សៀមរាប៖ សិល្បករ រៀម មុនីស៊ីឡុង ជាសិល្បករដ៏កម្រមួយរូប ដែលយកសំរាមច្នៃជាវត្ថុសិល្បៈ។ អ្នកស្គាល់លោកច្រើន តែងហៅលោក ស៊ីឡុមថា «មនុស្សសំរាម» ផងដែរ។ លោក ស៊ីឡុមបានរម្លឹកថា ហេតុដែលលោកចាប់ផ្តើមច្នៃសំរាមជាវត្ថុសិល្បៈនេះឡើង ដោយសារលោកធ្លាប់ពុលផ្សែងសំរាម។ ដោយសារមិនចង់ឱ្យមានអ្នករងគ្រោះដូចលោក ក៏ដូចជាផ្សព្វផ្សាយពីផលលំបាក ឬគ្រោះថ្នាក់នៃការប្រើប្រាស់ប្លាស្ទីក លោក ស៊ីឡុម ផ្តើមកែច្នៃសំរាមមួយចំនួន ដែលលោកថា សម្ភារដែលគេបោះចោលទាំងនោះ នៅមានសារប្រយោជន៍ដែលអាចយកមកបង្កើតរបស់ថ្មីវិញបាន។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ
លោក រៀម មុនីស៊ីឡុង បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ ក្រុងសៀមរាប។ លោកជាសិល្បករមួយរូប ដែលកែច្នៃកាកសំណល់ផ្សេងៗជាវត្ថុសិល្បៈដែលអាចប្រើប្រាស់ឡើងវិញ។ កាកសំណល់ទាំងនោះមានទាំងសំរាមស្លឹកឈើ សំបកដបប្លាស្ទីក សំណល់ផ្ទះបាយ ស្រកាត្រី សំបកខ្យង ខ្ចៅជាដើម។ល។
តាមពិតទៅ វាមិនមែនជារឿងចៃដន្យទេ ដែលសិល្បកររូបនេះមានគំនិតផ្តើមច្នៃកាកសំណល់សំរាមផ្សេងៗ ឱ្យក្លាយជាវត្ថុសិល្បៈដ៏រស់រវើក។ លោក ស៊ីឡុម ដែលមានសក់វែង និងពុកមាត់-ចង្កាដុះជ្រោង បានរំលឹកថា លោកធ្លាប់មានអាការៈពុលផ្សែងសំរាម ដែលគ្រួសារលោកបានដុតនៅមុខផ្ទះ។ លើកដំបូង លោកមានអាការៈត្រឹមតែឈឺក្បាលតែប៉ុណ្ណោះ តែលើកទី២ ធ្វើឱ្យស្បែកលោក ស៊ីឡុង ឡើងពងបែក ទើបលោកសន្មតថា ខ្លួនពិតជាពុលសំរាមពិតប្រាកដមែន។
ដោយសារមានជំនាញខាងធ្វើក្រដាស ដំបូងលោក ស៊ីឡុង សាកល្បងយកសំរាមសរីរាង្គមកច្នៃជាក្រដាស និងបន្ទាប់មក ក៏ច្នៃជារូបសិល្បៈផ្សេងៗតាមដែលអាចធ្វើទៅបាន។ លោកចាប់ផ្តើមការងារនេះដំបូងនៅឆ្នាំ ២០០៩ តែដោយសារមិនសូវមានទីផ្សារ លោក ស៊ីឡុម ធ្លាប់បោះបង់ការងារនេះម្ដងនៅអំឡុងឆ្នាំ ២០១៣-២០១៤។
សម្រាប់លោក ស៊ីឡុង ត្រឹមកាកសំណល់ផ្ទះបាយ អាចច្នៃជារូបសិល្បៈបាន មានពី៧០ ទៅ៨០ភាគរយ។ កាកសំណល់ទាំងនោះ មានដូចជាស្រកាត្រីជាដើម។ យ៉ាងណាលោកថា ដើម្បីយកមកប្រើប្រាស់បាន គឺត្រូវប្រើពេលយូរបន្តិច ដើម្បីលាងសម្អាត សម្ងួត ដើម្បីទុកបានយូរមិនមានសត្វល្អិតរោមស៊ីជាដើម។
ខុសពីពេលមុន ទីផ្សារសម្រាប់រូបសិល្បៈដែលច្នៃពីសំរាម មានត្រឹមតែភ្ញៀវអឺរ៉ុបតែប៉ុណ្ណោះ តែបច្ចុប្បន្ន ភ្ញៀវអាស៊ីក៏ចាប់អារម្មណ៍ខ្លះដែរ។ គំនូរ ឬរូបសិល្បៈរបស់លោក ស៊ីឡុង អាចលក់បានចាប់ពីតម្លៃ ១០ដុល្លារ ទៅ២ពាន់ដុល្លារក៏មាន តាមទំហំ និងអត្ថន័យដែលលោកបង្កប់ក្នុងរូប។
សារសំខាន់របស់លោក ស៊ីឡុង ដែលបានច្នៃសំណល់សំរាមផ្សេងៗ ជាវត្ថុសិល្បៈ គឺលោកចង់ឱ្យពលរដ្ឋស្គាល់ពីសារប្រយោជន៍របស់សំរាម ពិសេស គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ព្រោះវាជាមូលហេតុមួយដែលបំផ្លាញស្រទាប់ផែនដី និងបំពុលបរិយាកាលដ៏ធ្ងន់ធ្ងរ៕