អន្តរជាតិ
គ្រោះថ្នាក់​រថភ្លើង​ផ្សេងគ្នា សម្លាប់​មនុស្ស​ជាង​៥០​នៅ​ឥណ្ឌា និង​ដំរី​២​ក្បាល​នៅ​ស្រីលង្កា​
21, Oct 2018 , 10:59 pm        
រូបភាព
​មនុស្ស​ជាង​៥០​នាក់​នៅ​ភាគ​ខាងជើង​ឥណ្ឌា បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ ដោយសារតែ​រថភ្លើង​ល្បឿន​លឿន​មួយ​បុក នា​អំឡុង​ពេលដែល​ពួកគេ​ទស្សនា​កាំជ្រួច​ក្នុង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​។ នៅ​ចុង​សប្តាហ៍​នេះដែរ ករណី​គ្រោះថ្នាក់​រថភ្លើង​ពីរលើក​កើត​នៅ​ស្រីលង្កា ដែល​បណ្តាល​ឲ្យ​ដំរី​២​ក្បាល​ងាប់ និង​១​ក្បាល​រងរបួស​។​

 
​នៅ​ថ្ងៃ​សុក្រ មនុស្ស​ជាច្រើន​នាក់​បាននាំគ្នា​ឈរ​មើល​កាំជ្រួច​នៅលើ​ផ្លូវ​រថភ្លើង​នៅ​ក្រុង Amritsar នៃ​រដ្ឋ Punjab ក្នុងឱកាស​នៃ​ពិធីបុណ្យ Dussehra ក្នុង​សាសនា​ហិណ្ឌូ​។ បើតាម​ការផ្សាយ​របស់ AFP នៅមុន​ការបុក​រះ​របស់​រថភ្លើង​ក្នុង​ល្បឿន​ដ៏​លឿន​នោះ ជនរងគ្រោះ មិន​ទទួលបាន​សញ្ញា​អាសន្ន​ណាមួយ​នោះឡើយ​។​
 
​មន្ត្រីប៉ូលិស​អះអាង ការ​មិនឮ​នោះ គឺ​ដោយសារតែ​ភាព​អ៊ូអរ​របស់​ហ្វូងមនុស្ស​ក្នុង​កម្មវិធី​បុណ្យ​សាសនា​ហិណ្ឌូ​នោះ​។ មនុស្ស​ជាង​៥០​នាក់ បាន​ស្លាប់ ហើយ​ជាច្រើន​នាក់​ទៀត​បាន​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នានា​នៅក្នុង​ទីក្រុង​។ 
 
​លោក Amarinder Singh រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Punjab បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត និង​ប្រកាស​ផ្តល់​ថវិកា​ប្រមាណ​៦៨០០​ដុល្លារ​អាមេរិក ដល់​រាល់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​ណែនាំ​ឲ្យ​មន្ទីរ​ទាំងអស់​យកចិត្ត​ទុក​ព្យាបាល​អ្នករបួស​។​
 
​ដោយឡែក​នៅ​ជាយក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា រថភ្លើង​ពេលយប់​មួយ បាន​បុក​ដំរី​ពីរ​ក្បាល​នៅ​តំបន់ Ambanpola ដែលមាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ក្រុង​កូឡុំបូ ដែល​បណ្តាល​ឲ្យ​ដំរី​មួយ​ងាប់ និង​មួយទៀត​របួស​។ ករណី​គ្រោះថ្នាក់​មួយទៀត ក៏បាន​កើតឡើង​ផងដែរ​នៅ Palugaswewa ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​ក្រុង​កូឡុំបូ ដោយ​រថភ្លើង​បាន​ធ្លាក់​ផ្លូវ ហើយ​ទៅបុក​ដំរី​មួយ​ក្បាល​ងាប់​។​
 
​វា​ជា​គ្រោះថ្នាក់​ដដែល ដោយ​កាលពី​ពីរ​សប្តាហ៍​មុន ដំរី​៣​ក្បាល​ហើយ ដែល​ត្រូវ​រថភ្លើង​បុក​ងាប់​នៅ​ស្រីលង្កា​។ ស្រីលង្កា រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពីបទ​ព្រងើយកន្តើយ​ក្នុងការ​ការពារ​សត្វ​ដំរី ជាពិសេស​ការស្វែងរក​ទីជម្រក​សមរម្យ​សម្រាប់​ពួកវា ដោយ​ជានិច្ចកាល​តែងតែ​រងគ្រោះ​ដោយសារ​មនុស្ស និង​រថភ្លើង​៕
 

Tag:
 ​រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com