កីឡាអន្តរជាតិ
អន្តរជាតិ
Higuain៖ Juventus ដេញខ្ញុំចេញពីក្លិប ព្រោះវត្តមាន Ronaldo
× Gonzalo Higuain ខ្សែប្រយុទ្ធចំណូលថ្មីរបស់ AC Milan មានអារម្មណ៍ថាដូចត្រូវបាន Juventus «បណ្តេញចេញ» ពីក្រុម បន្ទាប់ពីមានវត្តមាន Cristiano Ronaldo នៅដើមរដូវកាលនេះ។ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនដែលបច្ចុប្បន្នត្រូវបានក្លិប AC Milan ខ្ចីជើង បានសារភាពថាខ្លួនត្រូវបានគេបង្ខំឲ្យចាកចេញពីក្រុមម្ចាស់ជើងឯកអ៊ីតាលី Serie A ដើម្បីពួកគេមានឱកាសនាំយកម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យ និងជាអតីតមិត្តរួមក្រុមចាស់ Real Madrid មករួមក្រុមវិញ។
Higuain បានផ្លាស់ទៅចូលរួមជាមួយក្រុមរហស្សនាមសេះបង្កង់ ក្នុងតម្លៃ ៩០ លានអឺរ៉ូ (១០៣លានដុល្លារអាមេរិក) ពី Napoli នៅឆ្នាំ ២០១៦ ហើយបានស៊ុតបញ្ចូលទី ៤០ គ្រាប់ក្នុងរយៈពេលពីររដូវកាល និងថែមទាំងជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរកាលពីរដូវកាលមុន។
បើទោះជា Higuain បានជួយក្លិបយ៉ាងនេះក្តី តែ Juventus បានបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ Ronaldo នៅមុនពេលរដូវកាលថ្មីចាប់ផ្តើមក្នុងការទាក់ទាញយកខ្សែប្រយុទ្ធឆ្នើមរបស់ព័រទុយហ្គាល់នេះឲ្យចាកចេញពីក្លិបយក្ស Real Madrid ដើម្បីមកពង្រឹងក្រុមរបស់ពួកគេ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបានប្រាប់កាសែតអ៊ីតាលី Gazzetta dello Sport ថា៖«ការចាកចេញមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ។ ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ Juventus ខ្ញុំបានឈ្នះពានរង្វាន់ជាច្រើនហើយបន្ទាប់មក Ronaldo បានមកដល់»។
«ដោយចង់ពង្រឹងក្លិប ពួកគេបានប្រាប់ខ្ញុំថាខ្ញុំមិនអាចនៅទីនេះបានទៀតទេ ហើយពួកគេថានឹងព្យាយាមរកដំណោះស្រាយឲ្យខ្ញុំ។ ដំណោះស្រាយល្អបំផុតរបស់ពោះគេគឺឲ្យខ្ញុំទៅ AC Milan ខ្ចីជើង»។ Higuain បញ្ជាក់បន្ថែមដូច្នេះ។
យ៉ាងណាក៏ដោយ Higuain អះអាងថារូបគេមានអារម្មណ៍សប្បាយចិត្តឡើងវិញនៅពេលបានមកចូលរួមជាមួយក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Gennaro Gattuso មួយរយៈចុងក្រោយ។ អតីតសមាជិក Real Madrid នេះ ក៏បានសូមទោសអ្នកគាំទ្រ AC Milan ផងដែរ ដោយមិនអាចជួយក្រុមជោគជ័យនៅដើមរដូវកាលនេះក្រោយបានត្រឹមចំណាត់ថ្នាក់ទី១០ ក្នុងតារាង Serie A បន្ទាប់ពីឆ្លងកាត់ការប្រកួត៧លើក ឈ្នះ៣ ចាញ់៣ និងស្មើមួយ មាន១២ពិន្ទុ៕
Tag:
បាល់ទាត់
Gonzalo Higuain
Cristiano Ronaldo
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com