អន្តរជាតិ
ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​-​ចិន​នៅ​សិង្ហ​បុរី បញ្ចប់​ដោយ​គ្មាន​ផ្លែផ្កា
19, Oct 2018 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ចាប់ដៃសមភាគីចិន វៃ ហ្វឹងហឺ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ចាប់ដៃសមភាគីចិន វៃ ហ្វឹងហឺ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​ចិន​នៅឯ​សិង្ហ​បុរី នៅ​ថ្ងៃទី​១៨ ខែតុលា បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ឡើយ​។ ជំនួប​រវាង​លោក ជេ​ម ម៉ា​ធី​ស និង​លោក វៃ ហ្វឹ​ង​ហឺ ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​រអាក់រអួល​ខ្លាំង​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​យោធា​។ ខណៈ​ទំនាក់ទំនង​នយោបាយ​ធ្លាក់ចុះ​ខ្លាំង​នោះ យោធា​ទាំងពីរ​យល់ស្រប​គ្នា​ថា ទំនាក់ទំនង​ផ្នែក​កងទ័ព​អាចជា​កម្លាំង​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​សម​ភាគី​ចិន វៃ ហ្វឹ​ង​ហឺ បាន​ជួប​ជជែក​គ្នា​រយៈពេល​១​ម៉ោង​កន្លះ នៅក្រៅ​ជំនួប​ប្រចាំឆ្នាំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​ប្រទេស​ដៃគូ​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​ជំនួប​ដែល​ធ្វើឡើង​លើស​ម៉ោង​កំណត់​ចំនួន​៣០​នាទី​នេះ មិនមាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​។ តាមពិតទៅ លោក ម៉ា​ធី​ស និង​លោក វៃ ត្រូវ​ជួបគ្នា​នៅ​ប៉េកាំង​តាំងពី​សប្ដាហ៍​មកម្ល៉េះ ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​ចិន​លុបចោល​វិញ​។​
 
​ក្រោយ​ជំនួប​នេះ ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Randall Schriver បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ម៉ា​ធី​ស ចាត់ទុក​ការចរចា​នេះ​ជាការ​ជជែក​ដោយស្មោះ​ត្រង់ និង​ថា ជំនួប​ថ្នាក់ខ្ពស់​បែបនេះ​ជា​រឿង​ចាំបាច់​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​។ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​រូបនេះ​បន្តថា ប្រមុខ​ការពារជាតិ​ទាំងពីរ​បាន​ជជែក​លើ​បញ្ហា​ជាច្រើន ប៉ុន្តែ​ផ្ដោត​ខ្លាំង​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​ការលុបចោល​ជំនួប​នៅ​ប៉េកាំង ជា​សញ្ញា​បង្ហាញ​ពី​ការ​រាលដាល​នៃ​ជម្លោះ​ក្នុង​ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ ដែល​កំពុង​ជ្រៀត​ដល់​វិស័យ​យោធា​។ មុន​ជំនួប​ថ្ងៃទី​១៨ ខែតុលា Shriver បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ភាគី​ចិន​ជា​អ្នកស្នើ​ឲ្យ​មាន​ជំនួប​នៅ​សិង្ហ​បុរី ហើយ​យោធា​អាមេរិក​ចាត់ទុក​សំណើ​ចិន ជាការ​បង្ហាញ​ជំហរ​ថា ចិន​ចាប់អារម្មណ៍​ក្នុងការ​រក្សា​ស្ថិរភាព​រវាង​ថ្នាក់ដឹកនាំ​យោធា​ប្រទេស​ទាំងពីរ​។​
 
​តាមពិតទៅ លោក ម៉ា​ធី​ស ក៏​ទទួលស្គាល់​ដែរ​ថា អាមេរិក និង​ចិន​ពិតជា​មាន​ជំហរ​ខុសគ្នា​ច្រើន​មែន តែ​ការជួប​ជជែក​គ្នា​ជា​រឿង​ចាំបាច់​ក្នុងការ​ស្វែងរក​ចំណុចរួម​។ ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​មកកាន់​តំបន់​អាស៊ី​ដូច្នេះ​ថា​៖ «​យើង​ជា​មហាអំណាច​ធំ​ពីរ ឬក៏​មហាអំណាច​ពីរ​នៅ​ប៉ាស៊ីហ្វិក និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ពីរ​ដែរ​។ វា​តែងមាន​ពេលខ្លះ យើង​ជាន់ជើងគ្នា​ទៅវិញទៅមក ដូចនេះ​យើង​នឹង​រក​ផ្លូវ​គ្រប់គ្រង​ទំនាក់ទំនង​យើង​ឲ្យ​បានល្អ​។​»
 
​ទំនាក់ទំនង​យោធា​អាមេរិក និង​ចិន ដែល​កន្លងមក​នៅក្រៅរ​ង្វ​ង់​ជម្លោះ​នយោបាយ និង​ពាណិជ្ជកម្ម បាន​ប្រែ​ទៅជា​តានតឹង បន្ទាប់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​លើ​អង្គភាព​យោធា​មួយ​របស់​ចិន​ជុំវិញ​ការទិញ​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​។ ចិន​រិះគន់​អាមេរិក​ជាខ្លាំង​លើ​រឿងនេះ ហើយ​បន្ទាប់មក​ស្ថាន​ការ​ក៏​យ៉ាប់យ៉ឺន​ទៀត ក្រោយ​អាមេរិក​ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ទឹកដី​មួយ​របស់ខ្លួន​៕
 

Tag:
 ​ចិន​
  អាមេរិក​
  ជេ​ម ម៉ា​ធី​ស​
  វៃ ហ្វឹ​ង​ហឺ​
© រក្សាសិទ្ធិដោយ thmeythmey.com