កីឡាជាតិ
ជាតិ
ទៀត គឹម​ហេង ត្រៀមខ្លួន​បង្ហាញខ្លួន​នៅ​លី​គ​កំពូល ជាមួយ​វិសាខា​
19, Oct 2018 , 7:59 am        
រូបភាព
កីឡាករ ទៀត គឹមហេង លើកបង្ហាញស្លាកឈ្មោះក្លិបវិសាខា ក្រោយចុះកិច្ចសន្យារួមរស់ជាមួយក្លិបនេះ
កីឡាករ ទៀត គឹមហេង លើកបង្ហាញស្លាកឈ្មោះក្លិបវិសាខា ក្រោយចុះកិច្ចសន្យារួមរស់ជាមួយក្លិបនេះ
ដោយ:
​ក្រោយ​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​វិសាខា កីឡាករ ទៀត គឹម​ហេង រំពឹង​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល ទោះបី​កៅអី​នេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏ដោយ​។ ការចូល​រួមជាមួយ​វិសាខា គឹម​ហេង ទទួល​បានការ​ទំនុកបម្រុង​លើ​ថ្លៃ​ការសិក្សា ស្នាក់នៅ ម្ហូបអាហារ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​

 
​ខ្សែបម្រើ​វ័យក្មេង ទៀត គឹម​ហេង បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បាល់ទាត់​វិសាខា ក្រោយ​ត្រូវបាន​រំសាយ​ពី​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ ទោះបី​មិន​បញ្ជាក់​ពី​រយៈពេល​នៃ​កិច្ចសន្យា តែ​ថ្នាក់ដឹកនាំ​ក្លិប​អះអាងថា កិច្ចសន្យា​នេះ​មាន​រយៈពេល​វែង​។ គឹម​ហង ដែល​អះអាង​មាន​សមត្ថភាព​មិនទាន់​គ្រប់គ្រាន់​ក្នុង​រយៈពេល​ហ្វឹកហាត់​៥​ឆ្នាំ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី រំពឹងថា រូបគេ​នឹង​បាន​បញ្ចេញ​សមត្ថភាព​ក្នុងការ​ប្រកួត​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ជាមួយ​ក្លិប​វិសាខា​។ 
 
«​ការចូលរួម​ជាមួយ​ក្លិប​វិសាខា ខ្ញុំ​រំពឹងថា នឹង​បានបង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត​លី​គ​កំពូល​។ ទោះបី​ខ្ញុំ​ដឹងថា ក្លិប​វិសាខា​មាន​កីឡាករ​ជើងចាស់​ច្រើន និង​មាន​សមត្ថភាព​ក៏ដោយ តែ​ខ្ញុំ​នៅតែ​មានកូន​ចិត្ត​ថា នឹង​ទទួលបាន​កៅអី​មួយ​នេះ​»​។ ការបង្ហាញ​ក្តី​រំពឹង​បែបនេះ​របស់ ទៀត គឹម​ហេង ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរំសាយ​យុវជន​១៦​រូប​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​
 
​ទោះបី​មិន​រំពឹង​ទទួលបាន​ជោគជ័យ​ជាមួយ​ទ្រនំ​ថ្មី តែ​កីឡាករ​មកពី​ខេត្ត​ព្រះសីហនុ​រូបនេះ ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​សម្រេច​បំណង​ទៅ​ថ្ងៃ​អនាគត​។ កីឡាករ​វ័យ​១៨​រូបនេះ​បន្ថែមថា រូបគេ​មាន​ម​ហិ​ច្ឆិ​តាច​ង់​ក្លាយជា​កីឡាករ​បាល់ទាត់​ល្អ និង​មានឈ្មោះ​ល្បីល្បាញ​ម្នា​ក់នៅ​កម្ពុជា​។​
 
​កីឡាករ​ដែល​ចូល​ហ្វឹកហាត់​បាល់ទាត់​តាំងពី​អាយុ​១៣​ឆ្នាំ​រូបនេះ ចាត់ទុក​កីឡាករ ចាន់ វឌ្ឍនាកា រស់ សំអឿន និង គួច សុគ​ម្ភៈ ជា​កីឡាករ​និមិត្តរូប​សម្រាប់​ខ្លួន ខណៈ​កីឡាករ​បរទេស​គេ​ចូលចិត្ត​កីឡាករ Cristiano Ronaldo​។ ការចូល​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​របស់ គឹម​ហេង ដោយសារ​ការស្រលាញ់​តាំងពី​កុមារ និង​មាន​ឪពុក​ជា​អ្នក​ចូលចិត្ត​កីឡា​មួយ​នេះ​។ 
 
​កីឡាករ​ដែលមាន​ស្រុក​កំណើត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​រូបនេះ​បាន​រៀបរាប់ថា នៅ​ពី​ក្មេង​រូបគេ​តែងតែ​ត្រូវបាន​ឪពុក​យកទៅ​តារាង​បាល់ទាត់ ពេល​ឪពុក​ខ្លួន​ទៅលេង​បាល់ទាត់​លក្ខណៈ​មិត្តភាព ដើម្បី​សុខភាព​ម្តងៗ​។ កត្តា​នេះហើយ​ទើប​ធ្វើ​ឲ្យ​រូបគេ​ស្រលាញ់ ចូលចិត្ត និង​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​តាំងពី​ក្មេង​។​
 
​ក្រៅពី​កីឡាករ ទៀត គឹម​ហេង ក៏មាន​កីឡាករ​៥​រូប​ផ្សេងទៀត​ផងដែរ ដែល​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​វិសាខា​។ កីឡាករ​ទាំងនោះ​រួមមាន ទូច គឹម​ឆាយ​, ផុន តៃនិញ​, ឡុង ម៉េង​ហាង និង​អ្នកចាំទី គង់ ពី​លត់​៕       
 

Tag:
 បាល់ទាត់​
  ទៀត គឹម​ហេង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com