កីឡាជាតិ
ជាតិ
សាលី អ៊ូ​មើ​ត ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់​មេដាយមាស​អាស៊ី​មកពី​ប្រទេស​ផ្សេងៗ​នៅ​បុណ្យ​សមុទ្រ​ឆ្នាំនេះ​
22, Oct 2018 , 7:59 am        
រូបភាព
កីឡាករ សាលី អ៊ូម៉ើត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែរអ៊ិស្លាមនៅអាកាសយានដ្ឋានអន្តរជាតិ​​
កីឡាករ សាលី អ៊ូម៉ើត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែរអ៊ិស្លាមនៅអាកាសយានដ្ឋានអន្តរជាតិ​​
ដោយ:
​ខេត្តកោះកុង​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» នៅ​ឆ្នាំនេះ ចន្លោះ​ពីថ្ងៃ​ទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨​។ ដើម្បី​អបអរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្ត​នេះ​កាន់តែច្រើន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា នឹង​រៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ខេត្តកោះកុង ដែលមាន​ប្រទេស​នៅ​តំបន់​អាស៊ាន​ជាច្រើន​ចូលរួម​។

 
​លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​និយាយថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​លក្ខណ​មិត្តភាព​អន្តរជាតិ​ក្នុង​ថ្ងៃបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង នា​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោក​អះអាងថា នេះ​ជាការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ ដោយមាន​ការចូលរួម​ពី​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​កីឡាករ សាលី អ៊ូ​មើ​ត និង​ម្ចាស់​មេដាយមាស​អាស៊ី​មកពី​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ាន​។   


 
«​សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​បុណ្យ​សមុទ្រ​ក្នុង​ខេត្តកោះកុង ដោយមាន​ប្រទេស​ជាច្រើន​ចូលរួម​ដូចជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌា​។ យើង​នឹង​ព្យាយាម​រៀបចំ​ឲ្យ​មានការ​ប្រកួត​រវាង​ម្ចាស់​មេដាយមាស​អាស៊ី​របស់​យើង គឺ​កីឡាករ អ៊ូ​ម៉ើ​ត ជាមួយ​ម្ចាស់​មេដាយមាស​អាស៊ី​មកពី​ប្រទេស​ដទៃទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណុះ ស្លេះ​។​
 
​ក្រៅពី​ចង់បង្ហាញ​ពី​ការប្រកួត​មួយ​ដ៏​អស្ចារ្យ​ប្រកបដោយ​បច្ចេកទេស​កម្រិត​ខ្ពស់​រវាង​ម្ចាស់​មេដាយមាស​អាស៊ី​កម្ពុជា និង​ប្រទេស​ដទៃ ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​ខេត្តកោះកុង ក៏​ជា​គោលបំណង​នៃ​ការរៀបចំ​ការប្រកួត​នេះដែរ​។ បន្ថែម​លើ​នេះ គឺ​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ឆ្នាំនេះ ឲ្យ​កាន់​តែមាន​ភាព​អធិកអធម​ថែមទៀត​។ 
 
​ប្រធាន​សហព័ន្ធ​ខាងលើ​រំពឹងថា តាមរយៈ​ព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​អន្តរជាតិ​ខាងលើ នឹង​ជួយ​ឲ្យ​មហាជន​ពិសេស​យុវជន​ស្គាល់​កីឡា​ទើប​បង្កើត​ថ្មី​នេះ​កាន់តែច្បាស់ ពិសេស​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្តកោះកុង​កាន់តែច្រើន​ថែមទៀត​។ 
 
​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» រៀបចំ​នៅ​ទី​រួម​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្តកោះកុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ពោលគឺ​ខេត្ត​នេះ​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤​។ ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន​៕  

Tag:
 ម៉ូតូ​ទឹក​
  សាលី អ៊ូ​មើ​ត​
  បុណ្យ​សមុទ្រ​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com