ជាតិ
ពុលស្រា៖ តុលាការចេញដីកាឃុំខ្លួន អ្នកផលិតស្រាស ក្រោមបទ «មនុស្សឃាតដោយអចេតនា»
× ក្រចេះ៖ តុលាការ ចេញដីកាឃុំខ្លួន អ្នកផលិតស្រា«ស»ម្នាក់ ក្រោមបទ«មនុស្សឃាតដោយអចេតនា»។ ការឃុំខ្លួននេះ ធ្វើឡើងក្រោយពីមានពលរដ្ឋជាច្រើននាក់ពុលស្រា កាលពីពេលថ្មីៗនេះ រហូតដល់មានមនុស្សស្លាប់ដោយសារការពុលស្រានេះ ៥នាក់ទៀតផង។
ដីការបស់ចៅក្រមស៊ើបសួរនៃសាលាខេត្តក្រចេះ លោក អេង ចំនាប់ បានបញ្ជាឲ្យសមត្ថកិច្ច នៃកម្លាំងសាធារណៈនាំខ្លួនជនដែលត្រូវចោទ មានឈ្មោះ កុច សុខហេង ទៅពន្ធនាគារខេត្តក្រចេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ចំណែកភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបង្ហាញដីកានេះ សហការអនុវត្តឲ្យបានល្អ ក្នុងករណីចាំបាច់។
កាលពីពេលថ្មីៗនេះ មានករណីពុលស្រានៅខេត្តក្រចេះ ដែលបង្កឲ្យមានអ្នករងគ្រោះ សរុបមានចំនួ៧៨នាក់ ស្រីចំនួន១៧នាក់ ។ មកដល់ថ្ងៃទី២០នេះ ពលរដ្ឋដែលធូរស្បើយចំនួន៤២នាក់ បានត្រឡប់ទៅផ្ទះវិញផងដែរ ខណៈចំនួនអ្នកស្លាប់កើនឡើង៥នាក់។ អ្នករងគ្រោះទាំងនោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយមិនមានការចំណាយប្រាក់ឡើយ។ នេះបើតាមលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ករណីពុលស្រានេះ បណ្ដាលមកពីអ្នកបិតស្រាខុសបច្ចេកទេស ធ្វើឲ្យមានជាតិមេតាណុល។ លោកបញ្ជាក់ថា អាចមកពីករណីមេស្រា ការផ្ងំបាយ និងការបញ្ចេញចំហាយស្រាមិនត្រូវតាមបច្ចេកទេសជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com