អន្តរជាតិ
អតីត​ឧបនាយករដ្ឋមន្ត្រី​រប​ស់លោក ណា​ជីប រង​ការចោទប្រកាន់​រឿង​ពុករលួយ និង​លាង​លុយ​ជិត ៣០​លាន​ដុល្លារ​
19, Oct 2018 , 4:43 pm        
រូបភាព
រូបភាព៖ Malay Mail
រូបភាព៖ Malay Mail
ដោយ: ថ្មីៗ
​អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​បក្សប្រឆាំង UMNO លោក Ahmad Zahid Hamidi ត្រូវបាន​តុលាការ​ចោទប្រកាន់​ជុំវិញ​ករណី​លាង​លុយ រំលោភសេចក្តីទុកចិត្ត និង​រំលោភ​អំណាច​នៅ​ថ្ងៃ​សុក្រ​ទី ១៩ ខែតុលា​។ បទចោទប្រកាន់​ដែល​លោក​ប្រឈម​នោះ​មាន​សរុប ៤៥​ករណី​ក្នុងនោះ​មាន និង​ពាក់ព័ន្ធ​លុយ ២៦​លាន​ដុល្លារ​។

 
​អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ លោក Zahid ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពី​ឃុំខ្លួន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។  មាន​វ័យ ៦៥​ឆ្នាំ លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​អំណាច លាងលុយកខ្វក់ និង​រំលោភសេចក្តីទុកចិត្ត​ផង​។  
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ​ទី ១៩ ខែតុលា​នេះ លោក Zahid បានបង្ហាញ​ខ្លួន​នៅ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ទទួល​ការចោទប្រកាន់​ជា​ផ្លូវការ​ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​ប្រឆាំង​ការលាង​លុយកខ្វក់​ផងដែរ​។ លោក​ត្រូវ​ប្រឈម​នឹង​បណ្តឹង​សរុប​ទាំង ៤៥ ក្នុងនោះ​មាន ២៧​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​, ៨ ទទួល​សំណូក និង​១០​ករណី​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេចក្តីទុកចិត្ត​។ 
 
​គេ​អះអាងថា ការចោទប្រកាន់ លោក Zahid នេះ​សម្អាង​លើ​ករណី​ដែល​លោក​ប្រើប្រាស់​លុយ​មូលនិធិ​ដែល​ស្ថិតក្រោម​មូលនិធិ​សប្បុរសធម៌​នៃ​គ្រួសារ​លោក​ដើម្បី​ចាយវាយ​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ភរិយា​របស់លោក​ផង​។ ហើយ​បន្ថែម​ពីនេះ​លោក​ក៏បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការជួយ​សម្រួល​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​កិច្ចសន្យា​ជាមួយ​រដ្ឋ និង​លាង​លុយ​ដោយ​ទិញ​អចលនទ្រព្យ​ទុក​ផង​។ បរិមាណ​លុយ​ដែល​ពាក់ព័ន្ធ​នឹង បទ​ចោទ​ទាំង​អម្បាលម៉ាន​ខាងលើនេះ​គឺមាន​តម្លៃ​ប្រហែល ២៦,៦​លាន​ដុល្លារ​ឯណោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ មន្ត្រីជាន់ខ្ពស់​ខាងលើ​បាន​បដិសេធ​រាល់​ការចោទប្រកាន់ និង​បាន​អះអាងថា លោក​ស្អាតស្អំ មិនមាន​ពាក់ព័ន្ធ​ករណី​ខាងលើ​ដូច​ការចោទប្រកាន់​ឡើយ​។ ខាង​គណបក្ស​របស់លោក​UNMO បាន​ចេញពី​រិះគន់​ចំណាត់ការ និង​បាន​ចោទប្រកាន់ថា រាល់​ការចោទប្រកាន់​តាម​តុលាការ​នេះ​ជា​ករណី​នយោបាយ​ទាំងអស់​។​
 
​បច្ចុប្បន្ននេះ លោក​ក៏​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដោយ​បង់លុយ ២​លាន​រីង​ហ្គី​ត ឬ ប្រហែល ៤០​ម៉ឺន​ដុល្លារ​ដើម្បី​ធានា​ផងដែរ​។ សវនាការ​លើ​សំណុំរឿង​របស់លោក​នឹង​ចាប់ផ្តើម​ជាថ្មី​នៅ​ថ្ងៃ ១៤ ខែធ្នូ​ខាងមុខ​។ 
 
​តាមពិតទៅ​ការចាប់ខ្លួន និង​ចោទប្រកាន់​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ខាងលើនេះ កើតឡើង​ខណៈដែល​អាជ្ញាធរ​ប្រឆាំង​ពុករលួយ​បង្ក​គណនី​ធនាគា​រាប់រយ និង​ហាមឃាត់​មនុស្ស​ជាច្រើន​នាក់​ដែលជា​សមាជិក​បក្សប្រឆាំង UMNO ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​ប្រហែល ៦​ទសវត្សរ៍ មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​។ អង្គភាព​នេះ​ក៏​កំពុង​បន្ត​ព​ន្លឿ​ន​ការស៊ើបអង្កេត​ករណី​បាត់​លុយ​រដ្ឋ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មូលនិធិ​រដ្ឋ 1MDB ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប និង​ភរិយា​របស់ខ្លួន​លោកស្រី Rosmah Mansor ដែរ​។​
 
​លោក ណា​ជីប រង​បទចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៣២ ករណី​ក្នុងនោះ​មាន​ករណី​លាង​លុយ រំលោភសេចក្តីទុកចិត្ត និង​លាង​លុយ​ដែល​ពាក់ព័ន្ធ​នឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​៥៥៣,៦​លាន​ដុល្លារ​អាមេរិក​ដែល​ចេញពី​មូលនិធិ 1MDB​។ ចំណែក​ភរិយា​លោក​វិញ រង​បទចោទប្រកាន់​ចំនួន ១៧ ករណី​ផងដែរ​៕
 

Tag:
 Ahmad Zahid Hamidi
  ពុករលួយ​
  លាងលុយកខ្វក់​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com