ជាតិ
សារព័ត៌មានថ្មីៗរៀបចំសិក្ខាសាលាស្តីពី Fake News វាគ្មិនដែលត្រូវចូលរួមក្នុងសិក្ខាសាលា
× សារព័ត៌មានអេឡិចត្រូនិកថ្មីៗ នឹងរៀបចំសិក្ខាសាលាមួយស្តីពីការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំនៅថ្ងៃទី២៥ខែតុលានេះ។ អ្នកកាសែត៣០នាក់នឹងត្រូវអញ្ជើញឲ្យចូលរួមសិក្សា និងពិភាក្សាជាមួយអ្នកជំនាញខ្មែរ និងបរទេស ដើម្បីទទួលបានចំណេះដឹងបន្ថែមលើប្រធានបទដែលពិភពលោកកំពុងតែខ្វាយខ្វល់នេះ។
អ្នកជំនាញជនជាតិអាមេរិក អ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជាចំនួន៤០នាក់នឹងជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
អ្នកកាសែតកម្ពុជាដែលធ្លាប់បានចូលរួមវេទិកាអន្តរជាតិក្នុងតំបន់ និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាននឹងចូលរួមចែករំលែកពិសោធន៍ និងចំណេះដឹងរបស់ពួកគេជាមួយសិក្ខាកាមជាអ្នកសារព័ត៌មាន។ លើសពីនេះទៀតសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអាមេរិក លោកស្រី Maggie Farley នឹងធ្វើបទឧទ្ទេសនាមមួយស្តីអំពីបច្ច័យអវិជ្ជមានពិតប្រាកដដែលបង្កដោយព័ត៌មានក្លែងបន្លំ ឬព័ត៌មានក្លែងក្លាយនេះ។ បន្ទាប់មក អ្នកសារព័ត៌មានបរទេសជនជាតិអូស្ត្រាលី និងជនជាតិបារាំងពីររូបក៏នឹងពន្យល់លំអិតអំពីបាតុភូតនៃព័ត៌មានក្លែងបន្លំនេះនៅតាមបណ្តាប្រទេសនៅអឺរ៉ុប និងនៅប្រទេសអភិវឌ្ឍផងដែរ។
លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗបានពន្យល់ថា ក្នុងនាមជាស្ថាប័នសារព័ត៌មានមួយដែលមានតួនាទីសំខាន់នៅក្នុងប្រទេសមួយ សារព័ត៌មានថ្មីៗបានមើលឃើញពីភាពចាំបាច់ដែលអ្នកកាសែតត្រូវមានចំណេះដឹង និងពិសោធន៍កាន់តែច្រើនទាក់ទងនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបាតុភូតព័ត៌មានក្លែងបន្លំដែលបង្កឲ្យមានចលាចលនៅក្នុងសង្គមមនុស្ស។ លោកបន្តថា ហេតុដូច្នេះហើយបានជា សារព័ត៌មានថ្មីៗខិតខំស្វែងការគាំទ្រពីស្ថាប័នផ្សេងៗដើម្បីស្វែងរកលទ្ធភាពរៀបចំធ្វើវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តីអំពីព័ត៌មានក្លែងបន្លំនេះ។
លោក លាង ដឺលុច បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖«បំណងរបស់សារព័ត៌មានថ្មីៗ ដែលចង់រៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តីពីប្រធានបទព័ត៌មានក្លែងបន្លំនេះ បានកើតឡើងចំពេលដែលស្ថានទូតសហរដ្ឋអាមេរិកបានឧបត្ថម្ភអ្នកកាសែតខ្មែរយើងមួយចំនួនឲ្យទៅចូលរួមក្នុងវេទិកាអន្តរជាតិនានាស្តីពីព័ត៌មានក្លែងក្លាយនេះ ហើយដែលស្ថានទូតក៏ចង់ឲ្យមានការចែករំលែកនូវអ្វីដែលអ្នកកាសែតយើងបានឮពីចំណេះដឹង និងពិសោធន៍នានាពីប្រទេសនានានោះ។ ម្យ៉ាងវិញទៀត វាក៏កើតឡើងចំពេលដែលសាស្ត្រាចារ្យជំនាញជនជាតិអាមេរិកនឹងទស្សនកិច្ចនៅកម្ពុជាក្នុងខែតុលានេះ ទើបយើងសម្រេចឈានដល់ការរៀបចំសិក្ខាសាលានេះឡើង»។
ទោះយ៉ាងនេះក្តី អគ្គនាយកនៃសារព័ត៌មានថ្មីៗបានអះអាងថា សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនេះ មិនអាចកើតមានតែមួយដង នៅពេលបាតុភូតនៃព័ត៌មានក្លែងបន្លំកំពុងវិវត្ត និងអាចកើតឡើងរៀងរាល់ពេល និងរាល់ថ្ងៃនោះ។ លោកបញ្ជាក់ថា សារព័ត៌មានថ្មីៗ មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលអប់រំបែបនេះឲ្យបានច្រើនជាពិសេសសម្រាប់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធនៅតាមបណ្តាខេត្ត។
វាគ្មិនកិត្តិយសផ្សេងៗរួមមាន លោក ង៉ែត ម៉ូសេ អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលនឹងធ្វើបទបង្ហាញស្តីពី «សុវត្ថិភាពអនឡាញសម្រាប់អ្នកសារព័ត៌មាន»។ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែត Khmer Times លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងលោក ផាក់ ស៊ាងលី អនុប្រធានក្រុមអ្នកសារព័ត៌មានកាសែតភ្នំពេញ ប៉ុស្តិ៍ នឹងចូលរួមពិភាក្សាស្តីពី «តួនាទីរបស់អ្នកកាសែត និងការីនិពន្ធកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ដើម្បីបង្កើនភាពជឿជាក់ដល់អ្នកអាន»។
ជាមួយគ្នានេះផងដែរ លោក Pierre Gillette អគ្គលេខាធិការក្រុមហ៊ុន Confirel និង PPM និងជាអតីតនិពន្ធនាយកកាសែតបារាំងកាំបូដស័រ នឹងពិភាក្សាវែកញែកពីមូលហេតុផ្សេងៗដែលអ្នកសារព័ត៌មានត្រូវចូលរួម និងខ្វល់ខ្វាយពីលំហូរព័ត៌មានក្លែងបន្លំ ដោយមានការសម្របសម្រួលដោយលោក សៅ ផលនិស្ស័យ និពន្ធនាយករងសារព័ត៌មានថ្មីៗ៕
Tag:
ព័ត៌មានក្លែងបន្លំ
ព័ត៌មានក្លែងក្លាយ
Fake News
ថ្មីៗ
ទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com