អន្តរជាតិ
អ្នកជំនាញ​ថា ចិន​មិនអាច​ជំនួស​អាមេរិក​ក្លាយជា​អ្នកលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ដូច​ការបារម្ភ​របស់​លោក ត្រាំ​ឡើយ​
18, Oct 2018 , 2:34 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង​ប្រហែលជា​បន្ត​ពង្រឹង​ចំណងទាក់ទង​បន្ថែមទៀត ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​សម្រេច​ដាក់ទណ្ឌកម្ម​ជុំវិញ​ការបាត់​ខ្លួន​អ្នកកាសែត​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត Jamal Khashoggi​។ យ៉ាងណាមិញ អ្នកជំនាញ​យល់ថា ចិន​មិនអាច​ជំនួស​អាមេរិក​ក្លាយជា អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត​តាម​ការបារម្ភ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នោះឡើយ​។

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​អញ្ជើញ​ទៅដល់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី ១៦ ខែតុលា ស្រប​ពេលដែល​ក្រុង​វ៉ាស៊ីនតោន​បន្ត​ចោទសួរ​ក្រុង​រី​យ៉ា​ដ ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​លោក Khashoggi កាលពី​ពីរ​សប្តាហ៍​មុន​។ គេ​ចោទថា អ្នកកាសែត​ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​។ ប៉ុន្តែ​លោក​ដូ​ណា​ល់ ត្រាំ នៅតែ​ស្ទាក់ស្ទើរ​ក្នុងការ​គាំទ្រ​ឲ្យ​ដាក់ទណ្ឌកម្ម​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​បើ​រឿងនេះ​ជាការ​ពិត​។ 
 
 
​ថ្លែង​ទៅកាន់​អ្នកកាសែត​សប្តាហ៍​មុន លោក ត្រាំ បញ្ជាក់ថា លោក​បារម្ភ​ថា អា​រ៉ា​ប៊ី​សា​អូឌីត ឈានទៅ​លុបចោល​គម្រោង​ទិញ​អាវុធ​ពី​អាមេរិក​ដែលមាន​តម្លៃ ១១០ ពាន់​លាន​ដុល្លារ ដោយសារ​ទំនាក់ទំនង​មិនល្អ​ឬ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​។ លោក​ពន្យល់​បន្ថែម បើសិនជា​រឿងនេះ​កើតឡើង​មែន អាមេរិក​នឹង​ខាតបង់ ហើយ​រដ្ឋ​សេដ្ឋី​ប្រេង​នេះ​នឹង​ងាក​ទៅ​ទិញ​អាវុធ​ពី​ប្រទេស​ផ្សេងទៀត​ដូចជា​ចិន និង​រុស្ស៊ី​ជាដើម​។  
 
​តាម​ស្ថានភាព​ជាក់ស្តែង អា​រ៉ា​ប៊ី​សា​អូឌីត បន្តិច​ម្តងៗ​បាន​ងាកខ្លួន​ចេញ​ឆ្ងាយ​ពី​ការពឹងផ្អែក​ខ្លាំង​ជ្រុល​លើ​អាមេរិក ហើយ​ខ្លួន​ក៏​ព្យាយាម​បង្កើន​ចំណង​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​ផងដែរ​។ ដូច​ឃើញស្រាប់ ចិន​ក្លាយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់​ប្រមាណ ៤២,៣៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។ លើសពីនេះ​កាលពី​ខែមីនា ប្រទេស​ទាំងពីរ​នេះ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មានតម្លៃ ៦៥ ពាន់​លាន​ដុល្លារ ដែល​ផ្តោតលើ​វិស័យ​សំខាន់ៗ​រួមមាន ថាមពល និង​បច្ចេកវិទ្យា​អវកាស​ជាដើម​។ 
 
​ក្នុង​បទ​វិចារណកថា​របស់​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ទូរទស្សន៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Al Arabiya លោក Turki Aldakhil បាន​ព្រមាន​អាមេរិក​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដូច្នេះ​ថា ៖«​រដ្ឋ​អារ៉ាប់​មួយ​នេះ​អាច​បែរ​ក្បាល​រក​អ្នកផ្គត់ផ្គង់​អាវុធ​ដូចជា​ចិន និង​រុស្ស៊ី ដើម្បី​ជួយ​បំពេញ​តម្រូវ​យោធា​របស់ខ្លួន ប្រសិនបើ​ទណ្ឌកម្ម​របស់​អាមេរិក​ត្រូវបាន​ដាក់ចេញ​។ ជំហាន​នេះ​នឹង​បង្កើត​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច ដែល​អាចធ្វើ​ឲ្យ​រង្គោះរង្គើ​ពិភពលោក​ទាំងមូល​បាន​»​។ 
 
​ក្នុង​វិចារណកថា​ដដែល​នេះ លោក Turki បាន​ពន្យល់ថា  អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​ក្នុង​ពិភពលោក កំពុង​ពិចារណា​លើ​វិធានការ​វាយបក​ប្រមាណ​៣០​ដើម្បី​ប្រឆាំង​អាមេរិក ក្នុងនោះ​ក៏មាន ការប្រើប្រាស់​លុយ​យ៉​ន់​ចិន​ក្នុង​ពាណិជ​កម្ម​ប្រេង ជំនួស​ឲ្យ​លុយ​ដុល្លារ​អាមេរិក​ផងដែរ​។ នេះ​បើតាម​សារព័ត៌មាន​ហុងកុង South China Morning Post  ។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​វិស័យ​យោធា ការនាំអាវុធពីចិន​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូ​ឌី​គឺមាន​គម្លាត​ឆ្ងាយ​ណាស់​នៅ​ពីក្រោយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ យោងតាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm ក្រុង​ប៉េកាំង​បាន​លក់​អាវុធ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រឹមតែ ២០​លាន​ដុល្លារ​ប៉ុ​ណ្នោះ​កាលពី​ឆ្នាំ​២០១៧ ខណៈ​រដ្ឋ​អារ៉ាប់​នេះ​ចំណាយលុយ​ចំនួន ៣,៤​ពាន់​លាន​ដុល្លារ​ទិញ​អាវុធ​ពី​ក្រុង​វ៉ាស៊ីនតោន​។ 
 
