អន្តរជាតិ
ហេតុអ្វី​រដ្ឋាភិបាល​កាណាដា​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​?
18, Oct 2018 , 8:19 pm        
រូបភាព
​រដ្ឋ​អាមេរិក​ខាងជើង កាណាដា​នៅ​ថ្ងៃ​ពុធ​ទី ១៧ ខែតុលា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដោយ​សម្រេច​ធ្វើ​ឲ្យ​ការប្រើប្រាស់​កញ្ឆា​ស្របច្បាប់​នៅក្នុង​ប្រទេស​ទាំងមូល​។ កាណាដា​ដែល​ក្លាយជា​ប្រទេស​ទី​ពី​រលើ​លោក​ដែល​ធ្វើបែបនេះ​នោះបាន​អះអាងថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​ប្រើប្រាស់​កញ្ឆា​គឺ​ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន និង​ប្រឆាំង​ការជួញដូរ​កញ្ឆា​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​ផង​។ ក្រោម​គោលនយោបាយ​នេះ ប្រជាជន​កាណាដា​អា​ចរក​ទិញ​កញ្ឆា​ដើម្បី​ប្រើប្រាស់​បាន​ពី​ហាង​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល និង​តាម​ការកំណត់​ត្រឹមត្រូវ ខណៈដែល​រដ្ឋ​អា​ចរក​ចំណូល​ពី​ពន្ធ​បាន​រហូតដល់ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ​។

   

 
​កាណាដា​ក្លាយជា​ប្រទេស​ទី​ពីរ​ដែល​បាន​អនុ​ញ្ញ​ត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​។ ការអនុញ្ញាត​ឲ្យ​នេះ​អនុលោម​តាមច្បាប់​គ្រប់គ្រង​គ្រឿងញៀន​ថ្មី​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​កញ្ឆា​បាន​។ កាណាដា​បានចេញ​ច្បាប់​កំណត់ថា ការប្រើប្រាស់​កញ្ឆា​ជា​រឿង​ខុសច្បាប់​ចាប់ពី​ឆ្នាំ ១៩២៣ ហើយ​ក្នុង​ឆ្នាំ ២០០១ កាណាដា​បានអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​សុខាភិបាល​។  
 
 តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រជាជន​កាណាដា​ដែលមាន​វ័យ​យ៉ាងតិច ១៨​ឆ្នាំ​អាចមាន​សិទ្ធិ​ទិញ​កញ្ឆា​បាន​នៅតាម​ទីតាំង​ឬ​ហាង​ដែល​ទទួលស្គាល់​តាមច្បាប់​ចាប់ពី​ថ្ងៃ​ពុធ​ទី ១៧ តុលា​តទៅ​។ មនុស្ស​ម្នាក់ៗ​អាច​ទិញ​កញ្ឆា​បាន​ត្រឹម ៣០​ក្រាម​ប៉ុណ្ណោះ ហើយ​បើ​ទិញ​លើស​កំណត់ វា​នឹងត្រូវ​ចាត់ទុកជា​អំពើ​ខុសច្បាប់​។​
 
 បន្ទាប់ពី​មានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នេះ ប្រជាជន​កាណាដា​ជាច្រើន​បាន​ប្រមូលផ្តុំ​នៅតាម​ទីក្រុង​ដើម្បី​អបអរសាទរ​។ លើសពី​សាទរ ប្រជាជន​មួយចំនួន​បាន​អះអាងថា ខ្លួន​មិន​ធ្លាប់​គិតថា រឿង​បែបនេះ​កើតឡើង​ឡើយ ហើយក៏​មោទកភាព​ដែរ ដែល​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ាស​ម្រេច​បែបនេះ​។ 
 
