អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​សារភាពថា អ្នកកាសែត​ដែល​រិះគន់​សែស្រឡាយ​រាជវង្ស​ដែល​បាត់​ខ្លួន​នោះ​ពិតជា​ស្លាប់​មែន
20, Oct 2018 , 2:19 pm        
រូបភាព
 រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ព្រម​សារភាព​នៅ​ចុង​សប្តាហ៍​នេះ​ថា អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Jamal Khashoggi ពិតជា​បាន​ស្លាប់​ពិតមែន​។ ប៉ុន្តែ​ក្រុង​រី​យ៉ា​ដ​បាន​អះអាងថា អ្នកកាសែត​ដែល​តែង​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សែស្រឡាយ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា មួយនា​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​។​



​បន្ទាប់ពី​រង​សម្ពាធ​ខ្លាំង​ជុំវិញ​ករណី​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​របស់​អ្នកកាសែត​ជើងចាស់​តែង​សរសេរ​ឲ្យ​កាសែត Washington Post លោក Khashoggi រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រម​ប្រកាសថា អ្នកកាសែត​រូបនេះ​ពិតជា​បាន​ស្លាប់​ប្រាកដ​មែន​។ 
 
​បើតាម​សារព័ត៌មាន​អង់គ្លេស BBC ព័ត៌មាន​ស្តីពី​ការស្លាប់​របស់លោក Khashoggi ត្រូវបាន​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យប់​ថ្ងៃ​សុក្រ​ទី ១៩ ខែតុលា ហើយ​ទូរទស្សន៍​នេះ​បាន​អះអាងថា លោក Khashoggi បាន​ស្លាប់​ពេល​វាយតប់​គ្នា​ជាមួយ​មនុស្ស​មួយក្រុម​ដែល​ស្ថិតនៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​។   
 
​លោក Khashoggi បាន​បាត់​ខ្លួន​ចាប់ពី​ថ្ងៃ ២ ខែតុលា បន្ទាប់ពី​លោក​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​ខាងលើ​ដើម្បី​បំពេញបែបបទ​នានា​ត្រៀម​រៀបការ​ជាមួយ​មិត្តស្រី​ខ្លួន​ជនជាតិ​តួ​ក​គី​លោកស្រី Hatice Cengiz​។ 
 
​ការ​ឈានទៅ​សារភាព​ពី​ការស្លាប់​របស់លោក Khashoggi របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​កើតឡើង​ភ្លាមៗ បន្ទាប់ពី​ក្សត្រ Salman ជជែក​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan តាម​ទូរ​សព្ទ​ជុំវិញ​សំណុំរឿង​នេះដែរ​។ ហើយ​ការបញ្ចេញ​ព័ត៌មាន​ក៏​កើតឡើង ក្រោយ​រដ្ឋាភិបាល​តួ​ក​គី​បាន​បញ្ជូន​កម្លាំង​ចុះ​ឆែកឆេរ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ប្រមែរ​ប្រមូល​ភស្តុតាង​ពាក់ព័ន្ធ​ការបាត់​ខ្លួន​អ្នកកាសែត​ដែរ​កាលពីដើម​សប្តាហ៍​កន្លងទៅ​។  
 
​ត្រឡប់មកវិញ ខណៈដែល​ការស៊ើបអង្កេត​កំពុង​បន្ត ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​អះអាង​បន្ថែមថា ព័ត៌មាន​នៃ​ការស្លាប់​អ្នកកាសែត​ខាងលើ​គឺ​ផ្អែកលើ​សេចក្តីថ្លែងការណ៍​ពី​របាយការណ៍​ស៊ើបអង្កេត​បឋម​របស់​ស្ថាប័ន​ព្រះរាជអាជ្ញា​។ សេចក្តីថ្លែងការណ៍​នោះ​អះអាងថា ការ​វាយតប់​គ្នា​នោះ​ផ្ទុះឡើង​នៅពេលដែល​លោក Khashoggi ដើរទៅ​ជួប​ជាមួយ​មនុស្ស​មួយក្រុម​ដែលមាន​វត្តមាន​ក្នុង​ស្ថាន​កុងស៊ុល​ស្រាប់​នោះ ហើយ​សេចក្តីថ្លែងការណ៍​នេះ​ក៏​ទាត់ចោល​ការលើកឡើងរ​បស់​អាជ្ញាធរ​តួ​ក​គី​ដែលថា លោក Khashoggi ត្រូវបានធ្វើ​ទារុណកម្ម មុនគេ​សម្លាប់ចោល​ដែរ​។ 
 
