កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រាប់ឈ្មោះគូប្រកួតបន្ទាប់ តែបដិសេធជំនួបសងសឹក Mayweather
× កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសថា ៩០ភាគរយ រូបគេនឹងឡើងសង្វៀនប្រកួតនៅខែមករាខាងមុខនៅទឹកដីអាមេរិក ដើម្បីតទល់ជាមួយកីឡាករអាមេរិច Adrien Broner។ Pacquiao ក៏បានច្រាលចោលពាក្យចចាអារ៉ាមដែលថាខ្លួននឹងប្រកួតលើកទី២ជាមួយ Floyd Mayweather ផងដែរ។
ការប្រកាសខាងលើរបស់អ្នកប្រដាល់អាស៊ី វ័យ៣៩ឆ្នាំនេះ បន្ទាប់ពីរូបគេបានសាងប្រជាប្រិយភាពក្នុងអាជីពប្រដាល់ឡើងវិញដោយការបំបាក់កីឡាករអាហ្សង់ទីន Lucas Matthysse កាលពីខែកក្កដាកន្លងទៅ ដែលជាការផ្តួលឲ្យសន្លប់លើកដំបូងក្នុងរយៈពេល៩ឆ្នាំចុងក្រោយរបស់គេដែរ។
ចាប់តាំងពីពេលនោះមក Pacquiao បានបដិសេធអំពីការចូលនិវត្តន៍របស់ខ្លួន ហើយសន្យាថានឹងប្រយុទ្ធបន្តទៀត ហើយការលើកឡើងបែបនេះក៏ធ្វើឲ្យមានព័ត៌មានមិនច្បាស់អំពីគូប្រយុទ្ធរបស់គេជាច្រើនផងដែរនាពេលកន្លងមក។
ប៉ុន្តែបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងកម្មវិធីសប្បុរសធម៌មួយនាក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១៧ ខែតុលា Pacquiao បានប្រាប់អ្នកយកព័ត៌មានថា Adrien Broner គឺជាគូប្រកួតរបស់គេ។ Broner វ័យ២៩ឆ្នាំ ធ្លាប់ប្រកួត៣៨ដង ឈ្នះ៣៣ ចាញ់៣ និងស្មើម្តង ផ្តួលដៃគូមិនឲ្រតដៃរួច២៤លើក។
សមាជិកព្រឹទ្ធសភាហ្វីលីពីនខាងលើបន្ថែមថា លោកពិតជាពេញចិត្តនឹងការប្រកួតទល់នឹងអតីតម្ចាស់ជើងឯកពិភពលោក៤សម័យរបស់អាមេរិកនេះ ហើយថ្ងៃប្រកួតប្រហែលនៅក្នុងខែមករាខាងមុនចន្លោះពី១២ ឬ១៩ មករា នៅក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក។
មួយវិញទៀត ជុំវិញព័ត៌មានដែលថា Pacquiao នឹងត្រូវឡើងប្រកួតសងសឹងជាមួយអ្នកប្រដាល់មិនស្គាល់ចាញ់របស់អាមេរិក Mayweather នោះ រូបគេបានបដិសេធទាំងស្រុង។
Mayweather វ័យ៤១ឆ្នាំធ្លាប់បានលើកឡើងកាលពីខែកញ្ញា ថារូបគេនឹងចេញពីការចូលនិវត្តន៍ដើម្បីទៅតទល់ជាមួយ Pacquiao នៅចុងឆ្នាំនេះ «សម្រាប់ព្រឹត្តិការណ៍ប្រដាល់ដ៏ធំមួយ» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
Tag:
ប្រដាល់
Manny Pacquiao
Adrien Broner
Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com