កីឡាជាតិ
ជាតិ
​បុណ្យ​សមុទ្រ​នៅ​កោះកុង មានការ​សម្តែង និង​ប្រកួត​កីឡា​៧​ប្រភេទ​
20, Oct 2018 , 6:59 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គ្រោង​ដាក់​កីឡា​ចំនួន​៧​ប្រភេទ​ឲ្យ​សម្តែង និង​ប្រកួត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ឆ្នាំនេះ​។ ចំនួន​នេះ​មានការ​ថយចុះ​បើ​ធៀប​នឹង​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ឆ្នាំមុន​។ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» បាន​ក្លាយជា​ប្រធានបទ​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​។​

 
​ដើម្បី​អបអរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​កុះករ​ឲ្យ​មក​ទស្សនា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង NOCC ដែល​ទទួលបន្ទុក​ផ្នែក​កីឡា នឹងដាក់​កីឡា​ចំនួន​៧​ប្រភេទ​ឲ្យ​ប្រកួត និង​សម្តែង​នៅ​ឆ្នាំនេះ​។ ការប្រកួត​និង​សម្តែង​កីឡា​នេះ ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​ក្នុងការ​ស្វែងរក​ការទាក់ទាញ​ពី​យុវជន​ផងដែរ​។ កីឡា​ទាំង​៧​នោះ​រួមមាន រត់ប្រណាំង ប្រណាំង​កង់ ចំបាប់​បុរាណ ប្រដាល់​គុន​ខ្មែរ ទ្រី​យ៉ា​ត្លុង ម៉ូតូ​ទឹក និង​ទូកក្តោង​។  
 
​បើ​ធៀប​នឹង​ឆ្នាំមុន​ចំនួន​កីឡា​ឆ្នាំនេះ​មានការ​ថយចុះ ខណៈ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ឆ្នាំមុន​មាន​កីឡា​រត់ប្រណាំង ប្រណាំង​កង់ ចំបាប់​បុរាណ ប្រដាល់​គុន​ខ្មែរ ប្រដាល់​ដាក់​ទ្រុង ទ្រី​យ៉ា​ត្លុង ស្គី​លើទឹក បាល់ទះ​ឆ្នេរ​ខ្សាច់ ទូកក្តោង រាំ​អន្តរជាតិ ស្គី​បន្ទះក្តារ និង​កីឡា​ថាសហោះ​។ ប៉ុន្តែ​ចំនួន​នេះ អាចមាន​ការប្រែប្រួល​។​
 
​ក្រៅពី​ការប្រកួត​និង​សម្តែង​កីឡា​ពិធីបុណ្យ​សមុទ្រ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» ក៏មាន​ការតាំងពិព័រណ៍​ស្តង់​ផលិតផល ការសម្តែង​សិល្បៈ ប្រគំ​តន្ត្រី និង​ការដើរ​ក្បូន​បង្ហាញ​ពី​ផលិតផល កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជា​ផលិតផល​សក្តានុពលរ​បស់​ខេត្តកោះកុង​ជាដើម​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន នឹង​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ឆ្នាំនេះ​។ បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តកោះកុង និង​មួយផ្នែក​ទៀត​នៅ​រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​៕       
 
 
 

Tag:
 NOCC
  បុណ្យ​សមុទ្រ​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com