ជាតិ
ស្នងការរង​៖ ក្មេងស្រី​២​នាក់ នៅ​ខេត្តកំពង់ឆ្នាំង ដែល​គេ​បានសម្លាប់ មិនមែនជា​ករណី​រំលោភ​ទេ
19, Oct 2018 , 11:32 am        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សព​ក្មេងស្រី ២​នាក់ ដែល​ត្រូវបាន​គេ​សម្លាប់ នៅក្នុង​ភូមិ​ថ្មី ឃុំ​ផ្សារ​ដែក ស្រុក​បរិបូរណ៍ គឺ​មិនមែនជា​ឃាតកម្ម​រំលោភ​សម្លាប់​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុន វុទ្ធី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​ថ្ងៃទី​១៩​តុលា​។​

 
​លោក ប៉ុន វុទ្ធី បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រឿងនេះ ដើម្បី​រក​មូលហេតុ​នៅពីក្រោយ​ការសម្លាប់​ក្មេងស្រី​ទាំងពីរ​។ «​មកលើ​ពេលនេះ​ឃាតកម្ម​នេះ មិនទាន់​ដឹង​ជាការ​សម្លាប់ ក្នុងករណី​អ្វី​ទេ ហើយ​ខ្ញុំ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ  ដោយមាន​សមត្ថកិច្ចកំពុង​ស៊ើបអង្កេត​បន្ត លើ​ឃាត​កម្មនេះ ដើម្បី​ស្វែងរក​ឲ្យឃើញ​ថា ការសម្លាប់​ក្មេងស្រី​ទាំងពីរ​នាក់​ខាងលើ ​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​»​។ នេះ​ជាការ​អះអាង​របស់​ស្នងការរង​ខេត្តកំពង់ឆ្នាំង​។​
 
​យោងតាម​ប្រភពពី​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​កាលពី​ថ្ងៃទី​១៨​តុលា ក្មេងស្រី​ទាំង​២​នាក់​មានឈ្មោះ អ៊ុ​ល លក្ខិណា អាយុ​១៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អ៊ុ​ល ធីតា អាយុ​៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ឪពុក​របស់​ជនរងគ្រោះ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម្ដាយ​ទៅធ្វើជា​កម្មករ​នៅ​ភ្នំពេញ​។​
 
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ពូ​របស់​ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​របស់​ជនរងគ្រោះ បាន​ប្រទះឃើញ​សព​ជន​ក្មេងស្រី​រងគ្រោះទាំងពីរ នៅក្នុង​ប្រអប់​ឈើ​មួយ ដែលមាន​បណ្ដោយ​ប្រវែង​០,៩០​ម៉ែត្រ ទទឹង​០,៦០​ម៉ែត្រ និង​កម្ពស់​០,៤០​ម៉ែត្រ ។ នៅលើ​សាកសព​ជនរងគ្រោះ មាន​ស្លាកស្នាម​ជាំ​ជាច្រើន​កន្លែង​។ 
 
​សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល ដល់​ក្រុមគ្រួសារ​ក្មេងស្រី​២​នាក់ ដែល​ត្រូវបាន​គេ​សម្លាប់ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ថវិកា​ទាំងនេះ ត្រូវបាន​លោក ហ៊ី ណាត អភិបាលរង​ខេត្ត និង​លោក ប្រាក់ សោ​ភ័​ណ្ឌ បាន​នាំយក​ថវិកា​ជូន​គ្រួសារ​សព កាល​ថ្ងៃទី​១៨ តុលា​៕
​ 

Tag:
 សង្គម​
  សម្លាប់​
  កោសល្យ​វិ​ច្ឆ័​យ​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com