អន្តរជាតិ
ចិន​ខឹង​អាមេរិក​ដែល​ចោទ​ខ្លួន​ថា មាន​ចរិត​ជញ្ជក់​ឈាម​អ្នកក្រ​ដើម្បី​បង្កើន​ឥទ្ធិពល​ផ្ទាល់ខ្លួន​
18, Oct 2018 , 8:59 pm        
រូបភាព
លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែតុលា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែតុលា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៧ ខែតុលា បាន​បដិសេធ​ពាក្យ​ចោទ​របស់​មេដឹកនាំ​អាមេរិក​ដែល​ចោទថា ខ្លួន​ប្រើ​ការទូត​បំណុល​ដើម្បី​បង្កើន​ឥទ្ធិពល​ពាសពេញ​ពិភពលោក​។ តាមរយៈ​ក្រសួងការបរទេស ចិន​ឆ្លើយតប​វិញ​ថា ជំនួយ ឬ​កម្ចី​របស់ខ្លួន គឺ​ដើម្បី​បំពេញតម្រូវការ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត ដែល​ក្រខ្សត់​ធនធាន ដោយ​ឈរលើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ និង​គោរព​គ្នា​ទៅវិញទៅមក​។ ចិន​ក៏​ប្រាប់​ឲ្យ​អាមេរិក​បញ្ឈប់​ទង្វើ​ដែល​រាំងស្ទះ​ដល់​ការជួយ​គ្នា​ទៅមក​របស់​សហគមន៍​អន្តរជាតិ​។

 
​ការផ្ដល់​ជំនួយ និង​កម្ចី​ពី​សំណាក់​ចិន​ទៅ​ប្រទេស​ផ្សេង នៅតែ​ជា​ប្រធានបទ​ដែល​អាមេរិក​បន្ត​វាយប្រហារ​មិនចេះចប់​។ សប្ដាហ៍​មុន អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន រិះគន់ថា ចិន​កំពុង​យក​ការទូត​បំណុល​ធ្វើជា​ឧបករណ៍​ពង្រាយ​ឥទ្ធិពល ឯ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស វិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ចោទ​ចិន​ថា មាន​ចរិត​ជញ្ជក់​ឈាម​គេឯង​តាមផ្លូវ​សេដ្ឋកិច្ច ដោយបាន​ផ្ដល់​កម្ចី​សន្ធឹកសន្ធាប់​ដល់​ប្រទេស​តូច​ដែល​ពិបាក​សង​វិញ​។​
 
​ចិន​បង្ហាញ​ការខកចិត្ត​ចំពោះ​ការអធិប្បាយ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន និង​ចាត់ទុកជា​ការនិយាយ​កុហក និង​ដើម្បី​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​។ នៅ​ថ្ងៃទី​១៧ ខែតុលា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លូ កាង បាន​និយាយ​ការពារ​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​របស់​ចិន​ទៅ​ប្រទេស​ក្រីក្រ ដែលមាន​សមត្ថភាព​ឧស្សាហកម្ម​ទាប កង្វះ​ការពឹង​ផ្អែកលើ​ខ្លួនឯង ហេ​ដ្ឋា​រចនាសម្ព័ន​ន្ធ​អន់ថយ និង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផង​។​
 
​សម្រាប់​អ្នកនាំពាក្យ​រូបនេះ បញ្ហា​ដែល​ប្រទេស​ក្រីក្រ​ទាំងនោះ​កំពុង​ជួបប្រទះ ក៏​ចិន​ធ្លាប់​ជួប​ដូចគ្នា​នា​ដែរ ដូចនេះ​ចិន​ដឹង​ពី​តម្រូវការ​របស់​ពួកគេ ហើយក៏​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​ប្រយោជន៍​ទៅមក​ជាមួយ​ប្រទេស​ទាំងនោះ ដោយ​អនុវត្តតាម​គោលការណ៍​យុត្តិធម៌ និង​ការ​ផ្ដល់ជំនួយ​ដោយ​គ្មាន​ចំណង​។ លោក លូ បាន​លើក​ឧទាហរណ៍​គម្រោង​ផ្លូវដែក​នៅ​កេ​ន​យ៉ា​ដែល​ចិន​ជួយ​បង្កើត​ការងារ​៥​ម៉ឺន​កន្លែង និង​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​នៅ​ប៉ា​គី​ស្ថាន​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​២.៥​ភាគរយ​ផង​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោក លូ ក៏​ឆ្លៀត​រំឭក​ពី​បំណង​របស់​ប្រទេស​ក្រីក្រ​ដែល​ចង់បាន​ជំនួយ​ពី​ប្រទេស​អ្នកមាន​រាប់ទាំង​អាមេរិក​ផង ហើយ​ដែល​ជំនួយ​ទាំងនោះ​មិនគួរ​មាន​លក្ខខណ្ឌ​អ្វី​ឡើយ​។ ដោយ​ចង់​សំដៅ​អាមេរិក មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​បន្តថា ប្រទេស​ខ្លះ​បើ​មិន​អាចជួយ​ដូច​ក្ដី​រំពឹង​បាន​នោះ គួរតែ​កុំ​ធ្វើជា​ឧបសគ្គ​ដល់​ប្រទេស​ផ្សេង​ក្នុង​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ហោចណាស់​កុំ​ធ្វើបាប​ប្រជាជន​ប្រទេស​ទាំងនោះ​អី​។​
 
​ជុំវិញ​រឿង​បំណុល​វិញ លោក លូ ក៏បាន​អះអាងថា មកទល់ពេលនេះ មិនទាន់មាន​ប្រទេស​ណា​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ដូច​ការអះអាង​របស់លោក​ខាងលិច​ឡើយ ហើយ​បើ​មាន ក៏​ស្ថិតនៅ​កម្រិត​តិចតួច​ដែរ​។ លោក​និយាយ​ដល់​ករណី​ស្រីលង្កា​ដែល​ស្ថិតនៅ​កណ្ដាល​រឿងអាស្រូវ​បំណុល​នេះ ដោយ​លោក​លើកឡើងថា ត្រឹម​ឆ្នាំ​២០១៧ កម្ចី​ចិន​ស្មើនឹង​១០​ភាគរយ​នៃ​បំណុល​សរុប​របស់​ប្រទេស​នេះ នៅ​ហ្វីលីពីន​វិញ​មាន​ត្រឹម​១​ភាគរយ​ប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  អាមេរិក​
  បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com