អន្តរជាតិ
លោក ត្រាំ នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មធ្យម​ជាមួយ​រុស្ស៊ី
21, Oct 2018 , 3:29 pm        
រូបភាព
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែតុលា បាន​បញ្ជាក់ថា អាមេរិក​មាន​ផែនការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី ដែល​ត្រូវបាន​ចុះហត្ថលេខា​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​។ លោក ត្រាំ ចោទ​រុស្ស៊ី​ថា ជា​អ្នក​បំពាន​សន្ធិសញ្ញា​នេះ​។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ​ខកចិត្ត​ខ្លាំង ហើយ​រិះគន់​លោក ត្រាំ ថា កំពុង​អនុវត្ត​នយោបាយ​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​ចង់​ធ្វើជា​មហាអំណាច​តែម្នាក់ឯង​។​

 
​ដោយ​ទម្លាក់កំហុស​លើ​រុស្ស៊ី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា អាមេរិក​នឹង​ដើរ​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ។ សន្ធិសញ្ញា​នេះ ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៨៧ ដោយ​ប្រធានាធិបតី រ៉ូ​ណា​ល់ រី​ហ្គេ​ន និង​មេដឹកនាំ​សហភាពសូវៀត មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ នៅ​អាមេរិក​។ ការដើរ​ចេញ​របស់​អា​មេ​រិ​ក នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​រុស្ស៊ី​ដែល​កំពុង​ល្អក់កករ​ខ្លាំង​នោះ នឹង​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត ខណៈ​សញ្ញា​វិល​ទៅរក​ប្រក្រតីភាព​នៅតែ​គ្មាន​ដដែល​។​
 
​លោក ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ពីរ​ដ្ឋ Nevada ថា អាមេរិក​បាន​គោរព និង​ស្ថិតនៅក្នុង​សន្ធិសញ្ញា​នេះ ប៉ុន្តែ​រុស្ស៊ី​មិនបាន​គោរព​ឡើយ ដូចនេះ​អាមេរិក​នឹង​បោះបង់​កិច្ចព្រមព្រៀង​នេះ ហើយ​ដើរចេញ​ទៀតផង​។ ដោយ​ចោទ​រុស្ស៊ី​ថា បាន​បំពាន​សន្ធិសញ្ញា INF រាប់សិប​ឆ្នាំ​មកហើយ​នោះ លោក ត្រាំ ក៏​ងឿងឆ្ងល់​ហេតុអ្វី​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មិន​តវ៉ា ឬ​ដើរចេញ ហើយ​រដ្ឋបាល​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​បំពាន​កិច្ចព្រមព្រៀង​នេះ ឬ​ផលិត​អាវុធ​ដែល​អាមេរិក​ត្រូវបាន​ហាមឃាត់​ឡើយ​។​
 
​តាមពិតទៅ រដ្ឋ​បា​លោក ត្រាំ បាន​តវ៉ា​នឹង​រុស្ស៊ី​ចំពោះ​ការពង្រាយ​មី​ស៊ី​ល​ធុន 9M729 ដែល​អាច​រត់​ចម្ងាយ​ច្រើនជាង​៣១០​ម៉ា​យល៍ ដែល​នោះបាន​បំពាន​សន្ធិសញ្ញា INF ដែល​ហាម​មី​ស៊ី​ល​ទាំងឡាយណា​ដែលរ​ត់ដល់​គោលដៅ​ប្រវែង​ពី​៣១០​ម៉ា​យល៍​ទៅ​៣៤០០​ម៉ា​យល៍​។ សន្ធិសញ្ញា INF នេះ​បាន​ជួយ​បញ្ចប់​វិបត្តិ​ចាប់ផ្ដើម​ពី​ទសវត្សរ៍​១៩៨០ ដែល​កាលនោះ រុស្ស៊ី​បាន​ពង្រាយ​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ SS-2០ ដែលជា​មី​ស៊ី​ល​ចម្ងាយ​មធ្យម​អាច​បាញ់​ដល់​រដ្ឋធានី​នានា​របស់លោក​ខាងលិច​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចោទ​អាមេរិក​ថា កំពុង​អនុវត្ត​នយោបាយ​សំដៅ​កម្ទេច​រាល់​កិច្ចព្រមព្រៀង​ទាក់ទង​អាវុធ​នុយក្លេអ៊ែរ​។ លើសពីនោះ មន្ត្រី​ក្រុង​មូ​ស្គូ​ក៏​រិះគន់​ទៀតថា ការសម្រេចចិត្ត​ដកខ្លួន​នេះ ជា​ផ្នែក​មួយ​នៃ​នយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​ផ្នែក​ច្បាប់​ទាំងឡាយ​ដែល​ផ្ដល់​ឲ្យ​ភាគី​ហត្ថលេខី​នូវ​ការទទួលខុសត្រូវ​ស្មើគ្នា​លើ​ខ្លួន និង​ដៃគូ​របស់ខ្លួន ហើយក៏​ប៉ះពាល់​គំនិត​ដែល​អាមេរិក​អាច​រួចខ្លួន​ពី​កា​ត្វ​កិច្ច​នានា​។​
 
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ គឺ​លោក ច​ន ប៊ូល​តុ​ន ដែលមាន​ជំហរ​តឹងរ៉ឹង​ដាក់​រុស្ស៊ី ជា​អ្នក​បញ្ចុះ​បញ្ច​ល​ឲ្យ​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​រូបនេះ​ដើរចេញ​ពី INF ។ លើសពីនោះ លោក ប៊ូល​តុ​ន ក៏បាន​រារាំង​ការចរចា​ណាមួយ​ដើម្បី​បន្ត​សុពលភាព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ START ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១ ។ START ជា​សន្ធិសញ្ញា​រវាង​អាមេរិក និង​រុស្ស៊ី ដែល​ហាមឃាត់​មី​ស៊ី​ល​យុទ្ធសាស្ត្រ​របស់​មហាអំណាច​ទាំងពីរ​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  INF
© រក្សាសិទ្ធិដោយ thmeythmey.com