​ភ្លាមៗ​ក្រោយ រដ្ឋាភិបាល​បញ្ចប់​បម្រាម​ប្រើប្រាស់​កញ្ឆា​នេះ គេ​ឃើញ​ប្រជាជន​កា​ណា​ជាច្រើន​ចាប់ផ្តើម​កុម្ម៉ង់​ទិញ​កញ្ឆា​ដើម្បី​ប្រើប្រាស់​ដែរ​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ហាង​យ៉ាងតិច ១០០ បាន​បើក​នៅ​ថ្ងៃ​ពុធ​ដើម្បី​លក់​កញ្ឆា​នេះ ហើយ​សហគ្រាស​ប្រហែល ១២០ ទទួលបាន​សិទ្ធិ​ក្នុង​ការដាំដុះ​កញ្ឆា​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែរ​។ 
 
​ក្រៅពី​លើកលែង​ការហាមឃាត់ រដ្ឋមន្ត្រីក្រសួង​សុវត្ថិភាព​សាធារណៈ​កាណាដា Ralph Goodale បានប្រកាស​ផងដែរ​ពី​គម្រោង​រដ្ឋាភិបាល​ក្នុងការ​លើកលែងទោស​ឲ្យ​ប្រជាជន​ដែល​ត្រូវបាន​កាត់ទោស​ដោយសារ​ទិញ​ឬ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​ជក់​កម្សាន្ត​ធម្មតា​។  ពួកគេ​ក៏​អាចមាន​សិទ្ធិ និង​ឱកាស​ប្រសើរ​ជាង​មុន​ក្នុង​ការទទួល​បានការ​ងារ​, ការអប់រំ និង​លំនៅដ្ឋាន​។ 
 
​យ៉ាងណាមិញ វា​មាន​ករណី​លើកលែង​មួយចំនួន​ក្នុងការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​។ ខេត្ត Ontario មិន​អនុ​វត​ច្បាប់​ថ្មី​នេះ​ភ្លាមៗ​ឡើយ​។ គេ​ត្រូវ​រង់ចាំ​រហូតដល់​មេសា​ឆ្នាំក្រោយ​ឯណោះ ដោយសា​រដ្ឋាភិបាល​តំបន់​ថ្មី​ប្រចាំខេត្ត​នេះ​អះអាងថា ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែម​សិន​ដើម្បី​រៀបចំ​ការលក់ដូរ​កញ្ឆា​នៅក្នុង​ហាង​ឯកជន​។ ប៉ុន្តែ​ប្រជាជន​ក្នុង​ខេត្ត​នៅតែ​អាច​បញ្ជា​ទិញ​កញ្ឆា​តាម​អន​ឡាញ​បាន​។ 
 
​ចំណែក​នៅ British Colombia ដែល​ស្ថិត​ក្នុងចំណោម​ខេត្ត​ដែលមាន​អត្រា​អ្នកប្រើប្រាស់​កញ្ឆា​ច្រើនជាងគេ​នោះ​នឹងមាន​ហាង​ទទួលបាន​សិទ្ធិ​ក្នុង​ការលក់​កញ្ឆា​ស្របច្បាប់​តែមួយ​ប៉ុណ្ណោះ​។ 
-​ហេតុអ្វី​បាន​កាណាដា​អនុញ្ញាត​ឲ្យ​មានការ​លក់​និង​ប្រើប្រាស់​កញ្ឆា​ស្របច្បាប​បែបនេះ​?  
 
​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កាណាដា​។ មកដល់​បច្ចុប្បន្ន កាណាដា ក្លាយជា​ប្រទេស​ទី​ពី​រលើ​ពិភពលោក​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​ដូច្នេះ​បន្ទាប់ពី​អ៊ុយ​រ៉ូ​ហ្កា​យ​។ ប៉ុន្តែ​ប្រទេស​ជាច្រើន​លើ​លោក​រួមទាំង​អឺរ៉ុប​នោះបាន​ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​សុខាភិបាល ខណៈដែល​រដ្ឋ​ចំនួន ៩​នៅ​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​ដែរ​។​
 
