ជាតិ
«លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ» ជាប្រធានបទរបស់ UN Day ឆ្នាំនេះ
× ភ្នំពេញ៖ ទិវាអង្គការសហប្រជាជាតិ (UN Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែតុលា ដើម្បីអបអរទិវារំលឹកខួបការបង្កើតអង្គការសហប្រជាជាតិ។ ឆ្នាំនេះ ទិវាអង្គការសហប្រជាជាតិ នឹងរៀបចំឡើងក្រោមប្រធានបទ៖«លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ»។
ទិវា UN day នៅឆ្នាំ២០១៨នេះ នឹងរៀបចំនៅថ្ងៃទី២៤ ខែតុលានេះ នៅទីតាំង Factory Phnom Penh ដែលស្ថិតនៅអគារលេខ ១១៥៩ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្រៅតែពីការចូលរួមអបអរទិវារំលឹកខួបការបង្កើតទិវាអង្គការសហប្រជាជាតិ ព្រឹត្តិការណ៍ UN DAY រៀបចំឡើង ដើម្បីផ្តល់ឱកាសដល់សាធារណជន ជាពិសេសគឺយុវជនកម្ពុជា បានទទួលចំណេះដឹង និងព័ត៌មានបន្ថែម អំពីគោលដៅអភិវឌ្ឍដោយចីរភាព(SDGs) និងបានស្វែងយល់ពីសកម្មភាពនានា ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និងបណ្តាដៃគូដទៃទៀត បាន និងកំពុងអនុវត្តនៅកម្ពុជា។
បន្ថែមពីនេះ ពួកគេនឹងទទួលបានការកម្សាន្តជាច្រើន និងការទស្សនាការបង្ហាញស្នាដៃរបស់យុវជនឆ្នើមៗ អំពីគម្រោងជ័យលាភីរបស់ពួកគេ ស្តីពីយុទ្ធនាការផ្សព្វផ្សាយពត៌មាន និងឃោសនា អំពីគោលដៅអភិវឌ្ឍដោយចីរភាព ទៅប្រជាជនកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន និងតំណាងអង្គការជាច្រើនដែលរួមមាន UNDP, UN Women, UNESCO, WFP, WHO, UNICEF, UNV, និងតំណាងពីអង្គការFAO ជាដើម នឹងអញ្ជើញជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នេះ។
ប្រធានបទដ៏សំខាន់ជាច្រើន នឹងត្រូវលើកយកបង្ហាញ និងពិភាក្សានៅក្នុងទិវានេះ រួមមានការចូលរួមរបស់យុវជន និងការលើកកម្ពស់ស្ត្រី,ភាពចម្រុះនៃសេចក្តីសេ្នហា,ការគ្រប់គ្រងថ្នាំជក់,អាជីវកម្ម,ថាមពលព្រះអាទិត្យ និងបំលាស់ប្តូរសង្គម និងគោលដៅប្រកបដោយចីរភាពជាដើម។
ក្រៅពីនេះយុវជនឆ្នើមៗមួយចំនួន ដែលកំពុងសិក្សានៅវិទ្យាល័យ និងមហាវិទ្យាល័យ ក៏នឹងចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់ពួកគេ លើការជ្រើសជំនាញសម្រាប់អនាគត និងការធ្វើការងារជាក់ស្តែងផងដែរ។
ដូច្នេះសូមកុំភ្លេច ចូលរួមដោយសេរី នៅក្នុងទិវាអង្គការសហប្រជាជាតិ ( UN DAY) នៅថ្ងៃទី២៤ ខែតុលានេះ ជាមួយយើងទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន ក៏ដូចជាការកម្សាន្តដ៏សម្បូរបែប៕
សូមចុចទីនេះ ដើម្បីមើលទីតាំងនៃការរៀបចំទិវាអង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com