ជាតិ
ឃាតកសម្លាប់ក្មេងស្រី២នាក់នៅកំពង់ឆ្នាំង ជាអ្នកនៅក្បែរផ្ទះជនរងគ្រោះ
× ឃាតកដែលសម្លាប់ក្មេងស្រី២នាក់ នៅក្នុងភូមិថ្មី ឃុំផ្សារដែក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅធ្វើត្រាប់តាម នៅកន្លែងកើតហេតុ នារសៀស ថ្ងៃទី២១តុលានេះ។ ឃាតកនោះមានឈ្មោះថា ឆុំ ពយ ត្រូវជាអ្នកជិតខាងគ្រួសារជនរងគ្រោះទាំង២នាក់។
ឃាតកវ័យប្រមាណ៣០ឆ្នាំរូប បានសារភាព ថាខ្លួនពិតជាបានសម្លាប់ក្មេងស្រីទាំងពីរមែន នៅពេលដែលក្មេងស្រីជាប្អូន បានឃើញ និងស្រែកឲ្យគេជួយ ពេលចាប់រំលោភក្មេងស្រីជាបង។ ដោយខ្លាចបែកការណ៍អំពីរឿងនេះ ជនសង្ស័យនោះ បានយកខ្នើយ ទៅសង្កត់ដង្ហើមក្មេងស្រីទាំង២នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ រួចហើយលើកសពទាំងនោះ ចូលទៅក្នុងប្រអប់ឈើមួយ នៅលើផ្ទះជនរងគ្រោះ។
សូមបញ្ជាក់ថា ក្មេងស្រីទាំង២នេះ ដែលមានឈ្មោះ អ៊ុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានឃាតករសម្លាប់តាំងពីថ្ងៃទី១៨តុលា ខណៈដែលឪពុករបស់ជនរងគ្រោះបានទៅធ្វើការនៅប្រទេសថៃ និងម្ដាយទៅធ្វើជាកម្មករនៅភ្នំពេញ។
បើតាមឪពុកម្តាយ ជនរងគ្រោះ ឆុំ ពយ ក៏ជាប់សាច់ញាតិរបស់ខ្លួនផងដែរ ហើយឃាតករូបនោះ តែងតែចេញចូលផ្ទះ និងហូបបាយផ្ទះខ្លួនជាញឹកញាប់។ វាជារឿងដែលមិននឹកស្មានដល់ទាល់តែសោះសម្រាប់ពួកគាត់ ដែល ឆុំ ពយ ហ៊ានធ្វើបែបនេះ៕
Tag:
សង្គម
សម្លាប់
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com