ជាតិ
អន្លង់វែង តំបន់​ទេសចរណ៍​បង្ក​ប់​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម និង​ទី​សម្រាប់​ផ្សះផ្សា​សង្គម​នៅ​កម្ពុជា​
21, Oct 2018 , 5:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ អន្លង់វែង ជា​ស្រុក​មួយ​នៅក្នុង​ខេត្តឧត្ដរមានជ័យ និង​ដែល​ស្ថិតនៅ​ប៉ែក​ឧត្ដរ​នៃ​ប្រទេស​កម្ពុជា​។ អន្លង់វែង ត្រូវបាន​គេ​ស្គាល់​ច្រើន ថា​ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ទាហាន​ខ្មែរក្រហម​។ តំបន់​នេះ​បាន​ចូល​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ចុងក្រោយ​គេ​បង្អស់​នៅ​ឆ្នាំ ១៩៩៨​។ បើទោះបី​មាន​សមាហរណកម្ម​ក៏ដោយចុះ តែ​វា​បាន​បង្កើតជា​ការរើសអើង​មួយ​សម្រាប់​ប្រជាជន និង​អតីត​ទាហាន​ខ្មែរក្រហម ដែលមាន​ចំនួន​ច្រើន​នៅ​តំបន់​នេះ​។ គេ​តែង​និយាយថា អន្លង់វែង ជា​តំបន់​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​ស្ថាប័ន​ស្រាវជ្រាវ និង​ចងក្រង​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម បានធ្វើ​ការងារ​ជាច្រើន​នៅក្នុង​តំបន់​នេះ​។ គោលដៅ​របស់​ស្ថាប័ន​នេះ គឺ​ដើម្បី​ថែរក្សា​សន្ដិភាព និង​ការផ្សះផ្សារ​សង្គម ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយគ្នា​ដោយ​គ្មាន​ការរើសអើង​តទៅទៀត​។​



 
​ប្រទេស​កម្ពុជា មាន​សន្ដិភាព​ពេញលេញ​មកដល់ពេលនេះ​មាន​រយៈពេល ២​ទសវត្ស​ហើយ គឺ​បន្ទាប់ពី​តំបន់​អន្លង់វែង ដែលជា​តំបន់​ចុងក្រោយ​របស់​ទាហាន​ខ្មែរក្រហម បានធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​១៩៩៨​។ បច្ចុប្បន្ន តំបន់​អន្លង់វែង ប្រែក្លាយ​ពី​តំបន់​ស្ងៀមស្ងាត់​ដាច់​សង្វែង មាន​ទាហាន ទី​សមរភូមិ​ក្ដៅ ក្លាយជា​គោល​ដោ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។ ភ្ញៀវទេសចរ តែង​ធ្វើដំណើរ​ទៅ​តំបន់​នេះ ដោយ​ពុំមាន​ការភ័យខ្លាច​អ្វី​ឡើយ​។ ប្រវត្តិសាស្ដ្រ​ក្នុង​របប​ខ្មែរក្រហម បាន​បង្កប់​ក្នុង​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​មួយ​នេះ និង​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ក្រុម​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប ប៉ុល ពត​។ 


 
​ក្រោយ​សមាហរណកម្ម​ឆ្នាំ ១៩៩៨ តំបន់​នេះ​បានចាប់ផ្តើម​កែប្រែ​មុខមាត់​ថ្មី បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​សារា​ចរណ៍​ណែនាំ​ឆ្នាំ ២០០១ និង​បន្ទាប់ពី​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង ដើម្បី​អ​ភ​រិ​ក្ស និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​អន្លង់វែង​នៅ​ឆ្នាំ ២០១០​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​សមាជិក​ក្នុង​គណៈកម្មាធិការ​អន្ដរក្រសួង​ខាងលើ បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​រួមចំណែក​លើ​កិច្ចការ​នានា បំណង​ដើម្បី​រក្សា​សន្ដិភាព​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​មានដូចជា​ការងារ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​តំបន់​នេះ​។​


 
​លោក លី សុខ​ឃាង មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​បាន​ចូលមក​ធ្វើការ​ជាមួយ​សហគមន៍​អន្លង់វែង ក្រោយ​សមាហរណកម្ម​ថ្មីៗ​មក​ម្លេះ គឺ​អំឡុង​ឆ្នាំ​២០០១ ហើយ​ការងារ​ដំបូង​គឺ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​។ លោក​បន្ថែមថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចងក្រង​ឯកសារ​ចំនួន​២​ទាក់ទង​តំបន់​អន្លង់វែង រួមមាន សៀវភៅ «​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​» និង «​សៀវភៅ​ណែនាំ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​»​។​
 

