ជាតិ
បណ្ឌិត វង់ សុធា​រ៉ា​៖ ស្ដេច​ចក្រពត្តិ​នៅ​សម័យអង្គរ​ជា​ស្ដេច​មាន​ទសពិធរាជធម៌​
21, Oct 2018 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ បាឋកថា​ប្រចាំ​ខែតុលា ដែល​រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​នេះ លើកឡើង​អំពី​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញថា ស្តេច​ចក្រពត្តិ​ក្នុងសម័យ​អង្គរ ជា​ព្រះមហាក្សត្រ​ដែលមាន​ទសពិធរាជធម៌ ស្រឡាញ់​ប្រជាសាស្ត្រ​ដូចជា​កូនចៅ​របស់​ទ្រង់​។

 
​ភស្ដុតាង​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេសជិតខាង រួមទាំង​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​ទៀតផង ដែល​បណ្ឌិត វង់ សុធា​រ៉ា បាន​ស្រាវជ្រាវ បង្ហាញថា ព្រះមហាក្សត្រ​នៅ​សម័យអង្គរ បាន​ពង្រីក​អំណាច​រប​ស់​ខ្លួន វាតទី​ទឹកដី​រហូត​ទៅ​ទល់នឹង​សមុទ្រ​ទិស​ទាំង​បួន ប្រកបដោយ​ទសពិធរាជធម៌​។  


 
​ប្រធាន​ដេ​ប៉ា​ដឺ​ម៉​ង​ប្រវត្តិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត វង់ សុធា​រ៉ា បាន​បញ្ជាក់ថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់លោក រយៈពេល​ប្រមាណ​៥​ឆ្នាំ បាន​រកឃើញ​ភស្ដុតាង​ជាច្រើន ដែល​បង្ហាញថា ព្រះមហាក្សត្រ​នៅ​សម័យអង្គរ​ជា​ស្តេច​ចក្រពត្តិ​។ 
 
​ស្តេច​ចក្រពត្តិ​មានន័យថា ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឱ្យ​ប្រព្រឹត្តទៅបាន​។ ជា​បរម​ក្សត្រ​ដែលមាន​បុណ្យ​អំណាច​ដ៏​ពន្លឹក​។ ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភពលោក ទ្រង់​ប្រព្រឹត្ត​សុចរិតធម៌ និង​ទសពិធរាជធម៌​ខ្ជាប់ខ្ជួន​មិនមាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង​។ បើតាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា យូរៗ​ណាស់​ទើប​មាន​ស្ដេច​ចក្រពត្តិ​ម្ដង​។ 


 
​ការធ្វើ​បាឋកថា​នេះ បណ្ឌិត វង់ សុធា​រ៉ា ចង់បង្ហាញ​ពី​អំណាច​ស្តេច​ចក្រពត្តិ ក្នុងសម័យ​អង្គរ ដើម្បី​ជា​ឯកសារ​ស្រាវជ្រាវ​មួយ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​។ ឯកសារ​ដែល លោក សុធា​រ៉ា ថា​វា​មាន​សារសំខាន់​សម្រាប់​ក្មេងជំនាន់ក្រោយ គឺ​ពួកគេ​អាច​សិក្សា​ដើម្បី​បានជា​គំនិត​ពិចារណា​ក្នុង​ការធ្វើ​អ្វីមួយ​នោះ​។ 
 
​បណ្ឌិត វង់ សុធា​រ៉ា ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើពាក្យ​ស្តេច​ចក្រពត្តិ ជៀស​ជាង​ប្រើពាក្យ​ស្តេច​ចក្រវាល ព្រោះ​ពាក្យ​ចក្រពត្តិ​មានន័យ​ពេញលេញ​និង​ល្អ​ផង ដែលជា​ពាក្យចាស់​បុរាណ​តែង​ប្រើ​។ លោក សុធា​រ៉ា ក៏​ជំ​រុញឱ្យ​យុវវ័យ​យកចិត្តទុកដាក់​សិក្សា​រឿង​វប្បធម៌​របស់​ដូនតា ដើម្បី​ទុកជា​ការពិចារណា បាន​វែងឆ្ងាយ​ផងដែរ​។​
 
​បណ្ឌិត វង់ សុធា​រ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការសិក្សា​នេះ​បានបង្ហាញ​ពី​អំណាច​របស់​ស្ដេច​ចក្រពត្តិ​កាលសម័យ​អង្គរ​។ ទ្រង់​វាតទី​ទឹកដី​ទៅដល់​ណា ប្រជាជន​និង​អ្នកគ្រប់គ្រង ឬ​ស្ដេច​នៅ​ប្រទេស​នោះ ព្រម​ចុះចូល​ដោយ​ខ្លួនឯង​។ វា​បង្ហាញឱ្យឃើញថា ព្រះមហាក្សត្រ​នៅ​សម័យអង្គរ​ស្រឡាញ់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​រាស្ត្រ​ដូចជា​កូនចៅ​របស់​ទ្រង់​។ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​ក្មេងជំនាន់ក្រោយ សិក្សា​ពី​ប្រវត្តិ​របស់​ដូនតា ដើម្បី​ធ្វើ​អ្វីមួយ​កុំឱ្យ​វា​ដាច់​ឆ្ងាយ​ពីគ្នា​ពេក​»៕
 

Tag:
 ប្រវត្តិសាស្ត្រ​ខ្មែរ​
  ស្រាវជ្រាវ​
  សិលា​ចារិក​
  វង់ សុធា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com