​បច្ចុប្បន្ននេះ​មនុស្ស​ពាក់ព័ន្ធ​ប្រហែល ១៨​នាក់​ដែលជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​ចាប់ខ្លួន ហើយ​មន្ត្រីជាន់ខ្ពស់​ពីរ​នាក់​ត្រូវបាន​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed Bin Salman បណ្តេញ​ចេញពី​តំណែង​ផងដែរ​ដោយសារ​បញ្ហា​នេះ​។ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​អ្នក​ទាំង ១៨ នោះឡើយ​។​
 
​យ៉ាងណាមិញ​គេ​ដឹងថា មន្ត្រីជាន់ខ្ពស់​ពីរ​នាក់​នោះ​រួមមាន​លោក Saud al-Qahtani ជាទី​ប្រឹក្សា​ផ្ទាល់​របស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត និង​លោក  Ahmad al-Assiri ជា​អនុប្រធាន​ទីភ្នាក់ងារ​ចារកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​។ ក្រោយ​មានការ​បណ្តេញចេញ​នេះ ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman ក៏បាន​បញ្ជា​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​រដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​រជ្ជទាយាទ Mohammed ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ស្ថាប័ន​ចារកម្ម​នេះ​។ 
 
- ប្រធានាធិបតី​អាមេរិក​ប្រតិកម្ម​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទើសចិត្ត​
​បន្ថែម​ពីលើ​ការប្រកាស​ទទួលស្គាល់​ការស្លាប់​របស់​អ្នកកាសែត​រិះគន់​រដ្ឋាភិបាល​ខាងលើ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បានបង្ហាញ​ការសោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង​ដែរ​។ ប៉ុន្តែ​អាជ្ញាធរ​នេះ​បាន​សន្យា​បង្ហាញ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ផ្សេងទៀត​នៅពេល​ខាងមុខ​។ ទំនងជា​ដើម្បី​ព្យាយាម​សម្រួល​ស្ថានការណ៍ និង​បិទបាំង​ការពាក់ព័ន្ធ​របស់ខ្លួន​ក្នុង​សំណុំ​រឿងនេះ រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​សន្យា​ចាត់វិធានការ​ដើម្បី​នាំ​ជនបង្ក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​បញ្ចេញ​ប្រតិកម្ម​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ជាទីបំផុត​។ លោក​និយាយថា រឿង​កើត​ឡើងលើ​អ្នកកាសែត Khashoggi មិនអាច​ទទួលយកបាន​ទេ ប៉ុន្តែ​វា​ជា​ជំហាន​វិជ្ជមាន ហើយ​ការពន្យល់​របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​គួរ​ឲ្យ​ទុកចិត្ត​បានដែរ​។ 
 
​បន្ថែម​ពីនេះ មេដឹកនាំ​អាមេរិក​ក៏​នៅ​ព្យាយាម​បន្ត​លើក​ហេតុផល​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​ដ​ដែល​។ ការលើក​ហេតុផល​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញថា ភាគរយ​ច្រើនណាស់​ដែល​អាមេរិក​មិន​ដាក់ចេញ​វិធានការ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត បើទោះជា​រឿង​ទាំងមូល​ជា​ស្នាដៃ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏ដោយ​។​
  
​កន្លងមក​លោក ត្រាំ ធ្លាប់​គំរាម​ដាក់ទណ្ឌកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយសារ​បាត់​ខ្លួន​អ្នកកាសែត​នេះដែរ ប៉ុន្តែ​ក្រោយមក​ប្តូរ​ជំហ​ខ្លួន​វិញ​ដោយសារ​រឿងរ៉ាវ​មួយចំនួន​។ រឿង​សំខាន់​ជាងគេ​គឺ លោក ត្រាំ​ជឿជាក់ថា រដ្ឋ​អារ៉ាប់​មួយ​នេះ​គីឡូ​ធ្ងន់​ល្មម​អាច​ប្រឆាំង​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា​បាន ហើយ​លោក​ក៏​បារម្ភ​ថា រាល់​វិធាន​ការដែល​ដាក់ចេញ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ប៉ះ​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក​ព្រោះ​មហាសេដ្ឋី​ប្រេង​នេះ​ជា​ម៉ូយ​អា​វុ​ធំ​បំផុត​មួយ​របស់​អាមេរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​បរទេស​ជា​លើកដំបូង​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ដើម​ឆ្នាំមុន លោក ត្រាំ បាន​ចុះ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ១១០​ពាន់​លាន​ដុល្លារ​ឯណោះ​៕ 
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  ដូ​ណា​ល់ ត្រាំ​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com