អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង​ផ្អាក​សមយុទ្ធ​រួមគ្នា​ធំ​មួយទៀត​
20, Oct 2018 , 9:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​ស្របពេល​ការចរចា​ដើម្បី​ដោះស្រាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កំពុងដំណើរការ​នោះ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ផ្អាក​សមយុទ្ធ​រួមគ្នា​របស់ខ្លួន​ជា​បន្តបន្ទាប់​។ មន្ទីរ​បញ្ច​កោណ នៅ​ថ្ងៃទី​១៩ ខែតុលា បានប្រកាសថា វ៉ាស៊ីនតោន និង​សេ​អ៊ូ​ល បានសម្រេច​ចិត្ត​ផ្អាក​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​មួយទៀត ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់ឆ្នាំ​២០១៨ នេះ​។ ការផ្អាក​នេះ មាន​គោលដៅ​ជំរុញ​ការចរចា ដែល​បាន​ជាប់គាំង​ឲ្យ​មាន​ដំណើរការ​កាន់​លឿន​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​សម​ភាគី​កូរ៉េខាងត្បូង ជុង ឃ្យុ​ង​ឌូ បានសម្រេច​លុបចោល​ស​ម​យុទ្ធ​ផ្លូវអាកាស Vigilant Ace ដែល​គ្រោង​រៀបចំ​នៅ​ខែធ្នូ​ខាងមុខ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក Dana White និយាយ​នៅ​ថ្ងៃទី​១៩ ខែតុលា ថា មន្ត្រី​ទាំងពីរ​យល់ព្រម​ផ្អាក​សមយុទ្ធ​រួមគ្នា​នេះ​ដើម្បី​ផ្ដល់ឱកាស​ដល់​ការចរចា​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង​នូវ​ឱកាស​គ្រប់យ៉ាង​ដើម្បី​បន្ត​ទៅមុខទៀត​។​
 
​ការផ្អាក​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ដែល​កូរ៉េខាងជើង​ប្រឆាំង​ដាច់ខាត​នោះ ជាការ​ប្រឹងប្រែង​ចុងក្រោយ​មួយទៀត​របស់​សម្ព័ន្ធមិត្ត​អាមេរិក​-​កូរ៉េខាងត្បូង ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ចូល​តុ​ចរចា​បន្តទៀត​ដើម្បី​ដោះស្រាយ​នុយក្លេអ៊ែរ​ទាំងស្រុង ដោយមាន​ការត្រួតពិនិត្យ និង​មិន​ត្រឡប់ក្រោយ​បានឡើយ​។ សមយុទ្ធ Vigilant នេះ ធ្វើឡើង​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។​
 
​លោកស្រី White ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ប្រមុខ​ការពារជាតិ​ទាំងពីរ​ក្នុង​ការបន្ត​ប្ដេជ្ញាចិត្ត​ដើម្បី​ផ្លាស់ប្ដូរ​សមយុទ្ធ​នេះ សំដៅ​ធានា​ពី​ការត្រៀមខ្លួន​របស់​កម្លាំង​យោធា​ទាំងពីរ​។ ទាក់ទង​សមយុទ្ធ​នៅពេល​ខាងមុខ​វិញ លោក ម៉ា​ធី​ស និង​លោក ជុង នឹង​ជជែក​គ្នា​បន្ថែមទៀត​ពី​លទ្ធភាព​ក្នុងការ​ចាប់ផ្ដើម​សមយុទ្ធ​ឡើងវិញ​។ មន្ត្រី​រូបនេះ​បន្តថា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន កា​កេ​ស៊ី អ៊ី​វ៉ា​យ៉ា ក៏​ត្រូវបាន​ពិគ្រោះ​ក្នុង​សំណុំរឿង​នេះដែរ​។​
 
​ការផ្អាក​សមយុទ្ធ​រួមគ្នា​របស់​អាមេរិក និង​កូរ៉េខាងត្បូង ចាប់ផ្ដើម​ក្រោយ​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ក្រោយ​ជំនួប​នេះ ក្រុង​វ៉ាស៊ីនតោន​ប្រកាសថា ខ្លួន​នឹង​ផ្អាក​សមយុទ្ធ​យោធា​មួយចំនួន​ជាមួយ​កូរ៉េខាងត្បូង​ដូចជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ Ulchi Freedom Guardian នៅ​ខែសីហា​ផង​។ ក្នុង​ឆ្នាំ​២០១៧ Vigilant Ace ដែលជា​សមយុទ្ធ​ផ្លូវអាកាស​នោះ មាន​យន្តហោះ​ចូលរួម​២៣០​គ្រឿង និង​ទាហាន​ជាង​១​ម៉ឺន​នាក់​។​
 
​តាមពិតទៅ អាមេរិក និង​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាច្រើន​ក្នុង​មួយឆ្នាំៗ ចាប់តាំងពី​លំ​ហាត់​ឡើងគោក​រហូតដល់​លំ​ហាត់​ឈ្លានពាន​កូរ៉េខាងជើង ក៏ដូចជា​លំ​ហាត់​កម្ចាត់​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ក្រុង​ព្យុងយ៉ាង​ផង​។ កូរ៉េខាងជើង​មិន​ពេញចិត្ត​ឡើយ​នឹង​សមយុទ្ធ​ដែល​ធ្វើឡើង​នៅក្បែរ​ផ្ទះ​ខ្លួន​បែបនេះ ហើយ​ជារឿយៗ​បាន​គំរាម​វាយបក​វិញ​ដែរ​។ យ៉ាងណាមិញ ជាមួយនឹង​ការផ្អាក​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង​នោះ កូរ៉េខាងជើង​អាច​ធូរចិត្ត​បាន​ក្រែល​មិន​ខាន​៕
 
 
 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com