ភ្នំពេញ៖ សហភាអឺរ៉ុបនិងវៀតណាម បានយល់ព្រមជាមួយគ្នាថា នឹងលុបចោលនូវការយកពន្ធលើទំនិញគ្រប់យ៉ាង។ ភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងជាមួយគ្នាពីបញ្ហានេះរួចហើយ នឹងត្រៀមអនុវត្តក្នុងពេលខាងមុខ។
នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៨នេះ សហភាពអឺរ៉ុបនិងវៀតណាម បានរួមគ្នាបង្កើតកិច្ចព្រមព្រៀងមួយស្តីពី «ពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំងពីរ»។ សហភាពអឺរ៉ុប ប្រកាសថា នឹងប្រឹងប្រែងធ្វើការងារ លើកិច្ចព្រមព្រៀងនេះ ដើម្បីដាក់ចូលជាធរមានឲ្យបានឆាប់រហ័ស តាមតែអាចធ្វើទៅបាន។
បើតាមអត្ថបទព័ត៌មាន ដែលបង្ហោះលើ
គេហទំព័ររបស់គណៈកម្មាធិការសហភាពអឺរ៉ុប កិច្ចព្រមព្រៀងនេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច ដល់ភាគីទាំងពីរ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងខាងលើ បញ្ជាក់ថា វៀតណាម នឹងមិនបង់ពន្ធនោះទេ ពេលនាំទំនិញចូលទៅក្នុងទីផ្សារសហភាពអឺរុប ហើយសហភាពអឺរ៉ុប ក៏មិនត្រូវបង់ពន្ធដូចគ្នា ពេលនាំទំនិញទៅកាន់វៀតណាម។
«កិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងលុបបំបាត់ការយកពន្ធស្ទើរទាំងស្រុងលើទំនិញ ដែលភាគីទាំងពីរ នាំចូលទៅកាន់ទីផ្សារបស់គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព ការគោរពសិទិ្ធមនុស្ស សិទ្ធិការងារការការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។ នេះបើតាមអត្ថបទព័ត៌មាន លើគេហទំព័ររបស់គណៈកម្មាធិការសហភាពអឺរ៉ុប។
ប្រភពដដែល បានឲ្យដឹងថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាម ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេ របស់សហភាពអឺរ៉ុប បន្ទាប់ពីសិង្ហបុរី។ ពាណិជ្ជកម្មផ្នែកទំនិញរវាងសហភាពអឺរ៉ុបនិងវៀតណាម មានតម្លៃជិត៤៨ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។
ស្របពេលវៀតណាម ជិតនឹងទទួលអំណោយផលផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប កម្ពុជា បែរជាជួបភាពរកាំរកូសទៅវិញ។ សហភាពអឺរ៉ុប បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ដែលហៅកាត់ជាភាសាអង់គ្លេសថា EBA។
កម្ពុជា ដែលបច្ចុប្បន្ន បានរួចផុតពីការបង់ពន្ធ ក្នុងការនាំទំនិញចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប អាចនឹងត្រឡប់ទៅជាបង់ពន្ធវិញ បើសហភាពអឺរ៉ុប ពិតជាលុបចោលនូវប្រព័ន្ធអនុគ្រោះពន្ធ EBA មែននោះ។ ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញសេចក្តីសម្រេចមួយ ស្តីពីដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ នីតិវិធីនេះ ត្រូវចំណាយពេលដល់មួយឆ្នាំឯណោះ ទើបសហភាពអឺរ៉ុប សម្រេចជាផ្លូវការថា ដកឬមិនដក។
ដោយសារតែទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ទើបកម្ពុជា មិនត្រូវបង់ពន្ធ ពេលនាំទំនិញនិងផលិតផលគ្រប់មុខ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយលើកលែងតែអាវុធ។ កម្ពុជា ចំណេញប្រមាណ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ ពីប្រព័ន្ធអនុគ្រោះពន្ធ EBA។
បច្ចុប្បន្ន ប្រទេសក្នុងតំបន់អាស៊ាន មានតែកម្ពុជា មីយ៉ាន់ម៉ា និង ឡាវ ប៉ុណ្ណោះ ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប៕