ជាតិ
លោក យន្ត មីន​៖ ស្ថានភាព​ខេត្ត​ព្រះសីហនុ ប្រៀបដូចជា​ផ្ទះ ដែល​កំពុង​សាងសង់​បណ្ដើរ និង​រស់នៅ​បណ្ដើរ​
22, Oct 2018 , 11:38 am        
រូបភាព
​ព្រះសីហនុ​៖ ក្រុមហ៊ុន​ចិន​មួយ បានទទួល​សិទ្ធ​សិក្សា​លើ​គម្រោង​វិនិយោគ​សួន​ឧស្សាហកម្ម​ថាមពល​ថ្មី ដែល​ផ្ដោតទៅលើ​សម្ភារ​អគ្គិសនី នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ​។ អភិបាលខេត្ត ចាត់ទុក​គម្រោង​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ខេត្ត​។​


 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ កំពុងមាន​ការអភិវឌ្ឍ​យ៉ាងគំហុក ហើយ​ស្ថានភាព​វិនិយោគ​នេះ វា​បានផ្ដល់​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ នេះ​ជាការ​លើកឡើង​របស់​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន​។​
 
​លោក យន្ត មីន ដែល​បាន​មើលឃើញ​ពី​ចំណុច​ទាំងនេះ បាន​និយាយ​ប្រៀបធៀប​ខេត្ត​ព្រះសីហនុ ទៅនឹង​ផ្ទះ​ដែល​កំពុង​សាងសង់ ហើយ​ត្រូវការ​ពេលវេលា​រៀបចំ​ឲ្យ​បាន​ស្អាត រួមទាំងការគ្រប់គ្រង​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្ដី​លោក យន្ត មីន មក​សរសេរ​ដូច្នេះ​ថា​៖« ជាការ​កត់សំគាល់​រយៈ​កាលពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​យ៉ាងគំហុក​។ សភាព​បែបនេះ ទន្ទឹម​នឹងមាន​ចំណុច​វិជ្ជមាន​ច្រើន​លើសលប់ តែ​ក៏មាន​ផល​អវិជ្ជមាន​បន្តិចបន្តួច​ដែរ​។​ស្ថានភាព​បែបនេះ លោក យន្ត មីន ប្រៀបប្រដូច​ទៅនឹង​ផ្ទះ​ដែល​កំពុង​សាងសង់​បណ្តើរ​និង​រស់នៅ​បណ្តើរ​។​តែ​ទោះជា​បែបនេះ​ក្តី​លោក អភិបាលខេត្ត​ព្រះសីហនុ មាន​រំពឹងថា​ស្ថានភាព​បែបនេះ​នឹង​ល្អប្រសើរ​ឡើង​គ្រា​ដែល​អាជ្ញាធរ​ដែនដី​កំពុង​ពង្រឹង​ការរៀបចំ​គ្រប់គ្រង​យ៉ាងសកម្ម​នាពេល​បច្ចុប្បន្ន​នេះ​»​។​
 
​ការលើកឡើង​របស់លោក យន្ត មីន បែបនេះ នៅ​គ្រា​ដែល​រដ្ឋបាលខេត្ត​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​Yunnan Hui He Group មកពី​ខេត្ត​យូ​ណាន ប្រទេស​ចិន សិក្សា​គម្រោង​វិនិយោគ​សួន​ឧ​ស្សហកម្ម​ថាមពល​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​។​
 
​លោក Mo Fei នាយក​ក្រុមហ៊ុន​Yunnan នេះ បាន​និយាយថា ខេត្ត​ព្រះសីហនុ ពិត​ជាមាន​សក្តានុពល​និង​សក្តិសម​បំផុត សម្រាប់​សហប្រតិបត្តិកា​រ​ក្នុងការ​វិនិយោគ​នេះ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​លោក ប្រតិបត្តិការ បាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​។​
 
​បើតាម​គម្រោង ក្រុមហ៊ុន​ចិន​នេះ​គ្រោង​បង្កើត​រោងចក្រ​ផលិត ១. អំពូល​ភ្លើង​ប្រើ​ពន្លឺព្រះអាទិត្យ , ២. អំពូល​LED , ៣.​សម្ភារៈ​អគ្គី​ស​ទំនើប SMART ENERGY ។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​ខេត្ត ដែល​បាន​បន្ថែមថា អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​ពិភាក្សាគ្នា ក្នុងការ​ផ្ដល់​ទីតាំង​សាងសង់​ឲ្យ​ក្រុមហ៊ុន ដែល​ទំនង​នៅក្នុង​ស្រុក​ព្រៃនប់ ។​
 
​ត្រង់ចំណុច​នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បន្ថែមថា​៖«​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ស្របច្បាប់​ទាំងអស់​មកពី​គ្រប់​បណ្តា​ប្រទេស ដែល​ចង់​មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ​។​ក្នុងនាម​រដ្ឋបាលខេត្ត នឹង​ការពារ​យ៉ាង​គត់មត់ ដោយ​យក​ច្បាប់​ជា​គោល​»​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥​ទីតាំង រួមមាន​៖១.​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ,២.​តំបន់​សេដ្ឋកិច្ច​ពិសេស Adwood នៅ​ស្រុក​ស្ទឹងហាវ , ៣.​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នៅ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ,៤.​តំបន់​សេដ្ឋកិច្ច​ពិសេស ជា ជាង ដែល​ទើប​បង្កើត​ថ្មី​មួយទៀត​នៅ​ស្រុក​ព្រៃនប់ , ៥. តំបន់​សេដ្ឋកិច្ច​ពិសេស​កែវផុស​។ នេះ​បើតាម​រដ្ឋបាលខេត្ត​៕

Tag:
 ​យន្ត មីន​
  ចិន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com