ជាតិ
សុខភាព
២៥ខេត្ត/រាជធានី
ក្រចេះ​៖ មន្ត្រី​ជំនាញ​ស្វែងរក​អ្នកពុល​ស្រា​បន្ថែមទៀត ខណៈ​អ្នក​ស្លាប់​កើន​ដល់​៥​នាក់​ហើយ​
20, Oct 2018 , 7:31 pm        
រូបភាព
លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល
លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល
ដោយ:
អ្នកស្លាប់​ដោយសារ​ករណី​ពុល​ស្រា​នៅ​ខេត្តក្រចេះ បាន​កើន​ឡើងដល់​៥​នាក់​ហើយ គិត​ត្រឹម​ម៉ោង ៣​រសៀល ថ្ងៃទី​២០ ខែតុលា​។ ខណៈដែល​អ្នក​ធូរស្បើយ​ហើយ​បាន​ត្រឡប់ទៅផ្ទះ​វិញ​មាន​ចំនួន ៤២​នាក់​។ បច្ចុប្បន្ន​មន្ត្រី​សុខាភិបាល​កំពុង​ស្វែងរក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ដាច់ស្រយាល បន្ថែមទៀត​ដើម្បី​យកមក​សង្គ្រោះ​ឲ្យ​ទាន់ពេល​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​



អ្នកស្លាប់​បាន​កើនឡើង​ដល់​៥​នាក់​ហើយ ដោយសារ​ករណី​ពុល​ស្រា​នៅ​ខេត្តក្រចេះ ក្នុងចំណោម​អ្នកស្លាប់​ទាំង​៥​នាក់​នោះ មាន​ស្ត្រី​១​នាក់​។ នេះ​បើតាម​របាយការណ៍​គិត​ត្រឹម ថ្ងៃទី​២០ ខែតុលា​។ បើតាម​លោក លី សុវណ្ណ អ្នករងគ្រោះ​ដោយសារ​ពុល​ស្រា​សរុប​មាន​ចំ​នួ​៧៨​នាក់ ស្រី​ចំនួន​១៧​នាក់ ។ មកដល់​ថ្ងៃទី​២០​នេះ ពលរដ្ឋ​ដែល​ធូរស្បើយ​ចំនួន​៤២​នាក់ បាន​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។ អ្នករងគ្រោះ​ទាំងនោះ​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​មិនមាន​ការចំណាយ​ប្រាក់​ឡើយ​។​

បច្ចុប្បន្ន​មន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ត​ស្វែងរក​អ្នករងគ្រោះ​តាម​ភូមិ​ចំនួន​៣​ផ្សេងទៀត​ក្នុងស្រុក​សំបូរ​។ ភូមិ​ទាំង​៣​នោះ​មានដូចជា ភូមិ​ដក​ព័រ ឧបសម្ព័ន្ធ​ភូមិ​ជើង​ពាត ឃុំ​កោះ​ខ្ញែរ ភូមិ​កោះ​រៀល ឃុំ​សំបូរ និង​ភូមិ​កំពង់​រទេះ ឃុំ​បឹង​ចារ និង​កោះដាច់​ស្រយាល​ផ្សេងៗ​ដើម្បី​ធ្វើ​យ៉ាង​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​ការពុល​ស្រា​ឲ្យ​បាន​ទាន់ពេល​។ នេះ​បើតាម​ការអះអាង​ពី​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាងថា ករណី​ពុល​ស្រា​នេះ បណ្ដាលមកពី​អ្នក​បិតស្រា​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​មាន​ជាតិ​មេ​តា​ណុល​។ លោក​បញ្ជាក់ថា អាចមកពី​ករណី​មេស្រា ការ​ផ្ងំបាយ និង​ការបញ្ចេញ​ចំហាយ​ស្រា​មិនត្រូវ​តាម​បច្ចេកទេស​ជាដើម​។​

លោក លី សុវណ្ណ​បញ្ជាក់​៖ «​ការផលិត​មិន​ត្រឹមត្រូវ​ខុស​បច្ចេកទេស គឺអាច​ធ្វើ​ឲ្យ​មាន​ជាតិ​មេ​តា​ណុល​នៅក្នុង​ស្រា ដែល​អាច​ឲ្យ​អ្នក​ពិសារ​ពុល​។ មួយទៀត​គេ​យក​មេ​មក​លាយ​តែម្ដង តាម​ការចង់បាន​ចង់​ខ្លាំង​ចង់​ឲ្យ​អីចឹង តាម​គេ​ចង់បាន​។ នេះ​គឺ​ខុស​បច្ចេក​​ទាំងអស់​»​។​

យ៉ាងណា​អ្នកនាំពាក្យ​ខាងលើ​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បិតស្រា​ទាំងអស់ ត្រូវ​ជ្រើសរើស​មេស្រា​ណា​ដែលមាន​ប្រភព​ច្បាស់លាស់ ចៀសវាង​ការទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ លោក​ក៏​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ការ​នាំចូល​មេស្រា និង​ការ​បិតស្រា​ឲ្យ​មានគុណ​ភាពត្រឹមត្រូវ​។​

​នេះ​មិនមែន​ករណី​ពុល​ស្រា​លើក​ទី​១​ឡើយ សម្រាប់​ខេត្តក្រចេះ​។ ករណី​ដូចគ្នានេះ​ក៏បាន​កើតឡើង​នៅក្នុង​ស្រុក​ចិត្រ​បុរី កាលពី​ខែឧសភា​កន្លងទៅ ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​១០​នាក់​បាន​ស្លាប់ និង​១៤០​ផ្សេងទៀត​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ករណី​មួយទៀត​នៅក្នុង​ឆ្នាំ​២០១៥​ក៏មាន​ករណី​ពុល​ស្រា​បែបនេះ​នៅ​ខេត្តក្រចេះ​ផងដែរ  ដែល​បាន​បង្ក​ឲ្យ​ពលរដ្ឋ​១០​នាក់​បាន​ស្លាប់ និង​១៥០​នាក់​ផ្សេងទៀត​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕
 


Tag:
 សុខាភិបាល​
 ​ពុល​ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com