អន្តរជាតិ
អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 សមុទ្រ​ចិន​ខាងត្បូង មុន​ប្រមុខ​ការពារជាតិ​ជួបគ្នា​នៅ​សិង្ហ​បុរី​
18, Oct 2018 , 9:39 pm        
រូបភាព
យន្តហោះទម្លាក់គ្រាប់បែក B-52 ហោះចេញពីមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្កាម (រូបភាពពី US Air Force)
យន្តហោះទម្លាក់គ្រាប់បែក B-52 ហោះចេញពីមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្កាម (រូបភាពពី US Air Force)
​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក B-52 ចំនួន​ពីរ​គ្រឿង បាន​ហោះហើរ​ពីលើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ចិន​ទាមទារ​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ វត្តមាន​របស់​យន្តហោះ B-52 ធ្វើឡើង​មុន​ជំនួប​ប្រចាំឆ្នាំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​នៅ​សិង្ហ​បុរី ជាទី​ដែល​ប្រមុខ​ការពារជាតិ​អាមេរិក និង​ចិន​គ្រោង​ជួបគ្នា​ដែរ​។ ស្ថានភាព​តំបន់​ទំនង​តានតឹង​ដោយសារ​ការហោះ​ល្បាត​របស់​យន្តហោះ​អាមេរិក ហើយ​ជំនួប​នៅ​សិង្ហ​បុរី ទំនងជា​ក្លាយជា​វេទិកា​រិះគន់​គ្នា​ដែរ​។​

 
​កងទ័ពអាកាស​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​១៨ ខែតុលា ប្រកាសថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ពីរ​គ្រឿង បាន​ហោះ​ចេញពី​មូលដ្ឋាន​អាកាស Andersen នៅលើ​កោះ​ហ្កា​ម និង​ធ្វើ​បេសកកម្ម​ហ្វឹកហាត់​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ប្រតិបត្តិ​ការហោះហើរ​នេះ កើត​មាននៅ​ថ្ងៃទី​១៦ ខែតុលា ហើយ​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការរក្សា​វត្ត​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ទីបញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក តាំងពី​ឆ្នាំ​២០០៤ មក​។​
 
​ជាមួយនឹង​ការអះអាង​ជាថ្មី​ថា ប្រតិបត្តិការ​នេះ​ស្ថិតក្រោម​ច្បាប់​អន្តរជាតិ ទ័ពអាកាស​អាមេរិក​ក៏​ចាត់ទុក​បេសកកម្ម​នេះ​ជាការ​បន្ត​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។ ប៉ុន្តែ​វា​ក៏​នឹងធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​មិន​ខាន ព្រោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​ទឹកដី​ដែល​ខ្លួន​ទាមទារ ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដូចជា ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និង​តៃវ៉ាន់​ផង​នោះ​។​
 
​អ្វី​គួរ​ចាប់អារម្មណ៍ វា​ទំនងជា​ធ្វើ​ឲ្យ​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​សិង្ហ​បុរី​ឡើងក​ម្ដៅ​ដែរ​។ ឯ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​ប្រមុខ​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ ដែលមាន​វត្ត​មាននៅ​សិង្ហ​បុរី​ដែរនោះ នឹង​ជួប​តទល់​គ្នា​ទៀតផង ស្រប​ពេលដែល​ទំនាក់ទំនង​អាមេរិក និង​ចិន​កំពុង​ល្អក់កករ​ខ្លាំង​។ តាមពិតទៅ លោក វៃ ត្រូវ​ទទួល​លោក ម៉ា​ធី​ស នៅ​ប៉េកាំង​នៅ​សប្ដាហ៍ តែ​ជំនួប​ត្រូវ​លុបចោល​វិញ ព្រោះ​លោក វៃ បែរជា​មិន​ទំនេរ​ទៅវិញ​។​
 
​សម្រាប់​គម្រោង​ជំនួប​នៅ​សិង្ហ​បុរី ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Randall Schriver និយាយថា ក្រុង​ប៉េកាំង​ជា​អ្នក​ចង់​មាន​ជំនួប​នេះ​។ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប​ញ្ច​កោណ​ទទួល​កិច្ចការ​អាស៊ី និង​សន្តិសុខ​ប៉ាស៊ីហ្វិក បញ្ជាក់ថា ការ​រង្កៀស​ចិត្តបាន​កើតមាន​បន្ទាប់ពី​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អង្គភាព​យោធា​ចិន​ដែល​ទិញ​យន្តហោះ​ពី​រុស្ស៊ី ប៉ុន្តែ​ជំនួប​រវាង​លោក ម៉ា​ធី​ស និង​លោក វៃ ពេលនេះ ជា​ភស្តុតាង​បង្ហាញថា ចិន​ចាប់អារម្មណ៍​រក្សា​ស្ថិរភាព​ដូច​អាមេរិក​ដែរ​។​
 
​បេសកកម្ម​របស់​យន្ត​ហោះ B-52 ពីលើ​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​រឿង​ថ្មី​ឡើយ ហើយ​កាន់តែ​មិន​ប្លែក​ថែមទៀត​បើ​និយាយ​ពី​វត្តមាន​យោធា​អាមេរិក​នៅ​តំបន់​ក៏​ក្ដៅគគុក​មួយ​នេះ​។ នៅ​ចុងខែ​កញ្ញា នាវាចម្បាំង​របស់​អាមេរិក និង​ចិន​ប៊ិះ​នឹង​ប៉ះគ្នា​ទៅហើយ បន្ទាប់ពី​នាវាចម្បាំង​ចិន​ដេញ​នាវា​អាមេរិក​ចេញពី​សមុទ្រ​ចិន​ខាងត្បូង​។ យ៉ាងណាមិញ លោក ម៉ា​ធី​ស និយាយ​ហើយ​ថា តំបន់​សមុទ្រ​មួយ​នេះ​ជា​ដែនអាកាស​អន្តរជាតិ និង​ដែនទឹក​អន្តរជាតិ ដែល​អាមេរិក​ធ្វើ​សកម្មភាព​បាន​៕
 

Tag:
 អាមេរិក​
  ចិន​
  សិង្ហ​បុរី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com