 
«​ហេតុផល​ដែល​យើង​ចូលមក​ធ្វើការ​នៅទីនេះ គឺ​យើង​ចង់បាន​បំផុត គឺ​ការថែរក្សា​សន្ដិភាព​ឱ្យនៅ​ជាប់លាប់ ការផ្សះផ្សា​សង្គម ពីព្រោះ​តំបន់​នេះ​សមាហរណកម្ម​ចូល​មែន តែ​ក្នុងន័យ​នយោបាយ​។ សង្គម​ដែល​អ្នកភូមិ​ធ្លាប់មាន​ឈ្មោះ​ជា​សមាជិក​នៃ​ចលនា​តស៊ូ​ខ្មែរក្រហម ពួកគាត់​នៅមាន​អារម្មណ៍​ត្រូវបាន​គេ​រើសអើង ដូចជា​គេ​តែង​ហៅ​តំបន់​អន្លង់វែង ជា​តំបន់​ខ្មែរក្រហម​ជាដើម​»​។ នេះ​ជាការ​ពន្យល់​របស់លោក លី សុខ​ឃាង ដែលមាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង ផងដែរ​នោះ​។ លោក​បន្ថែមថា ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ផ្តោតលើ​ការអប់រំ ដើ​ម្ប​ជំរុញ​កុំឱ្យ​មានការ​ស្លាកស្នាម​ពី​អតីតកាល ជាប់​ដិតដាម និង​ឱ្យ​ប្រជាជន​រស់នៅ​ស្មើភាព​គ្នា ជា​ពលរដ្ឋ​កម្ពុជា​តែមួយ​។​
 

 
​ការអប់រំ​ដែល​បង្រៀន​ដោយ​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​បង្រៀន​ឱ្យ​សហគមន៍​អន្លង់វែង ស្គាល់​ពី​ប្រវត្តិសាស្ដ្រ​តំបន់​របស់ខ្លួន ដូចជា ប្រវត្តិសាស្ដ្រ​របស់​តំបន់​នេះ ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩៨ ពិសេស​ជាងនេះទៀត​នោះ គឺ​ប្រវត្តិសាស្ដ្រ​អន្លង់វែង ចន្លោះ​ឆ្នាំ ១៩៨៩ ដល់ ១៩៩៨ ពេលដែល តា​ម៉ុក ដណ្តើម​កាន់កាប់​តំបន់​នេះ​បាន​ឡើងវិញ ក្រោយ​កងទ័ព​វៀតណាម បាន​ដក​ចេញពី​កម្ពុជា​។ ការអប់រំ​ទី​២ គឺ​ដំណាក់កាល​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដែលជា​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស ជា​គោល​ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ដ្រ​ដ៏​ហិង្សា​ពី​អតីតកាល​របស់​កម្ពុជា និង​ការ​ឈានដល់​ការបង្កើត​សន្ដិភាព​ពេញលេញ​។​
 


យ៉ាងណា លោក លី សុខ​ឃាង លើកឡើងថា ពេល​បង្រៀន​ឱ្យ​សហគមន៍​អន្លង់វែង​ស្គាល់​សន្ដិភាព គេ​នឹង​នឹក​ដល់​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ពួកគេ​ផងដែរ​។ ដើម្បី​បាន​សន្ដិភាព​ពេញលេញ​ទៅបាន គេ​មិនអាច​គ្មាន​វិស័យសេដ្ឋកិច្ច​ចូលរួម​បានឡើយ​។ ការណ៍​នេះ ធ្វើឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើតជា​ប្លង់​ទិដ្ឋភាព​រួមមួយ សម្រាប់​ការអភិវឌ្ឍ​តំបន់​នេះ​នាពេល​អនាគត​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មានបំណង​ចង់​ប្រែ​តំបន់​អន្លង់វែង ក្លាយជា​ក្រុង​ដ៏​ស្រស់ស្អាត​នៅ​ព្រំដែន​ខ្មែរ​-​ថៃ (​ច្រក​ជាំ​-​សា​ងុំ​ា​) ចង់ឱ្យ​តំបន់​ប្រវត្តិសាស្ដ្រ​ទាំង ១៤ ក្នុងស្រុក​អន្លង់វែង មាន​ផ្លូវ​ត​ភ្ជាប់​គ្នា និង​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរ​ជាតិ​-​អន្ដរជាតិ​។ លោក លី សុខ​ឃាង បន្ថែមថា គោលដៅ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ចង់ឱ្យ​ទេសចរ​ស្នាក់នៅ​អន្លង់វែង​យ៉ាងហោចណាស់​៣​ថ្ងៃ ដើម្បីឱ្យ​ពួកគេ​សិក្សា និង​ស្វែងយល់​តំបន់​ប្រវត្តិសាស្ដ្រ​ទាំង​១៤ ដែល​បាន​អ​ភ​រិ​ក្ស​ទុក​។ 
 

