ជាតិ
សង្គមជាតិ
ត្រី​ចំនួន​៥០០ ប្រភេទ មិន​ផុត​ពូជ គ្រាន់តែ​ថយចុះ ដោយសារ​ការនេសាទ​ខុសច្បាប់​
18, Oct 2018 , 2:05 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ត្រី​ចំនួន​៥០០ ដែល​ផ្លាស់​ទី​នៅ​ទន្លេមេគង្គ​កម្ពុជា ពុំមាន​ការ​ផុត​ពូជ​ទេ គ្រាន់តែ​បរិមាណ​ត្រី​ថយចុះ​ជាង​មុន​តែប៉ុណ្ណោះ​។ ការថយចុះ​បែបនេះ ដោយសារ​តែមាន​អ្នកនេសាទ​ខុសច្បាប់ និង​ចាប់​ត្រី​នៅ​រដូវ​ត្រី​កំពុង​ពង​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រធាន​រដ្ឋបាល​ជលផល អេង ជា​សាន ដែល​បាន​ប្រាប់​ដល់​អ្នកកាសែត នៅ​សិក្ខាសាលា​ស្តីពី «​ដំណើរ​ឆ្ពោះទៅរក​វិស័យ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស ប្រភេទ​ត្រី​ធ្វើចរាចរ​ក្នុងប្រទេស​កម្ពុជា​»​។​


 
​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោក អេង ជា​សាន  ប្រធាន​រដ្ឋបាល​ជលផល បញ្ជាក់ថា ស្របតាម​យុទ្ធសាស្ត្រ​នៃ​ការងារ​អភិរក្ស​ត្រី​របស់​រដ្ឋបាល​ជលផល បាន​កាត់បន្ថយ​ភាពក្រីក្រ និង​អត់ឃ្លាន ដែលជា​ហេតុ​មិន​ធ្វើ​ប្រភេទ​ត្រី​ណាមួយ​បាត់បង់​ឡើយ មានតែ​ថយចុះ​ទៅវិញ ដោយសារ​ការនេសាទ​ខុសច្បាប់ និង​បម្រែបម្រួល​អាកាសធាតុ និង​ការចាប់​ត្រី​ក្នុង​រដូវ​ត្រី​ពង ។ ជាពិសេស​ការប្រើប្រាស់​ថ្នាំ​សម្លាប់​ល្អិត ឬ​ជីគីមី និង​ការកើនឡើង​ចំនួន​អ្នក​បរិភោគ​សាច់​ត្រី ដែល​បណ្តាល​ឲ្យ​បរិមាណ​ត្រី​មានការ​ថយចុះ​។ 


 
​លោក អេង ជា​សាន បាន​បន្ថែមថា ការថយចុះ​បរិមាណ​ត្រី គឺ​បណ្តាលមកពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដែលជា​ការរារាំង​បន្លាស់​ទី​របស់​ត្រី​។ លោក ជា​សាន បញ្ជាក់ថា​៖ «​បើសិន​គេច​ង់​សាងសង់​វា​រី​អគ្គិសនី គួរ​ណាស់​អ្នកវិទ្យាសាស្ត្រ ត្រូវ​សិក្សា​ឲ្យ​ច្បាស់​ថា​តើ​គួរតែ​សាងសង់​ជណ្តើរ​ត្រី​បែបណា ដើម្បី​ឲ្យ​ត្រី​អាច​បន្លា​ស់ត្រី​បាន និង​អាច​បន្ត​ពូជ​»​។ 


 
​ត្រី​ជាង​៥០០ ប្រភេទ​នេះ ផ្លាស់​ទី​ទៅវិញទៅមក​រវាង​ដែន​ទន្លេមេគង្គ កម្ពុជា និង​ឡាវ ហើយ​ប្រភេទ​ត្រី​ទាំងនោះ​រស់នៅ​ដោយ​ពឹង​ផ្អែកលើ ថ្ម រុក្ខជាតិ ខ្សាច់ និង​ព្រៃឈើ ដើម្បី​បន្ត​ពូជ​ដោយ​សុវត្ថិភាព​។ លោក ជា​សាន​បន្ថែមថា​៖ «​យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០២៤ ដើម្បី​ជំរុញ​វិស័យ​ការគ្រប់គ្រង និង​ការអភិរក្ស​ប្រភេទ​ត្រី ឲ្យ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព និង​ដើម្បី​ឲ្យ​ប្រភេទ​ត្រី​ទាំងនេះ ឈានទៅរក​ទីផ្សារ​អន្តរជាតិ​»​។ 


 
​ដោយសារ​ព្រួយបារម្ភ​ចំនួន​ត្រី​ថយចុះ ប្រធាន​រដ្ឋបាល​ជលផល​រូបនេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ ចូលរួម​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​អភិរក្ស​ប្រភេទ​ត្រី កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​នាំ​ឲ្យ​បាត់បង់​ប្រភេទ​ត្រី​នៅ​កម្ពុជា​។ 
 
​ជាមួយគ្នា​ផងដែរ លោក ជា​សាន នឹង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក និង​ប្រមូល​ត្រី នៅ​ដើមខែ​ឆ្នូ ឆ្នាំ​២០១៨ រហូតដល់​ខែមករា ឆ្នាំ​២០១៩៕ 
 

Tag:
 ​ត្រី​
 ​ទន្លេមេគង្គ​
  អេង ជា​សាន​
© រក្សាសិទ្ធិដោយ thmeythmey.com