ជាតិ
ប្រតិភូ​សភា​កម្ពុជា ៖ គណៈកម្មាធិការ​IPU បាន​លាប​ពណ៌​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត
19, Oct 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ មកដល់ពេលនេះ​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា នៅតែ​ត្រូវបាន​អន្តរជាតិ​លើកឡើង​ក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​។ បញ្ហា​សិទ្ធិមនុស្ស និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​សំខាន់ ដែល​គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា យកមក​វាយតម្លៃ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា គ្មាន​ភាពត្រឹមត្រូវ ។ ផ្ទុយ​ពី​ការវាយតម្លៃ​នេះ គណប្រតិភូ​សភា​កម្ពុជា ចាត់ទុកថា គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា កំពុង​លាប​ពណ៌​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត​។​

 
​ការវាយតម្លៃ​របស់​គ​ណៈ​កម្ម​ការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា ជុំវិញ​ការបោះឆ្នោត និង​ស្ថានការណ៍​នយោបាយ​កម្ពុជា បានធ្វើ​ឲ្យ​គណៈប្រតិភូ​សភា​កម្ពុជា មិន​សប្បាយ​ឡើយ​។ នោះ​ក៏​ព្រោះតែ​របាយការណ៍​ដែលមាន​ក្នុង​ដៃ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​មួយ​នេះ ផ្ទុយ​ពីអ្វី​ដែល​ប្រតិភូ​សភា​កម្ពុជា​យល់ឃើញ​។ របាយការណ៍​របស់​IPU និយាយ​អំពី​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំខ្លួន​លោក កឹម សុខា ខណៈ​ប្រតិភូ​សភា​កម្ពុជា និយាយ​ផ្ដោតលើ​ការអនុវត្ត​ច្បាប់ និង​ការបោះឆ្នោត​ដោយ​រលូន​នៅ​កម្ពុជា​។​
 
​គណៈប្រតិភូ​សភា​កម្ពុជា ដែល​បាន​ចូលរួម​ប្រជុំ​សហភាព​អន្តរ​សភា IPU នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពន្យល់​ពី​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា ប្រាប់​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​ផ្ដោតទៅលើ​ចំនួន​អ្នកបោះឆ្នោត​៨៣,០២​ភាគរយ និង​គណបក្សនយោបាយ​២០​ចូលរួម ប្រកួតប្រជែង​បោះឆ្នោត បើទោះជា​គ្មាន​វត្តមាន​បក្សប្រឆាំង​ដ៏​ធំជាងគេ​ចូលរួម​ក៏ដោយ​។ រៀបរាប់​ចំណុច​សព្វ​អន្លើ​នេះហើយ គណៈប្រតិភូ​សភា​កម្ពុជា ក៏​ងាក​ទៅ​រិះគន់​ការវាយតម្លៃ​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​ថា មើលឃើញ​កម្ពុជា នៅតែ​ក្នុង​ផ្លូវ​អវិជ្ជមាន ដោយ​មើលរំលង​នូវ​ការខិតខំ​ប្រឹងប្រែង​រដ្ឋា​ភិ​បាល ។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​គណៈប្រតិភូ​សភា​កម្ពុ​ជា បាន​សរសេរ​ដូច្នេះ​ថា​៖«​គណៈប្រតិភូ​យើងខ្ញុំ មានការ​ខកចិត្ត​យ៉ាងខ្លាំង បើទោះបីជា​គណៈប្រតិភូ​យើងខ្ញុំ បានផ្ដល់​ជូន​នូវ​ព័ត៌មាន ដែល​អាច​ជឿ​ទុកចិត្តបាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាច្រើនលើក​ច្រើនសារ ក៏​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា ហាក់​ពុំបាន​ធ្វើការ​គិតគូរ​ពិចារណា ឲ្យ​បាន​ម៉ត់ចត់​សោះឡើយ​។ ផ្ទុយទៅវិញ​ដោយ​ផ្អែកលើ​ប្រភពព័ត៌មាន ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង គណៈកម្មាធិការ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត តាមរយៈ​ការចេញ​នូវ​សេចក្តីសម្រេច ដែលមាន​លក្ខណៈ​លម្អៀង ដោយ​ការធ្វើ​ព្រងើយកន្តើយ​ចំពោះ​សេចក្តីត្រូវការ​ពិតប្រាកដ​ជា​មូលដ្ឋាន និង​ផ្លូវ​ដ៏​គ្រោះថ្នាក់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ដោយ​ការពុះពារ​យ៉ាង​លំបាក​»​។​
 