 
​ក្នុង​ប្លង់​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​ផងដែរ ក៏ដូចជា​ផែនការ​ស្ដារ​ព្រៃឈើ​ឡើងវិញ​តាម​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ទេសចរ​មួយរូប ដើមឈើ​មួយ​ដើម​។​
 

 
​សម​ទ្ធិ​ផល​នានា​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូលរួម​ដើម្បី​ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អន្លង់វែង មានដូចជា ការស្ដារ​ឡើងវិញ​នូវ​អតីត​ផ្ទះ​ប្រជុំ​របស់​តា​ម៉ុក នៅ​កំពូលភ្នំ​ដងរែក គឺ​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ច្រកព្រំដែន​ជាំ​-​ស្រងាំ ខ្មែរ​-​ថៃ​។ ទីតាំង​នេះ​បច្ចុប្បន្ន​មានឈ្មោះ​ថា «​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​» ដែល​ត្រូវបាន​ស្ដារឡើងវិញ​នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ស្រស់ស្អាត​ផងដែរ​។ ទេសភាព​ពី​កំពូលភ្នំ​ដងរែក ដែល​អាច​មើលឃើញ​ទិដ្ឋភាព​រួម​នៃ​ស្រុក​អន្លង់វែង​បាន​យ៉ាង​ស្រស់ស្អាត​។ បំណង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចង់ឱ្យ​ទីតាំង​នេះ​ក្លាយជា​កន្លែង​សិក្សា​ស្រាវជ្រាវ និង​អប់រំ ក៏ដូចជា​កន្លែង​ស្ដារឡើងវិញ​ផ្នែក​កសិកម្ម និង​ព្រៃឈើ​ផងដែរ​។​
 

 
​បន្ថែម​ពីនេះ តាម​ការបញ្ជាក់​របស់​លោក លី សុខ​ឃាង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​រៀបចំ និង​ដាក់​ស្លាក​សញ្ញា​ទៅកាន់​តំបន់​ប្រវត្តិសាស្ដ្រ​នានា និង​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ ប្រវត្តិសាស្ដ្រ​សង្ខេប​របស់​ចលនា​ក​ម្មុយ​នី​ស​ខ្មែរក្រហម​ជាដើម​។​ល​។​
 

 
​ចំណែក​នៅ​សារមន្ទីរ​ផ្ទះ​តា​ម៉ុក ដែលជា​គោលដៅ​ទេសចរណ៍​ធំជាងគេ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​តាំង​ពិ​ព័រ​ណ៌​រូបថត​មេដឹកនាំ​ខ្មែរក្រហម ប្រវត្តិ​កកើត​នយោបាយ​ក​ម្មុយ​នី​ស​ដំបូង​ជាដើម​។ លើសពីនេះ ក៏មាន​ការផ្សព្វផ្សាយ​តំបន់​អន្លង់វែង​ទៅ​មគ្គុទ្ទេសក៍​ថ្នាក់​តំបន់​នៅ​សៀមរាប​ផងដែរ​។​
 


​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ដូចជា​លោក លី សុខ​ឃាង អន្លង់វែង​ជា​តំបន់​ដ៏​ពិសេស​ជាងគេ​នៅ​កម្ពុជា ឬ​អាច​ថា​ពិសេស​សម្រាប់​ពិភពលោក​ផងដែរ ដ្បិត​តំបន់​នេះ​ជាទី​កន្លែង​ដែល​មេដឹកនាំ​ខ្មែរក្រហម​ស្លាប់ ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​របប​នេះ​ស្លាប់ មាន​តា​ម៉ុក ស៊ុន សេន​។​ល​។ ការណ៍​នេះហើយ​ដែល​ធ្វើឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្រមៃ​ទុក​ថា​វា​នឹង​ក្លាយជា​ក្រុង​ដ៏​ពិ​សេសមួយ​ទៅ​អនាគត​៕
 