​តាមពិតទៅ ការសម្រេច​ឲ្យ​មានការ​លក់ដូរ​កញ្ឆា​ដោយ​ស្របច្បាប់​ជា​គោលនយោបាយ​របស់លោក​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ហើយ​ម្យ៉ាងទៀត វា​ក៏​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទាញ​ប្រជាប្រិយភាព​មុន​ការបោះឆ្នោត​សភា​មកដល់​ឆ្នាំ ២០១៩​ដែរ​។ លោក​បាន​សន្យា​ធ្វើបែបនេះ​ក្នុងពេល​ឃោសនា​ឆ្នាំ ២០១៥ ពេល​លោក​ឈរ​ជា​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ គោលដៅ​សំខាន់​នៃ​គោលនយោបាយ​នេះ​គឺ ការពារ​ឬ​ថែរក្សា​សុខភាព​យុវជន​យុវនារី​កាណាដា និង​ដោះស្រាយ​បញ្ហា​ជួញដូរ​កញ្ឆា​ខុសច្បាប់​នៅក្នុង​សង្គម​កាណាដា​ដែលជា​បញ្ហា​ដ៏​រសើប​នោះ​។  
 
​លោក ទ្រូ​ដូ បាន​សង្កត់ធ្ងន់ថា ច្បាប់​មាន​អាយុកាល​ជាង​មួយ​សតវត្ស​ដែល​កំណត់ថា​ការប្រើប្រាស់ ឬ​ទិញ​លក់​កញ្ឆា​ខុសច្បាប់​នោះ មិនមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ក្រុម​ឈ្មួញ​សង្គមងងឹត​វិញ​បាន​បន្ត​ទាញ​ប្រយោជន៍​ច្រើន​ពី​បញ្ហា​នេះ ព្រោះ​ប្រជាជន​កាណាដា​ច្រើនណាស់​ដែល​ប្រើប្រាស់​កញ្ឆា​លួចលាក់​។​
 
​ក្នុងពេល​ប្រជុំ​សភា នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ពន្យល់ថា ការហាមឃាត់​កន្លងមក​លើ​ការប្រើប្រាស់​កញ្ឆា​ក្នុង​លក្ខខណ្ឌ​សមស្រប​នេះ បង្ក​ផលប៉ះពាល់​ខ្លាំង​លើ​សហគមន៍​នានា​នៅ​កាណាដា​កន្លងមក​ជាពិសេស​ប្រជាជន​ក្រីក្រ​ដែល​នាំគ្នា​លួច​ប្រើប្រាស់​កញ្ឆា​ដោយ​មិន​ត្រឹមត្រូវ​ឬ​សម​ស្របតាម​ការកំណត់​ត្រឹមត្រូវ​។​
 
​បើតាម​ស្ថិតិ​រដ្ឋាភិបាល​កាណាដា ប្រជាជន​កាណាដា​ប្រហែល ៥,៤​លាន​នាក់​នឹង​ទិញ​កញ្ឆា​ដើម្បី​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៨ ដែល​ប្រហែល ១៥​ភាគរយ​នៃ​ប្រជាជន​កាណាដា​ទាំងអស់​។ ចំណែក​ប្រជាជន ៤,៩ លាន​នាក់​រួច​បាន​ជក់​កញ្ឆា​រួចទៅហើយ​។​
 
​រដ្ឋាភិបាល​លោក ទ្រូ​ដូ ក៏បាន​ព្យាករ​ផងដែរ​ថា ក្រោយ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ រដ្ឋាភិបាល​នឹង​អា​ចរក​ពន្ធ​បាន​រហូតដល់ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការលក់ដូរ​កញ្ឆា​ដោយ​ស្របច្បាប់​នេះដែរ​៕
 

Tag:
 ​កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ​
  កញ្ឆា​
© រក្សាសិទ្ធិដោយ thmeythmey.com