ជាតិ
បុណ្យអុំទូក
កំពង់ធំ កំពង់ស្ពឺ និងកណ្តាល កំណត់ថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅខេត្តរៀងៗខ្លួន
× ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកកាន់តែខិតជិតមកដល់ រដ្ឋបាលខេត្តចំនួន៣ បានប្រកាសប្រារព្ធពិធីបុណ្យអុំទូក ដាច់ដោយឡែកនៅតាមខេត្តរបស់ខ្លួន នៅក្នុងថ្ងៃផ្សេងៗគ្នា។ ខេត្តទាំងនោះមានដូចជា ខេត្តកំពង់ធំ ប្រារព្ធនៅថ្ងៃទី ៣-៤ ខែវិច្ឆិកា ខេត្តកំពង់ស្ពឺ ប្រារព្ធនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា និងខេត្តកណ្ដាល ប្រារព្ធនៅថ្ងៃទី២៣-២៤ ខែតុលា។
ខេត្តកំពង់ធំ ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទី០៣-០៤ ខែវិច្ឆិកា ពិធីនេះនឹងប្រារព្ធឡើងនៅតាមបណ្ដោយមាត់ស្ទឹងសែន (មុខវេទិការអុំទូកខេត្ត) ។ ពិធីអុំទូកដែលធ្វើឡើងនៅមុនព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ បែបនេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា «ដើម្បីសម្រិតសម្រាំងយកទូកទៅចូលរួមព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង។
កម្មវិធីបុណ្យអុំទូកនេះក៏មានពីធីបណ្ដែតប្រទីបនៅពេលរាត្រី មានការប្រគុំតន្ត្រី សម្ដែងផ្ទាំងទស្សនីយភាព របាំ ចម្រៀង និងការបាញ់កាំជ្រួចថែមទៀត។ នេះបើតាមសេចក្ដីប្រាកាសចុះថ្ងៃទី១២ ខែតុលា របស់រដ្ឋបាលខេត្តកំពង់ធំ។
ចំណែកខេត្តកំពង់ស្ពឺ គឺប្រារព្ធពិធីបុណ្យអុំទូកនៅថ្ងៃទី១០-១១ ខែវិច្ឆិកា។ ធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត។ ពិធីនេះនឹងមានការសម្ដែងសិល្បៈ និងការបាញ់កាំជ្រួចផងដែរ។
ដោយឡែកខេត្តកណ្ដាល ក៏មានពិធីបុណ្យអុំទូកដាច់ដោយឡែកដែរ តែធ្វើឡើងនៅក្រោយពិធីបុណ្យអុំទូកមុខព្រះបរមរាជវាំង។ កម្មវិធីបុណ្យទូកនៅខេត្តកណ្ដាល ធ្វើឡើងនៅថ្ងៃទី ២៣-២៤ ខែតុលា ដែលធ្វើឡើងនៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ។ ដូច្នេះពលរដ្ឋដែលមកកំសាន្តបុណ្យអុំទូកនៅរាជធានីភ្នំពេញហើយ ក៏ងាយស្រួលក្នុងការបន្តដំណើរកំសាន្ត ទៅខេត្តកណ្ដាល បន្ថែមទៀត ដើម្បីចូលរួមពិធីបុណ្យអុំទូកនៅខេត្តកណ្ដាល៕
Tag:
អុំទូក
បុណ្យប្រពៃណីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com