ជាតិ
លោក ហង់ ជួន ណារ៉ុន ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាល័យព្រះស៊ីសុវត្ថិដោយផ្ទាល់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ ខែតុលា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីពង្រឹង និងបង្កើនលទ្ធផលនៃការសិក្សារបស់សិស្សឲ្យកាន់តែប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ក្នុងសេចក្តីសម្រេចនោះមាន លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ផ្ទាល់ ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល។ លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា ជាប្រធានគណៈកម្មការប្រតិបត្តិ និងលោក មូល ស៊ុយហេង នាយកសាលារៀនស៊ីសុវត្ថិ ជាប្រធានគណៈគ្រប់គ្រង។
ក្នុងនោះក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យព្រះស៊ីសុវត្ថិ មានតួរនាទី និងភារកិច្ច ផ្តោតទៅលើលទ្ធផលនៃការសិក្សារបស់សិស្ស។ ដឹកនាំការប្រជុំ ពិនិត្យ និងអនុម័ត លើផែនការអភិវឌ្ឍ ប្រតិបត្តិប្រចាំរបស់សាលារៀន របាយការណ៍វឌ្ឍនភាព របាយការណ៍ហិរញ្ញវត្ថុ ដែលរៀបចំដោយគណៈកម្មការប្រតិបត្តិ។ លើសពីនេះ គ្រប់គ្រងទំនាស និងដោះស្រោយបញ្ហាផ្សេងៗនៅក្នុងសាលារៀន ដោយមានកិច្ចប្រជុំទៀងទាត់៦ខែម្តង ព្រមទាំងមានសិទ្ធ បង្កើតអនុកម្មការនានា ដើម្បីគាំទ្រការអនុវត្តន៍។
ចំពោះគណៈកម្មការប្រតិបត្តិ មានភារកិច្ច និងតួនាទី ពិនិត្យ និងផ្តល់យោបល់ លើផែនការអភិវឌ្ឍ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត។ ចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុចំណូល-ចំណាយ ដោយពិនិត្យលើតម្រូវការជួសជុល កែលំអ និងថែទាំអគារនានា ដោយមានការចូលរួមពីសិស្ស និងគ្រូ។ គណៈកម្មការប្រតិបត្តិ មានភារកិច្ចបន្ថែមទៀត រៀបចំកាលវិភាគវេនសម្អាតអនាម័យ កន្លែងលក់ចំណីអាហារ និងគ្រប់គ្រង់កាកសំណល់ជាដើម។
ដោយឡែក គណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្ថិវិញ មានតួនាទីរៀបចំផែនការអភិវឌ្ឍ និងប្រតិបត្តិប្រចាំឆ្នាំ នៃដំណើរការសិក្សាប្រចាំថ្ងៃ របស់សាលាទាំងស្រុង ទាំងរដ្ឋបាល ការងារបុគ្គលិក គ្រូបង្រៀន សិស្ស និងការគ្រប់គ្រង-ប្រើប្រាស់ថវិកា៕
Tag:
អប់រំ
ព្រះស៊ីសុវត្ថិ
សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com