អន្តរជាតិ
ជំនួប​អាស៊ី​-​អឺរ៉ុប​៖ អឺរ៉ុប​ប្រឹង​ទាក់ទាញ​មហាអំណាច​អាស៊ី​ឲ្យ​បន្ត​គាំទ្រ​ពាណិជ្ជកម្ម​សេរី​
19, Oct 2018 , 8:19 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ  (រូបភាព AFP)
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ (រូបភាព AFP)
​ជំនួប​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១៩ ខែតុលា នៅឯ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​។ មេដឹកនាំ​ប្រទេស​អឺរ៉ុប​ប្រឹងប្រែង​ទាក់ទាញ​ការគាំទ្រ​ពី​ប្រទេស​ធំៗ​នៅ​តំបន់​អាស៊ី​លើ​ការជំរុញ​ពាណិជ្ជកម្ម​សេរី និង​បម្រែបម្រួល​អាកាសធាតុ ដែលជា​បញ្ហាសំខាន់​ពីរ​ត្រូវបាន​អាមេរិក​ប្រឆាំង ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​អះអាងថា ជំនួប​នេះ​មិនមែនជា​ការជួបជុំ​ដើម្បី​តទល់​អាមេរិក​ឡើយ​។ អឺរ៉ុប​ដែល​ហាក់​បាត់បង់​ទម្ងន់​លើ​ឆាក​អន្តរជាតិ​នោះ ក៏​កំពុង​រក​ផ្លូវ​ដើម្បី​ងើបមុខ​វិញ​ដែរ​។​

 
​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ចំនួន​២៨​ប្រទេស និង​មេដឹកនាំ​អាស៊ី​ជាង​២០​ប្រទេស​ផ្សេងទៀត បាន​ជួបគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​នា​ជំនួប​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ ។ ការការពារ​ពាណិជ្ជក​ម្ម​សេរី ការប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​សំណុំរឿង​ឧបទ្វីប​កូរ៉េ ជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​ដែល​រៀបចំឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​។ ស្របពេល​បរិបទ​នយោបាយ និង​ពាណិជ្ជកម្ម​កំពុង​ប្រែប្រួល អឺរ៉ុប​ស្វែងរក​ការគាំទ្រ​របស់​ប្រទេស​អាស៊ី​ដើម្បី​រក្សា​ស្ថិរភាព​ភព​លោក​។​
 
​មេដឹកនាំ​មហាអំណាច​ធំៗ​នៅ​អាស៊ី​សុទ្ធ​តែមាន​វត្ត​មាននៅ​បែលហ្ស៊ិក​ដូចជា​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង​, នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ជាដើម ហើយ​សុទ្ធតែជា​អ្នកគាំទ្រ​ចរន្ត​សាកលភាវូបនីយកម្ម​។ ស្របគ្នា​នឹង​ភាព​តានតឹង​ផ្នែក​ពន្ធ​ជាមួយ​អាមេរិក​នោះ គេ​រំពឹងថា មេដឹកនាំ​ទាំងអស់​នឹង​ផ្ដល់​ការគាំទ្រ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល​ដែល​ផ្អែកលើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស បាន​និយាយ​ដៀមដាម​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា វា​គ្មាន​តម្លៃ​ឡើយ​ដែល​ចង់​ដោះស្រាយ​បញ្ហា​ដោយ​មិន​ឈរលើ​គោលការណ៍​ច្បាប់​នោះ​។ លោក​បន្តថា តាម​និយមន័យ ពិភពលោក​មួយ​ដែល​គ្មាន​ច្បាប់ទម្លាប់ គឺជា​ពិភព​លោកចលាចល​។​
 
​ប្រទេស​ជាច្រើន​ទាំង​នៅ​អាស៊ី និង​អឺរ៉ុប សុទ្ធតែ​កំពុង​ជួប​បញ្ហា​ជាមួយ​អាមេរិក​លើ​រឿង​ពន្ធ​នេះ បន្ទាប់​រដ្ឋបាល ត្រាំ ប្រកាស​ដំ​ឡើ​ពន្ធ​ដល់​នាំចូល​អាលុយមីញ៉ូម​ចំនួន​១០​ភាគរយ និង​ដែកថែប​២៥​ភាគរយ​។ បើ​និយាយ​ពី​ចិន​វិញ គឺជា​គោលដៅ​ចម្បង​នៃ​មុខព្រួញ​របស់​អាមេរិក​។ ជម្លោះ​ធំជាងគេ និង​បង្ក​ការព្រួយបារម្ភ​ខ្លាំងជាងគេ មហាអំណាច​ទាំងពីរ​បានដាក់​ពន្ធ​លើ​ផលិតផល​គ្នា​ទៅវិញទៅមក​ក្នុង​ទំហំ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។​
 
​យ៉ាងណាមិញ ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini បញ្ជាក់ថា ជំនួប​រវាង​មេដឹកនាំ​អាស៊ី និង​អឺរ៉ុប​ពេលនេះ មិនបាន​សំដៅ​ប្រទេស​ណាមួយ​ឡើយ ទោះជា​អឺរ៉ុប​មាន​ជំហរ​ខុសពី​អាមេរិក​លើ​សំណុំរឿង​ជាច្រើន​ក្ដី​។ របៀបវារៈ​នៃ​កិច្ចប្រជុំ នឹង​ផ្ដោតលើ​ការគាំទ្រ​ពហុភាគី​និយម ការប្រែប្រួល​ល​អាកាសធាតុ ការធ្វើ​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌​ជាដើម​។ 
 
​ឆ្លៀតឱកាស​ជំនួប​ដ៏​ធំ​នេះដែរ អឺរ៉ុប​ក៏​នឹង​ព្យាយាម​បង្កើន​តួនាទី​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​មើលឃើញថា បាន​ធ្លាក់ចុះ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ មេដឹកនាំ​អាស៊ី​-​អឺរ៉ុប​នឹង​ជជែក​ពី​យុទ្ធសាស្ត្រ​ត​ភ្ជាប់​អាស៊ី ដែល​សំដៅ​ជំរុញ​ការតភ្ជាប់​ទ្វីប​ទាំងពីរ និង​ការការពារ​បរិស្ថាន និង​ការលើកកម្ពស់​សិទ្ធិពល​ករ​។ គំនិត​ផ្ដួចផ្ដើម​នេះ​ហាក់​ដើរ​ប្រឆាំង​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន តែ​អឺរ៉ុប​បដិសេធ​៕
 

Tag:
 ​អាស៊ី​
  អឺរ៉ុប​
  ASEM
© រក្សាសិទ្ធិដោយ thmeythmey.com