អន្តរជាតិ
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ចោទសួរ​អូស្ត្រាលី​រឿង​ចង់​ប្តូរ​ស្ថានទូត​ទៅ​ហ្ស​រ៊ុ​យ​សា​ឡិ​ម
21, Oct 2018 , 2:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី សម្តែង​ការមិន​អស់ចិត្ត​ចំពោះ​សេចក្តីប្រកាស​ចុងក្រោយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ពាក់ព័ន្ធ​នឹង​ការចង់​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម (Jerusalem) ដែលជា​ទីតាំង​ចម្រូងចម្រាស់​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។



​តាមរយៈ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ប៉ា​ឡេ​ស្ទី​ន នៅ​ថ្ងៃ​១៦ តុលា​កន្លងទៅ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បាន​ថ្លែងថា ឥណ្ឌូណេស៊ី ពិតជា​មានការ​បារម្ភ​ចំពោះ​សេចក្តីប្រកាស​របស់​អូស្ត្រាលី ឥណ្ឌូណេស៊ី​ក៏​ឆ្ងល់​ថា ហេតុអ្វី​បានជា​អូស្ត្រាលី ចង់​ផ្លាស់ប្តូរ​ស្ថានទូត​របស់ខ្លួន​ទៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ទៅវិញ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Globe លោកស្រី​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​រូបនេះ បាន​អះអាងថា ឥណ្ឌូណេស៊ី បានស្នើ​ឲ្យ​អូស្ត្រាលី និង​បណ្តា​ប្រទេស​ផ្សេងទៀត​ឲ្យ​គាំទ្រ​ការដោះស្រាយ ជម្លោះ អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន តាមច្បាប់​អន្តរជាតិ និង​មិន​ត្រូវធ្វើ​សកម្មភាព ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ឡើយ​។​
 
​សម្រាប់​ភាគី​ប៉ា​ឡេ​ស្ទី​ន ដែល​កំពុងតែ​ដង្ហោយ​សុំ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នោះ បានចាត់ទុក​សេចក្តីប្រកាស​របស់​អូស្ត្រាលី ថា​ជា​ព័ត៌មាន​អាក្រក់​មួយ​។ តាមរយៈ​សន្និសីទ​សារព័ត៌មាន​ជាមួយនឹង​សម​ភាគី​ឥណ្ឌូណេស៊ី លោក Rayid al-Maliki បាន​លើកឡើងថា ផែនការ​របស់​អូស្ត្រាលី នឹង​បំពាន​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ហើយ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ថ្ងៃទី​១៦ ខែតុលា​ដូចគ្នា​ដែរនោះ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បាន​រំលេច​ពី​ចេតនា​របស់ខ្លួន ក្នុងការ​ទទួលយក​ទីក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ផ្លូវការ និង​ប្ដូរ​ស្ថានទូត​អូស្ត្រាលី​ទៅកាន់​ទីក្រុង​ពិសិដ្ឋ​នេះ​ផង​។ ការផ្លាស់ប្តូរ​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បដិសេធថា មិនមាន​ពាក់ព័ន្ធ​នឹង​ទំនោរ​តាម​សហរដ្ឋអាមេរិក​ឡើយ​។​
 
​កន្លងមក មានតែ​អាមេរិក​ប៉ុណ្ណោះ ដែល​ចេញមុខ​ចេញ​មាត់​ខ្លាំងជាងគេ ក្នុងការ​កាង​សម្ព័ន្ធមិត្ត​ខ្លួន​អ៊ីស្រាអែល​។ អាមេរិក នៅ​ខែឧសភា​កន្លងទៅ​បានសម្រេច​ផ្លាស់ប្តូរ​ទីតាំង​ស្ថានភាព​របស់ខ្លួន​ទៅកាន់​ទីក្រុង ហ្សេ​រ៊ុ​យ​សា​ឡិ​ម ទាំង​តំបន់​នេះ នៅ​មិនទាន់មាន​ការដោះស្រាយ​ចប់​នៅឡើយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​គ្រប់គ្រង​ដែន​អធិបតេយ្យ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ សូម្បីតែ​សហគមន៍​អន្តរជាតិ ក៏​ចូលរួម​ថ្កោលទោស​ទង្វើ​បែបនេះ​ផងដែរ​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  ប៉ា​ឡេ​ស្ទី​ន​
 ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com