ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ បើ​សហភាព​អឺរ៉ុប ដក​អនុគ្រោះ​ពន្ធ គឺ​ដូចជា​បោះបង់​អ្វីៗ ដែល​ខំ​ជួយ​កម្ពុជា​កន្លងមក​
18, Oct 2018 , 8:50 pm        
រូបភាព
ជំនួបរវាងគណៈប្រតិភូកម្ពុជា និងក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប ក្នុងទីក្រុងព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
ជំនួបរវាងគណៈប្រតិភូកម្ពុជា និងក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប ក្នុងទីក្រុងព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន យល់ឃើញថា បើ​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ ចេញពី​កម្ពុជា​មែន​នោះ គឺ​ប្រៀបដូចជា​សហភាព​អឺរ៉ុប សម្រេចចិត្ត​បោះបង់​អ្វីៗ ដែល​ខិតខំ​ធ្វើ​នៅ​កម្ពុជា​កន្លងមក​។ មេដឹកនាំ​កម្ពុជា ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​សម្រេច​លើ​រឿងនេះ​។​

 
 
កំពុង​ស្ថិតក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប​លើក​ទី​១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​ជំនួប​ដោយឡែក​មួយ​ជាមួយ លោក ម៉ា​ទីន ហេ (Martin Hayes) តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុស​ច៍ (Bosch) ប្រចាំ​អាស៊ីអាគ្នេយ៍​ផងដែរ​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន គេ ឃើញ​អត្ថបទ​ព័ត៌មាន​ដ៏​វែង​អន្លាយ​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅ​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ ស្តីពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​។​
 
​តាមរយៈ​អត្ថបទ​ដ៏​វែង​នេះ គេ អាច​ដឹងថា អ្នក​ទាំងពីរ បាន​និយាយ​គ្នាច្រើន ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច និង​វិស័យ​ពាណិជ្ជកម្ម រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​ក្នុងនោះ ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើស​ព្វ​មុខទំនិញ (EBA) ចេញពីកម្ពុជា ក៏ត្រូវ​បានលើកឡើង​ដែរ​។ សម្តេច ហ៊ុន សែន បង្ហាញ​ការយល់ឃើញ​ផ្ទាល់ខ្លួន​ទៅកាន់​លោក ម៉ា​ទីន ថា សហភាព​អឺរ៉ុប ត្រូវ​ស្តាប់​គេឯង មុននឹង​សម្រេចចិត្ត​លើ​បញ្ហា​អ្វីមួយ​។
 
​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេច បាន​ជម្រាប​ថា មាន​ប្រទេស​មួយចំនួន​ក្នុង​សហភាព​អឺរ៉ុប បាន​គំរាម​ដល់​កម្ពុជា និង​មី​យ៉ាន់​ម៉ា ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។ សហភាព​អឺរ៉ុប បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន ព្រោះ​ចង់ឃើញ​កម្ពុជា​រីកចម្រើន​។ ប៉ុន្តែ បើ​សហភាព​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ហាក់បីដូចជា សហ​ភា​អឺរ៉ុប បោះបង់ចោល​នូវ​អ្វីៗ ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ នៅ​កម្ពុជា កន្លងមក​។ ដូច្នេះ សូម​ឲ្យ​សហភាព​អឺរ៉ុប មុន​សម្រេច​អ្វី គឺ​ត្រូវ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ស្តាប់​មតិយោបល់​របស់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អឺរ៉ុប​ផងដែរ​»​។ 
 
​នៅ​ចំពោះមុខ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ថា ខ្លួន មិន​ចង់ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន ដែល​ធ្លាប់បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​ចំនួន​ពីរលើក​មកលើ​កម្ពុជា​រួចមកហើយ​នោះ ​បន្ត​ប្រព្រឹត្ត​កំហុស​ជា​លើក​ទី​បី​ទៀតឡើយ​។ 
 
​កំហុស​លើកទីមួយ គឺ​កាលពី​ទសវត្សរ៍​៧០ មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នៅ​អឺរ៉ុប បាន​គាំទ្រ​រដ្ឋប្រហារ​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​។ កំហុស​ទី​ពីរ គឺ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ បាន​គាំទ្រ​របប​ខ្មែរក្រហម រួមទាំង​ការពារ​កៅអី​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ ដែល​របប​នេះ បានសម្លាប់​មនុស្ស​អស់​ជាង​បី​លាន​នាក់​។ ទាំងនេះ​គឺជា​ការរៀបរាប់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប​។ 
 
​មេដឹកនាំ​កម្ពុជា បាន​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ មិន​សោកស្តាយ​ចំពោះ​ការបាត់បង់​របស់​កម្ពុ​ជានា​ពេលកន្លងមក​ឡើយ​។ ហើយ​បើ​មាន​កំហុស​ទី​បី​មែន ក៏​ពួកគេ​នៅតែ​គ្មាន​មនោ​សញ្ច​ត​នា​សោកស្តាយ​ជាមួយ​កម្ពុជា​ដែរ​។ ដូច្នេះ​សូមកុំ​ឲ្យ​មាន​កំហុស​ទី​បី​កើតឡើង​ចំពោះ​កម្ពុជា​ជា​បន្តទៀត ព្រោះ​មិនមែន​ប្រទេស​ទាំងនោះ​ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ភាព​ខ្លាច​ផ្សារ​ទេ គឺ​ពលរដ្ឋ​កម្ពុជា ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ការឈឺចាប់ និង​វិនាស​ហិនហោច​»​។​
 
