អន្តរជាតិ
របាយការណ៍៖ អាយុរំពឹងរស់ពលរដ្ឋសិង្ហបុរី ស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីជប៉ុន និងអេស្ប៉ាញ
× ប្រជាជនសិង្ហបុរី មានអាយុរស់នៅ ឬចំនួនឆ្នាំដែលអាចរស់បាន (Life expectancy) វែងជាងគេលេខរៀងទីបីក្នុងចំណោមបណ្តាប្រជាជននានាលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បីឈ្មោះ The Lancet ។
តាមរបាយការណ៍ស្រាវជ្រាវផ្នែកសុខភាព The Lancet បានព្យាករថា ប្រជាជនសិង្ហបុរី អាចរស់នៅបានរហូតដល់អាយុ ៨៥.៤ ឆ្នាំ ត្រឹមឆ្នាំ២០៤០ ខណៈរបាយការណ៍ឆ្នាំ២០១៦ អាយុរំពឹងរស់នៅរបស់ប្រជាជនសិង្ហបុរី ស្ថិតនៅត្រឹមតែ ៨៣.៣ ឆ្នាំប៉ុណ្ណោះ។ តាមការព្យាករណ៍នេះ មានន័យថា ប្រជាជនសិង្ហបុរី នឹងមានអាយុរំពឹងរស់នៅកាន់តែវែងជាងមុនក្នុងចន្លោះឆ្នាំ២០១៦-២០៤០។
តាមទស្សនាវដ្តីស្រាវជ្រាវដដែលនោះ លទ្ធផលព្យាករណ៍នេះ ក៏មានន័យថា អាយុរំពឹងរស់នៅរបស់ប្រជាជនសិង្ហបុរី ត្រូវស្ថិតនៅក្នុងលំដាប់ទីបី នៃអាយុរំពឹងរស់វែងជាងគេនៃប្រជាជនលើពិភពលោក ខណៈប្រជាជនជប៉ុន ស្ថិតនៅលំដាប់ទី២ និងអេស្ប៉ាញ ស្ថិតនៅលំដាប់ទី១។
ប្រទេស ដែលមានអាយុរំពឹងរស់របស់ប្រជាជនវែងជាងគេក្នុងចំណោមប្រទេសទាំង១០របស់ពិភពលោក រួមមាន ស្វ៊ីស លំដាប់ទី៤ (អាយុរំពឹងរស់របស់ប្រជាជន ៨៥.២ ឆ្នាំ), ព័រទុយហ្កាល់ លំដាប់ទី៥ អាយុរំពឹងរស់របស់ប្រជាជន ៨៤.៥ ឆ្នាំ), អ៊ីតាលី លំដាប់ទី៦ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៥ឆ្នាំ), អ៊ីស្រាអែល លំដាប់ទី៧ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៤ ឆ្នាំ), បារាំង លំដាប់ទី៨ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៣ ឆ្នាំ), លុចសំបួរ លំដាប់ទី៩ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.១) និងអូស្រាលី ទី១០។
តាមរយៈរបាយការណ៍របស់អ្នកស្រាវជ្រាវេជ្ជសាស្ត្រ ដែលយកកត្តាសុខភាព ធ្វើជាកត្តាចម្បងក្នុងការព្យាករណ៍នេះ ប្រទេសដែលមានអាយុរំពឹងរស់ទាបជាងគេរបស់ពិភពលោក ភាគច្រើននៅក្នុងបណ្តាប្រទេសតំបន់អាហ្វ្រិក ដូចជា សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ឡេសូតូ សូម៉ាលី និងស៊ីមប៉ាវេជាដើម៕
Tag:
សិង្ហបុរី
The Lancet
© រក្សាសិទ្ធិដោយ thmeythmey.com