ជាតិ
សុខភាព
លោក Jean-Gaetan ៖ រាល់​៤​ម៉ោង​ម្តង មាន​ពលរដ្ឋ​ខ្មែរ​១​នាក់​បាន​ស្លាប់ ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​
18, Oct 2018 , 9:19 pm        
រូបភាព
លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុនZUelling Pharma ប្រចាំកម្ពុជា
លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុនZUelling Pharma ប្រចាំកម្ពុជា
​ភ្នំពេញ​៖  ពលរដ្ឋ​មួយ​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាង​១៦​លាន​នាក់ ត្រូវបាន​ស្លាប់ រៀងរាល់​ពេល​៤​ម៉ោង​ម្តង ដោយសារ​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​។  នេះ​ជា​លើកឡើង​របស់លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិកា​រ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន​ZUelling Pharma ប្រចាំ​កម្ពុជា ។​

 
​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​សារព័ត៌មាន ធុរកិច្ច និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម លោក Jean-Gaetan បាន​និយាយថា ឱសថ​ក្លែងក្លាយ​បានសម្លាប់​មនុស្ស​ក្នុង​មួយថ្ងៃ ច្រើនជាង​ភេរវ​ករ​សម្លាប់​មនុស្ស​ក្នុង​មួយឆ្នាំ​។ លោក​ថា អ្នកស្លាប់​មាន​ចំនួន​៥​ដង ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់ ដោយសារតែ​ញៀន​ថ្នាំ ឬ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។ បើតាម​លោក Jean-Gaetan មាន​ឱសថ​៧​ក្នុងចំណោម​១០​មុខ លក់​នៅលើ​ទីផ្សារ​កម្ពុជា គឺជា​ឱសថ​ក្លែងក្លាយ​។​
 
​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការប្រយុទ្ធប្រឆាំង​ការនាំ​ចូល និង​ផលិត​ឱសថ​ក្លែងក្លាយ ត្រូវបាន​គណៈកម្មាធិកា​រ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប ផ្តល់​វា​ជា​អទិភាព​ដំបូង ទៅលើ​វិនិយោគ​អឺរ៉ុប មក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ព្រោះ​វា គឺជា​ធុរកិច្ច​មួយ​ដ៏​សាហាវ​បំផុត ចំពោះ​អ្នក​ដែល​ព្យាយាម​រកប្រាក់​ចំណេញ ដោយ​មិន​គិត​ទៅលើ​សុ​ខុ​ភាព​សង្គម​»​។  
 
​ជាទូទៅ​អ្នកធ្វើ​ធុរកិច្ច​បែបនេះ តែងតែ​ផ្តោតលើ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ពិសេស​ចំពោះ​អ្នកមាន​សុខភាព​ប៉ះពាល់​នឹង​ជីវិត  និង​អ្នកបញ្ជា​ទិញ​ឱសថ​តាម​ប្រព័ន្ធ​Internet ឬ​តាម​Online ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក Jean-Gaetan​។ 
 
​លោក​បន្តថា គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប កំពុង​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហា​ផៃ្ទ ដើម្បី​រួមគ្នា​ទប់ស្កាត់​កា​នាំចូល ឬ​ផលិត​ឱសថ​ក្លែងក្លាយ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ការរួមចំណែក​ទទួលខុសត្រូវ​ផ្នែក​សង្គម​ផងដែរ​។​
 
​ជាមួយគ្នានេះ លោក Jean-Gaetan បានផ្តល់​នូវ​ការណែនាំ ៣​ចំណុច ដល់​ប្រជាជន​ខ្មែរ គឺ​ទី​១ មុននឹង​សម្រេចចិត្ត​ទិញ​ឱសថ ពី​ឱសថស្ថាន​ណាមួយ ត្រូវ​ពិនិត្យមើល​តែម ដែល​បាន​បិទ​នៅជាប់​ប្រអប់​ថ្នាំ ថា​មាន​ចុះបញ្ជី ដែរឬទេ​? ទី​២ ពិនិត្យ​កាល​បរិ​ច្ចេ​ទ​ផុតកំណត់​នៃ​ថ្នាំ និង​ចុងក្រោយ​ត្រូវ​ពិនិត្យមើល​នៅក្នុង​ប្រអប់​ថ្នាំ​នោះ មានកូន​ក្រដាស ដែល​សរសេរ​ជា​ភាសា​ខ្មែរ រៀបរាប់​ពី​ឥទ្ធិពល​ថ្នាំ​នោះ​។  បើតាម​លោក Jean-Gaetan ការពិនិត្យ និង​ធ្វើបែបនេះ វា​ជួយ​បាន​មួយចំណែក​ដល់​ការកាត់បន្ថយ​ពី​ការទទួលបាន​ឱសថ​ក្លែងក្លាយ និង​គ្មាន​គុណភាព យកមកប្រើ​ប្រាស់​។​
 
​ប្រធាន​គណៈកម្មាធិកា​រ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​រូបនេះ បាន​បន្ថែមថា មាន​ប្រជាជន​ជាង​១​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ត្រូវបាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​៕


 
 

Tag:
 សង្គម​
  ឱសថ​ក្លែងក្លាយ​
  សុខុមាលភាព
© រក្សាសិទ្ធិដោយ thmeythmey.com