កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទីបីនេះចុះដល់ទាបបំផុត គិតត្រឹមរយៈពេល៩ឆ្នាំចុងក្រោយនេះ។ សេដ្ឋកិច្ចចិនមានកំណើនយឺតយ៉ាវ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកបន្តឆាបឆេះទៅមុខនោះ។
មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នេះមានកំណើនសេដ្ឋកិច្ចត្រឹម ៦,៥% ក្នុងត្រីមាសទីបី ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨នេះ។ នេះបើតាមទិន្នន័យរបស់អង្គភាពស្ថិតិចិន។
តាមទិន្នន័យថ្មីនេះ គេអាចសន្និដ្ឋានបានថា សន្ទុះសេដ្ឋកិច្ចចិនបានធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតមួយ បើគិតចាប់ពីឆ្នាំ២០០៩ មក ពោលគឺជាពេលដែលពិភពលោកកំពុងប្រទះវិបត្តិសេដ្ឋកិច្ច។
តួលេខថ្មីនេះបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចចិនធ្លាក់់ចុះពីចំនួន ៦,៨% និង៦,៧% កាលពីត្រីមាសមុនៗក្នុងឆ្នាំ២០១៨ ។ ប៉ុន្តែទោះបីធ្លាក់ចុះក្តី វានៅតែជាកម្រិតមួយដែលស្ថិតតាមការព្យាកររបស់ក្រុងប៉េកាំងនាឆ្នាំនេះដដែល។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យអង្គភាពស្ថិតិចិន Mao Shengyong បានលើកឡើងថា ចិនបានប្រឈមមុខនឹងបរិយាកាសសេដ្ឋកិច្ចដ៏ស្មុគស្មាញនៅក្រៅប្រទេស ក៏ដូចជាបញ្ហាកំណែទម្រង់ និងការអភិវឌ្ឍនៅក្នុងប្រទេសដែរ។
ពេលនេះក្រុងប៉េកាំងកំពុងផុងខ្លួនក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន ដោយភាគីទាំងពីរបានបន្តដំឡើងពន្ធប្រឆាំងគ្នាទៅវិញទៅមក ដែលគិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារទៅហើយ។ បញ្ហាទាំងនេះបានបង្កក្តីបារម្ភអំពីឥទ្ធិពលនៃសង្គ្រាមនេះលើសេដ្ឋកិច្ចពិភពលោកទាំងមូល។
មិនត្រឹមតែប៉ុណ្ណោះកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាងនេះក៏បានកើតឡើងចំពេល ក្រុងប៉េកាំងកំពុងខិតខំប្រឹងប្រែងដោះស្រាយការកើនឡើងនៃបំណុលរដ្ឋដ៏ច្រើនលើសលុប ដែលវាកើតឡើងបណ្តាលមកពីការធ្លាក់ចុះនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដែរ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានល្អក់កករខ្លាំងក្នុងឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដំឡើងពន្ធនាំចូលជាបន្តបន្ទាប់លើទំនិញ នាំចូលពីចិន។ ភាគច្រើននៃទំនិញទាំងនោះមានដូចជា រថយន្ត, គ្រឿងចក្រ, និងគ្រឿងអេឡិចត្រូនិកជាដើម។ ក្រោយការដំឡើងពន្ធនេះបានចូលជាធរមាន រោងចក្រជាច្រើនបានសម្រេចរើទីតាំងចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀត ហើយក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតម្លៃកម្លាំងពលកម្មថោកតែម្តង៕