​សេរីភាព​បញ្ចេញមតិ ត្រូវអនុវត្ត​ដោយមាន​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​មិន​បំពាន​សិទ្ធិ​អ្នកដទៃ សន្ដិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដូច​មានចែង​ក្នុង​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នេះ​។ ប្រជាពលរដ្ឋ​កម្ពុជា គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ មុខរបរ ឬ​ឋានៈ​សង្គម​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ប្រតិភូ​សភា​កម្ពុជា​។​
 
​អម​ជាមួយ​ការពន្យល់​ខាងលើនេះ គណៈប្រតិភូ​សភា​កម្ពុជា ក៏​រៀបរាប់​ការពារ​រាល់​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​ដូច្នេះ​ថា​៖« ជនល្មើស​ត្រូវ​ផ្តន្ទាទោស​ដោយ​អំណាចតុលាការ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។ រាជរដ្ឋាភិបាល​មិនមាន​តួនាទី​អ្វី​នៅក្នុង​ដំណើរការ​នីតិវិធីតុលាការ ដែលជា​ស្ថាប័ន​ដាច់ដោយឡែក និង​ឯករាជ្យ ដែល​ធានា​ដោយ​មាត្រា​១២៨ និង​១៣០​នៃ​រដ្ឋធម្មនុញ្ញ​»​។​
 
​និយាយ​ចំណុច​នេះហើយ ប្រតិភូ​សភា​កម្ពុជា ក៏បាន​លើកយក​ករណី​លោក កឹម សុខា ពន្យល់​ប្រាប់​ទៅ​សហភាព​អន្តរ​សភា​ថា តុលាការ​បានសម្រេច​ឲ្យ​លោក កឹម សុខា ដែល​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ បាន​ផ្ទេរ​មក​ស្នាក់នៅ​ក្នុងផ្ទះ​វិញ ដែលជា​កិច្ចការ​មនុស្សធម៌ ស្របតាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។​«​ការឃុំខ្លួន​ឲ្យ​នៅក្នុង​ផ្ទះ ពុំមាន​នៅក្នុង​ច្បាប់​កម្ពុជា​ទេ​»​។ នេះ​ជាការ​ឆ្លើយតប​របស់​ស​ភា​កម្ពុជា ទៅនឹង​ការទាមទារ​របស់​សហ​ភាព​អន្តរ​សភា IPU​។​
 
​កាលពី​ថ្ងៃទី​១៨ តុលា សហភាព​អន្តរ​សភា (IPU) បាន​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មានដំណើរ​ការ​វិញ​ធម្មតា​។ ការលើកឡើង​របស់​ស​ហ​ភាព​អន្តរ​សភា​នេះ ដោយ​យល់ឃើញថា ការចាប់​ឃុំខ្លួន​លោក កឹម សុខា កន្លងមក គឺ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​ឡើយ​។  
 
​សហភាព​អន្តរ​សភា បាន​បើក​មហាសន្និបាត​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា​កម្ពុជា តំ​ណា​ង្យ​សភា​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​មហាសន្និបាត​នេះ តប​តាម​ការអញ្ជើញ​របស់ លោកស្រី ហ្គា​ប្រី​ឡា គូ​វ៉ាស បា​រ៉ុ​ន (Gabriela Cuevas Barron) ប្រធាន​សហភាព​អន្តរ​សភា (IPU)៕

Tag:
 ​រដ្ឋសភា​
  IPU
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com