​ប្រវត្តិ​អន្លង់វែង​មុន​ឆ្នាំ ១៩៧០
 
​មុន​ឆ្នាំ ១៩៧០ អន្លង់វែង​គឺជា​តំបន់​ដាច់ស្រយាល​មួយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​តំបន់​មួយ នៅក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​កិច្ចការរដ្ឋបាល​។ រដ្ឋាភិបាលកណ្ដាល​កម្រ​ធ្វើដំណើរ ទៅកាន់​តំបន់​នេះ​ណាស់ ហើយ​ប្រជាជន​រស់នៅ​តាម​ទម្លាប់​ដែល​ធ្លាប់​រស់នៅ​រាប់​ជំនាន់​មកហើយ ដោយ​ពឹង​ផ្អែកលើ​ការធ្វើ​ស្រែចម្ការ ការជួញដូរ និង​ដំណាំ​ដាំ​ដុះ​នៅក្នុង​ភូមិ​។ 
 
​នៅពេល​ខ្មែរក្រហម​ចូល​មកដល់​តំបន់​នេះ​នៅ​ដើមឆ្នាំ ១៩៧០ វប្បធម៌​នៅ​តំបន់​អន្លង់វែង​ចាប់ផ្តើម​ប្រែប្រួល​។ ប្រជាជន​ត្រូវបាន​បង្ខំ​ឱ្យ​ទទួលយក​មនោគមន៍​វិជ្ជា​ប​ដិ​វត្ដ​ន៍​ថ្មី​របស់​ខ្មែរក្រហម ដែលមាន​បំណង​លុបបំបាត់ចោល​នូវ​ការអនុវត្ត​បែប​ប្រពៃណី ជំនឿ និង​ឥរិយាបថ​។ ប្រជាជន​ជួបប្រទះ​នូវ​ការលំបាក​យ៉ាងខ្លាំង ដូចជា​ការរស់នៅ​បែប​សហករណ៍ ការបង្ខំ​ឱ្យធ្វើ​ការងារ​ជា​ទម្ងន់ ការខ្វះខាត​អាហារ និង​ការ​បំបិទ​សិទ្ធិសេរីភាព ដែល​បាន​បង្ក​ជា​ផល​លំបាក​ដល់​បុគ្គល និង​សហគមន៍​ទាំងមូល​។ ការសម្លាប់​ដោយ​គ្មាន​ការកាត់ទោស ការផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​បង្ខំ និង​ការបន្ដ​ការគំរាមកំហែង​ដោយ​ជម្លោះ បាន​បង្ក​នូវ​ភាពភ័យខ្លាច និង​ភាពមិនប្រាកដប្រជា​ដល់​ប្រជាជន​។​
 
​នៅ​ចុងឆ្នាំ ១៩៧៧ ខ្មែរក្រហម​បាន​បង្ខំ​ប្រជាជន​ទាំងអស់​ឱ្យ​ផ្លាស់ប្ដូរ​ទៅធ្វើ​ការ​នៅ​ស្រុក​ក្រឡាញ់ ដោយ​ធ្វើឱ្យ​តំបន់​អន្លង់វែង ក្លាយទៅជា​មូលដ្ឋាន​កងទ័ព​របស់​ខ្មែរក្រហម​។ ទោះបីជា​ការផ្លាស់ប្ដូរ​នេះ ប្រហែលជា​ត្រូវបាន​រៀបចំ​ឡើងជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បី​ប្រមូល​កម្លាំង​ធ្វើការ​នៅ​ស្រុក​ក្រឡាញ់ វា​ក៏​អាចជា​យុទ្ធសាស្ដ្រ​មួយ​សម្រាប់​ទប់ស្កាត់​ប្រជាជន​កុំឱ្យរ​ត់ទៅ​ប្រទេស​ថៃ​។ យោងតាម​បទ​សម្ភាស ប្រជាជន​មានបំណងរ​ត់​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​តាម​អន្លង់វែង ប៉ុន្តែ​ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​។ មិនមាន​ព័ត៌មាន​ណាមួយ​បង្ហាញថា មាន​ប្រជាជន​ប៉ុន្មាន​នាក់​អាច​រត់គេចខ្លួន​រួច​នោះទេ​៕ 
 
(​ដកស្រង់​ចេញពី​សៀវភៅ «​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រង់​ជំពូក​៣ «​អន្លង់វែង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ខ្មែរក្រហម​»)
 

Tag:
 អន្លង់វែង​
© រក្សាសិទ្ធិដោយ thmeythmey.com