​លោក Jonathan Fulton ជំនួយការ​សាស្ត្រាចារ្យ​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យា​ល័យ Zayed ក្នុង​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ាត់ បាន​និយាយថា ចិន​បាន​បង្កើន​ទំនាក់ទំនង​ផ្នែក​ការពារជាតិ​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ គោលបំណង​គឺ ដើម្បី​បង្កើត​សក្តានុពល​សម្រាប់​ធ្វើជា​ឈ្នាន់​មួយ នៅពេល​ទំនាក់ទំនង​រវាង​អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ជាប់គាំង​។ 
 
«​មួយផ្នែក​នៃ​ហេតុផល​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ឃ្លាតឆ្ងាយ​ពី​សហរដ្ឋអាមេរិក គឺ ព្រោះ​វា​មានការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ជាច្រើន​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ ប្រការ​ដែល​សំខាន់​មួយទៀត​នោះ​គឺ ការកើនឡើង​នៃ​ទំនាក់ទំនង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​បណ្តា​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រ និង​ចិន ជាពិសេស​ខាង​វិស័យ ការនាំចេញ​ថាមពល​តែម្តង​។ ជាក់ស្តែង​យើង​មើលឃើញ​សន្ទុះ​នៃ​ការចូលរួម​រវាង​បណ្តា​រដ្ឋ​ទាំងនោះ​លើ​ផ្នែក​ទាំងពីរ​នេះ​»​។ នេះ​ជា​លើកឡើង​របស់លោក Fulton ។ 
 
​ប៉ុន្តែ ព័ត៌មាន​ដែលថា អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​រិះគន់​រដ្ឋាភិបាល Khashoggi  ដែល​ក្រុង​រី​យ៉ា​ដ បន្ត​ច្រាល​ចោល​នោះ  ធ្វើ​ឲ្យ​សម្ពាធ​កើនឡើង​ខ្លាំង​ទៅៗ​នៅក្នុង​មជ្ឈដ្ឋាន​អាមេរិក​។ ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​បានដាក់​សម្ពាធ​លើ​លោក ត្រាំ​ឲ្យ​សម្រេច​ដាក់ទណ្ឌកម្ម​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ជាមួយគ្នា​ក្រុមមន្ត្រី​ដដែល​នេះ​ក៏បាន​ដាក់​គំនាប​លើ​អ្នក​ឧបត្ថម្ភ​មកពី​បណ្តា​ក្រុមហ៊ុន​សំខាន់ៗ​ឲ្យ​លុបចោល​វេទិកា​វិនិយោគ​លំដាប់​កំពូល​មួយ ឈ្មោះ «Davos in the Desert»  ដែល​គ្រោង​នឹង​រៀបចំឡើង​ក្នុង​ក្រុង​រី​យ៉ា​ដ​ក្នុង​ខែតុលា​នេះ​ថែម​ទៀតផង​។ 
 
​សម្រាប់​បញ្ហា​នេះ លោក Fulton បាន​ពន្យល់ថា​៖ «​ខ្ញុំ​រំពឹង​នឹង​ឃើញ​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​បន្ធូ​បន្ថយ​ភាព​តានតឹង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដ្បិតថា ពួកគេ​មិនអាច​បណ្តែត​បណ្តា​យ​ឲ្យ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​បែកបាក់​បាន​នោះឡើយ​»​។ 
 
​ចំណែក​អ្នកវិភាគ​មួយរូប​ទៀត លោក Robert Mason នាយក​មជ្ឈមណ្ឌល​សិក្សា​មជ្ឈិមបូព៌ា​នៃ​សកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​ក្នុង​ក្រុង​រដ្ឋធានី​គែរ ប្រទេស​អេ​ហ្ស៊ី​ប​វិញ បាន​និយាយថា ចិន​នឹងមិន​មានបំណង​លូកលាន់​ក្នុង​បញ្ហា​នេះឡើយ ក៏​ព្រោះថា ក្រុង​ប៉េកាំង​ចង់​បញ្ចៀស​ការបង្កើន​ភាព​តានតឹង​បន្ថែមទៀត​ជាមួយ​រដ្ឋបាល​លោក​ត្រាំ​។ 
 
​លោក  Robert  បាន​ពន្យល់ថា ក្នុងស្ថានភាព​បច្ចុប្បន្ន អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ស្ថានការណ៍​ដែលមាន​ជុំវិញ​ការបាត់​ខ្លួន​របស់លោក Khashoggi​។ អ្នកជំនាញ​រូបនេះ​បន្ថែមថា បញ្ហា​ដែល​កើតឡើង​នេះ​មិនអាច​បង្ខំ​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​គោលនយោបាយ​ដែលមាន​អាយុ​មួយ​ទសវត្សរ៍​ដែលមាន​គោលដៅ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ជាមួយ​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះឡើយ​ជាពិសេស​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​ការទប់ស្កាត់​ឥទ្ធិពល​អ៊ីរ៉ង់​ផង​នោះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com