ជាតិ
ហត្ថាកសិករ នឹងបោះផ្សាយបណ្ណបំណុលចំនួន ៣០លានដុល្លារ លើកដំបូងនៅកម្ពុជា ដើមខែវិច្ឆិកា
× ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត គ្រោងនឹងបោះផ្សាយលក់បណ្ណបំណុល ជាលើកដំបូងរបស់ខ្លួន ហើយក៏ជាលើកដំបូងរបស់កម្ពុជា ទៅវិនិយោគិនសាធារណៈ ក្នុងទំហំទឹកប្រាក់១២ពាន់លានរៀល(៣០លានដុល្លារអាមេរិក)នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមប្រសាសន៍របស់លោក ហួត អៀងតុង អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ថ្លែងក្នុងកម្មវិធី«រ៉ូដសូ» នៅទីផ្សារមូលបត្រកម្ពុជា(CSX)ថ្ងៃទី១៧តុលា ទំហំបោះផ្សាយលក់ប័ណ្ណបំណុល ១២ពាន់លានរៀលនេះ មាន៨០ពាន់លានរៀល ត្រូវបានក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ចាប់អារម្មណ៍ទិញមូលបត្រប្រភេទនេះ។
លោក ហូត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
ចំណែកបណ្ណទំហំ៤០ពាន់លានរៀលទៀត មានធនាគារ វឌ្ឍនៈ ធនាគារកម្ពុជាពាណិជ្ជចំកាត់ និង ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា ក៏បានសន្យាវិនិយោគជាមួយនឹងសញ្ញាបណ្ណនេះផងដែរ។
លោកបានបញ្ជាក់ថា «ដៃគូវិនិយោគដែលទិញបណ្ណបំណុលនេះ នឹងទទួលបានប្រាក់ដើមវិញ ជាមួយអត្រាការប្រាក់៨.៥ភាគរយក្នុងមួយឆ្នាំ»។
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មាការមូលបត្រកម្ពុជា បានមានប្រសាសន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត គឺជាក្រុមហ៊ុនបោះផ្សាយលក់បណ្ណបំណុលដំបូងគេបង្អស់ ជាសាធារណៈ នៅកម្ពុជា។ លោក បានអះអាង និងជឿជាក់ថា ការបោះផ្សាយមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ នឹងច្បាស់ជាទទួលបានជោគជ័យ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា
គូសបញ្ជាក់ថា វិស័យមូលបត្រនៅកម្ពុជា នឹងមានសន្ទះកាន់តែរីកចម្រើន បើមានការចូលរួមពីគ្រប់តួអង្គទាំងអស់ មិនត្រឹមតែនិយ័តករដែលជាគណៈកម្មការមូលបត្រកម្ពុជា ឬប្រតិបត្តិករ ដែលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ នេះបើតាមលោក ស៊ូ សុជាតិ៕
Tag:
សេដ្ឋកិច្ច
មូលបត្រ
បណ្ណបំណុល
CSX
© រក្សាសិទ្ធិដោយ thmeythmey.com