តារាល្បីៗ
អន្តរជាតិ
លោក ចូ​វ យុន​ហ្វា​ត ចាយ​ត្បិតត្បៀត ដោយ​ទុកទ្រព្យ​ជាង​៧០០​លាន​ដុល្លារ​បរិច្ចាគ​សប្បុរសធម៌​
20, Oct 2018 , 8:29 am        
រូបភាព
ដោយ: ធីតា
​តារាភាពយន្ត​ហុងកុង​ដ៏​ល្បីល្បាញ លោក ចូ​វ យុន​ហ្វា​ត (Chow Yun-fat) ដែល​គេ​ដាក់​រហស្សនាម​ទូទៅ​ថា ជា​ស្តេច​ល្បែង​នោះ ជា​មនុស្ស​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​។ ​យោងតាម​ការផ្សាយ​របស់ Oriental Daily តារា​វ័យ​៦៣​ឆ្នាំ​រូបនេះ ចាយវាយ​ខ្លួនឯង​តែ​រង្វង់​៨០០​ដុល្លារ​ហុងកុង (១០២​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​ក្នុង​មួយខែ ដោយ​លោក​មានបំណង​ទុកទ្រព្យ​សម្បត្តិ​៧១៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​បរិ​ច្ចាគ​ផ្នែក​សប្បុរសធម៌​។​

 
​អស់​រយៈពេល​ជាង​១៧​ឆ្នាំ លោក ចូ​វ យុន​ហ្វា​ត ប្រើប្រាស់​តែ​ទូរ​សព្ទ​ប្រភេទ Nokia Flip ហើយ​លោក​ទើបតែ​សម្រេចចិត្ត​ទិញ​ទូរ​សព្ទ​ថ្មី បន្ទាប់ពី​ម៉ូ​ដែល​ចាស់​នោះ​លែង​ដំណើរការ​។ អ្នកស្រី Jasmine Tan ភរិយា​លោក ចូ​វ យុន​ហ្វា​ត បាន​អះអាងថា បើទោះបីជា​ស្វាមី​ខ្លួន​រស់នៅ​ទីក្រុង​ដ៏​ទំនើប​បែបណាក៏ដោយ ប៉ុន្តែ​គាត់​ចូលចិត្ត​ញ៉ាំ​អាហារ​តាម​ចិញ្ចើមផ្លូវ និង​កម្រ​ទិញ​របស់​ថ្មី​ណាស់​។​


 
​ជា​ញឹកញាប់ គេ​សង្កេតឃើញ លោក ចូ​វ យុន​ហ្វា​ត ជិះ​រថយន្ត​សាធារណៈ ពាក់អាវ​ក្នុងតម្លៃ​ប្រមាណ​១៤​ដុល្លារ​អាមេរិក និង​ចូលចិត្ត​ទៅ​ហាង​ដែលមាន​ការបញ្ចុះ​តម្លៃ​។ «​ការ​ស្លៀកពាក់​របស់ខ្ញុំ​មិនមែន​ដើម្បី​ទាក់ទាញ​អ្នកដទៃ​នោះឡើយ ខ្ញុំ​គ្រាន់តែ​ចង់​ពាក់​ ដែលវា​មើលទៅ​សមរម្យ​សម្រាប់​ខ្លួន​តែប៉ុណ្ណោះ​»​។ 
 
​ក្រៅពី​ការងារ​ថត​ភាពយន្ត​ដ៏​មមាញឹក លោក ចូ​វ យុន​ហ្វា​ត តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ ពីព្រោះ​លោក និង​ភរិយា​មិនមាន​កូន​ឡើយ​។ លោក​ធ្លាប់បាន​អះអាងថា នៅពេលដែល​លោក​ស្លាប់ទៅ លោក​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​ទៅ​ផ្នែក​សប្បុរសធម៌​។​


 
​កាលពី​ឆ្នាំ​២០១៤ តារា​ហុងកុង​រូបនេះ បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា លុយ​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់ខ្ញុំ​នោះឡើយ ខ្ញុំ​គ្រាន់​តែមាន​កាន់កាប់​វា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​»​។ បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់លោក​ត្រូវបាន​គេ​វាយតម្លៃ​ជារួម​ថា មាន​ប្រមាណ ៥,៦​ពាន់​លាន​ដុល្លា​ហុងកុង (​ប្រមាណ​៧១៤​លាន​ដុល្លារ​អាមេរិក​)​។​
 
​ក្នុង​អាជីព​ជា​តារា​សម្តែង​ចាប់តាំងពី​ឆ្នាំ​១៩៧៤​មក លោក ចូ​វ យុន​ហ្វា​ត ស្ថិតក្នុង​ចំណោម​តារា​ដ៏​ល្បី​បំផុត​នៅ​អាស៊ី ដោយ​លោក​បានទទួល​ពានរង្វាន់​ជាច្រើន ក្នុងនោះ​មាន Hong Kong Film Awards បី​លើក​, Golden Horse Awards ២​លើក​ផងដែរ​។​


 
​កើត​ក្នុង​គ្រួសារ​ក្រីក្រ ដោយ​ម្តាយ​ធ្លាប់​ធ្វើជា​អ្នក​បោសសម្អាត និង​ឪពុក​ជា​អតីត​អ្នក​ដឹក​ប្រេង​ឥន្ទ​នៈ លោក ចូ​វ យុន​ហ្វា​ត ឆ្លងកាត់​ប្រវត្តិ​តស៊ូ​ជា​បន្តបន្ទាប់ មុននឹង​ទទួលបាន​ឱកាស​ប្រឡូក​ភាពយន្ត​ចាប់ពី​អាយុ​១៧​ឆ្នាំ​។​
 
​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ពីរលើក ដោយ​នៅ​ឆ្នាំ​១៩៨៣ ជាមួយ​តារាភាពយន្ត​ឈ្មោះ Candice Yu ហើយ​នៅ​ជាមួយគ្នា​រយៈពេល​៩​ខែ​។ នៅ​ឆ្នាំ​១៩៨៦ លោក​បាន​រៀបការ​ជាមួយ​លោកស្រី Jasmine Tan ដែលជា​ជនជាតិ​សិង្ហ​បុរី ប៉ុន្តែ​មិនមាន​កូន​ឡើយ​៕
 

Tag:
 ​ចូ​វ យុន​ហ្វា​ត​
© រក្សាសិទ្ធិដោយ thmeythmey.com