​បរិយាយ​រឿង​ទាំងអស់​ខាងលើ​រួចហើយ មេដឹកនាំ​កម្ពុជា ក៏​ឆ្លៀត​បញ្ចេញ​បំណង​របស់ខ្លួន ដែល​មិន​ចង់​ឲ្យ​សហភាព​អឺរ៉ុប ដាក់​គំនាប​មកលើ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ យើង បានដឹង​ហើយ​អំពី​សភាពការណ៍​ពិត​របស់​កម្ពុជា​។ […..] សហភាព​អឺរ៉ុប មិន​ត្រូវដាក់​ការកៀបសង្កត់​ណាមួយ ដែល​ប្រាសចាក​ការពិត ដើម្បី​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ពលរ​ដ្ឋ​កម្ពុជា និង​អ្នក​វិនិយោគិន​អឺរ៉ុប​ឡើយ ព្រោះ​លក្ខខណ្ឌ​ការងារ ប្រាក់ខែ និង​ផលប្រយោជន៍​បុគ្គលិក កម្មករ​-​កម្ម​ការ​នី កាន់តែ​ប្រសើរឡើង​»​។​
 
​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ក៏មាន​សរសេរ​ពី​ការឆ្លើយតប​របស់លោក ម៉ា​ទីន​ផងដែរ​។ សម្រាប់​លោក ម៉ា​ទីន លោក មើលឃើញ​ហានិភ័យ ដែល​អាច​កើតមាន​លើ​ពួក​វិនិយោគិន​អឺរ៉ុប​នៅ​កម្ពុជា បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពិតជា​ត្រូវបាន​ដក​ចេញពី​កម្ពុជា​មែន​នោះ​។​
 
​អត្ថបទ​ព័ត៌មាន​នោះ សរសេរ​បែបនេះ​ថា​៖«​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប ដែលមាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០ បាន​ចាត់ទុកថា បើ​មានការ​ដកចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​មែន​នោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី​សហភាព​អឺរ៉ុប​។ តំណាង​អាស៊ាន​-​សហភាព​អឺរ៉ុប នឹង​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់​និង​ខាតបង់​ផលប្រយោជន៍​ក្រុមហ៊ុន​អ៊ឺរ៉ុប​ជាច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​»​។​
 
​ថ្មីៗ​នេះ សហភាព​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​មួយ​ស្តីពី​ដំណើរការ​នៃ​ការដក​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ នីតិវិធី​នេះ មាន​រយៈពេល​មួយឆ្នាំ ទើប​សហភាព​អឺរ៉ុប អាច​សម្រេច​ជា​ផ្លូវការ​ថា ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ឬ​បន្ត​។ 
 
​មូលហេតុ ដែល​នាំ​ឲ្យ​សហភាពអឺរ៉ុប យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មក​ព្រមាន​កម្ពុជា ដោយសារតែ​សហភាព​អឺរ៉ុប មិន​ពេញ​ចិត្តនឹង​ទង្វើ​មួយចំនួនរបស់​រដ្ឋាភិបាល​ក​ម្ពុ​ជា នាពេលកន្លងមក​។ សហភាព​អឺរ៉ុប ចោទថា រដ្ឋាភិបាល​កម្ពុជា រឹតត្បិត​សិទ្ធិសេរីភាព និង​មិនសូវ​គោរព​សិទ្ធិមនុស្ស​។ ជាពិសេស ការរំលាយ​គណបក្សប្រឆាំង និង​ការឃុំ​មេគណបក្ស​ប្រឆាំង គឺ​ជា​រឿង​ដែលធ្វើ​ឲ្យ​សហភាពអឺរ៉ុប  កាន់តែមិន​ពេញចិត្ត​ថែមទៀត។  
 
​ក្រោយ​សហភាព​អឺរ៉ុប ប្រកាស​ពី​ដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា មជ្ឈដ្ឋាន​ជាច្រើន បាន​ជជែក​គ្នា​យ៉ាង​ផុសផុល​ពី​បញ្ហា​នេះ​។ មជ្ឈដ្ឋាន​ខ្លះ សម្តែង​ក្តី​ព្រួយបារម្ភ​ពី​សេដ្ឋកិច្ចកម្ពុជា ក្នុងករណី​ដែល​សហភាពអឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ 
 
​សូមបញ្ជាក់ថា EBA (Everything but Arms) គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​និង​ផលិតផល ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ​។ ប្រទេស​ណា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី ប្រព័ន្ធ EBA ប្រទេស​នោះ ត្រូវ​ទទួលបាន​ការអនុគ្រោះ​ពន្ធ ចំពោះ​ការនាំ​ចូល​ទំនិញ​និង​ផលិតផល ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី ប្រព័ន្ធ EBA ដែរ​៕
  

Tag:
 ហ៊ុន សែន
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com