អន្តរជាតិ
ក្រុង​មូ​ស្គូ​ព្រមាន​ពី​គ្រោះមហន្តរាយ ពេល​អាមេរិក​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​
22, Oct 2018 , 9:39 pm        
រូបភាព
trump-putin-summit-in-helsinki
trump-putin-summit-in-helsinki
ដោយ:
​មួយថ្ងៃ​ក្រោយពី​សហរដ្ឋ​អាមេរិក​បានប្រកាស​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​អំឡុង​សម័យ​សង្គ្រាមត្រជាក់​ជាមួយ​រុស្ស៊ី  អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថា​ទង្វើ​នេះ​ជា​ជំហាន​ដ៏​គ្រោះថ្នាក់​បំផុត​។ មន្ត្រី​ទូត​រុស្ស៊ី​រូបនេះ ក៏បាន​លើកឡើងថា ទង្វើ​ដ៏​ល្ងីល្ងើ​របស់​អាមេរិក​នេះ អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​អន្តរជាតិ​ផងដែរ​។

 
​នៅ​ថ្ងៃទី​២១ ខែតុលា អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Ryabkov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ថា គម្រោង​ដើរ​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គ្រោង​នឹង​ប្រកាស​នោះ នឹង​ក្លាយជា​ជំហាន​ដ៏​អាក្រក់​បំផុត និង​អាច​បង្ក​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​សហគម​អន្តរជាតិ​។ 
 
​ត្រង់នេះ មន្ត្រី​ទូត​រុស្ស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា សន្ធិសញ្ញា​នេះ​មាន​សារៈ​សំខាន់បំផុត​សម្រាប់​សន្តិសុខ​អន្តរជាតិ និង​សន្តិសុខ​របស់​បណ្តា​មហាអំណាច​នុយក្លេអ៊ែរ ដែលជា​លំនឹង​មួយ​សម្រាប់​ស្ថិរភាព​យុទ្ធសាស្ត្រ​។ ជាមួយគ្នានេះ​លោក  Ryabkov បានលើកឡើង​ទៀតថា រុស្ស៊ី​ថ្កោលទោស សកម្មភាព​របស់​អាមេរិក​ដែល​លោក​បាន​ហៅ​ទង្វើ​នេះ ថា​ជាការ​ទទួលយក​ផលប្រយោជន៍​អ្វីមួយ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សម្លុត​គំរាម​។ 
 
​យោងតាម​ទីភ្នាក់ងារ  AFP  លោក  Ryabkov បាន​អះអាង​បែបនេះ​៖  «​ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ប្រព្រឹត្ត​ទង្វើ​ល្ងីល្ងើ ដោយ​សម្រេច​ដើរចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ដោយ​ឯកតោភាគី​នោះ យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ចាត់វិធានការ​តប​វិញ រួមមាន ការប្រើប្រាស់​បច្ចេកវិទ្យា​យោធា​ជាដើម​»​។ យ៉ាងណាមិញ លោក​បាន​បន្ថែមទៀត ក្រុង​មូ​ស្គូ​មិន​ចង់​ដើរ​ទៅដល់​ដំណាក់កាល​នោះឡើយ​។ 
 
​កាលពី​ថ្ងៃទី ២០ ខែតុលា លោក​ដូ​ណា​ល់ ត្រាំ បានប្រកាសថា​សហរដ្ឋ​អាមេរិក​គ្រោង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី ឬ​ហៅថា INF​។ កិច្ចព្រមព្រៀង​នេះដែរ​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៨៧ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក Ronald Reagan និង​អតីត​មេដឹកនាំ​សហភាពសូវៀត  Mikhail Gorbachev ។ 
 
​ជុំវិញ​គម្រោង​ដើរ​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ លោក ត្រាំ បាន​អះអាងថា រុស្ស៊ី​មិនបាន​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះឡើយ ដូច្នេះ​ក្រុង​វ៉ាស៊ីនតោន​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​តែម្តង​។ 
 
​យ៉ាងណាមិញ លោក Ryabkov បាន​ទាត់ចោល​ការចោទប្រកាន់​របស់លោក ដូ​ណា​ល់ ត្រាំ ។ លោក​ក៏បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ក្រុង​វ៉ាស៊ីនតោន​វិញ​រុស្ស៊ី​មិនបាន​ល្មើស​នឹង​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ​ទេ ។ ក្រៅពីនេះ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​រូបនេះ​ក៏បាន​ចោទប្រកាន់​វិញ​ថា អាមេរិក​ឯណោះ​ទេ​ជា​អ្នក​ដែល​បាន​ល្មើស​នឹង​សន្ធិសញ្ញា​នេះ​។ 
 
​ដោយឡែក ស្រប​ពេលដែល​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ​កាន់តែ​អាក្រក់​ដោយសារ​ឥរិយាបថ​អាមេរិក ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក  John Bolton បាន​ទៅដល់​ក្រុង​មូ​ស្កូ នៅ​ថ្ងៃទី​២១ ខែតុលា​ដើម្បី​ស្វះ​ស្វែងរក​ការពិភាក្សា​ជាមួយ​តំណាង​ក្រុង​មូ​ស្គូ​។ រុស្ស៊ី​ទំនងជា​នឹង​ស្នើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូ​ប​នេះ​បកស្រាយ​ឲ្យ​បានជា​ក់លាក់​ពី​ជំហរ​របស់ខ្លួន​ជុំវិញ​ការប្រកាស​ដកខ្លួន​ចេញពី​កិច្ច​ព្រៀង​ខាងលើ​ដែរ​៕ 
 

Tag:
 ​រុស្ស៊ី​
  សហរដ្ឋអាមេរិក​
  សន្ធិសញ្ញា​នុយក្លេអ៊ែរ​កម្រិត​មធ្យម​
© រក្សាសិទ្ធិដោយ thmeythmey.com