី​នីតិវិធី​ជូន​ក្រុមអ្នកតវ៉ា  និង​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស​ដែល​កេងចំណេញ​មកលើ​ក្រុមអ្នកតវ៉ា​៕
 

Tag:
 ​នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com